ក្រុមព្យាបាលជួរមុខជំងឺអេបូឡានៅកុងហ្គោរៀបរាប់ពីបញ្ហាប្រឈមដែលពួកគេត្រូវបានសហគមន៍រើសអើង ហើយមិនហ៊ានត្រឡប់ទៅផ្ទះជួបជុំគ្រួសារបាន

កងទ័ពជួរមុខនៃស្ថានភាពផ្ទុះឡើងជំងឺអេបូឡា គឺក្រុមបុគ្គលិកសុខាភិបាលមិនត្រឹមតែរងផលប៉ះពាល់ដោយជំងឺអេបូឡានៅក្នុងមណ្ឌលសុខភាពដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានសហគមន៍របស់ពួកគេបដិសេធផងដែរ។ ចាប់តាំងពីផ្ទុះឡើងនៃជំងឺអេបូឡាក្នុងសហគមន៍របស់គាត់ លោកវេជ្ជបណ្ឌិត Jemima Mugisa អាយុ ៤០ ឆ្នាំ បានធ្វើការនៅតែក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡា ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងអង្គការមនុស្សធម៌ Alliance for International Medical Action ហៅកាត់ថា ALIMA។ នៅពេលដែលចាប់ផ្តើមផ្ទុះឡើងភ្លាមក្នុងខែឧសភា វាមិនងាយស្រួលនោះទេសម្រាប់គាត់។ កូនៗរបស់គាត់បានរអារគាត់នៅពេលដែលគាត់ត្រឡប់មកពីមន្ទីរពេទ្យវិញ។ លោក Mugisa បាននិយាយថា “នៅពេលដែលពួកគេ (ជាកុមារ) បានឮថាមានមនុស្សប៉ុន្មាននាក់បានស្លាប់ដោយសារជំងឺរាតត្បាតនេះ ពួកគេស្រាប់តែខ្លាចខ្ញុំ ហើយខ្ញុំផ្ទាល់ក៏ខ្លាចត្រឡប់ទៅរកក្រុមគ្រួសាររបស់ខ្ញុំវិញដោយខ្លួនឯងដែរ (ដោយសារខ្ញុំខ្លាចឆ្លងដល់ពួកគេជាយថាហេតុ) ប៉ុន្តែសម្រាប់ពេលនេះ អ្វីៗដំណើរការទៅដោយរលូនម្តងបន្តិចៗហើយ។ មិនមានការរាប់បញ្ចូលជាផ្លូវការនៃតួរលេខបុគ្គលិកសុខាភិបាលដែលបានឆ្លង ឬស្លាប់ដោយសារជំងឺអេបូឡានោះទេ ប៉ុន្តែនៅដើមស្ថានភាពដំបូងដែលផ្ទុះឡើង បុគ្គលិកសុខាភិបាលជាច្រើននាក់បានឆ្លងជំងឺនេះ។ ក្នុងចំណោមពួកគេបានជាសះស្បើយ ហើយយ៉ាងហោចណាស់បុគ្គលិកពេទ្យម្នាក់បានស្លាប់។ ការផ្ទុះឡើងនៃជំងឺអេបូឡានៅប្រទេសកុងហ្គោ និងអ៊ូហ្គង់ដា បានឆក់យកជីវិតមនុស្សជាង ២០០ នាក់ក្នុងខែដំបូងនៃស្ថានភាពដ៏តានតឹងរបស់វា ហើយវាជាករណីផ្ទុះឡើងដ៏អាក្រក់បំផុតដែលគេទទួលស្គាល់នៅដំណាក់កាលនោះដែរ ដោយមានអ្នកសង្ស័យថាមានទំនាក់ទំនងជាមួយជំងឺនេះរហូតដល់ ៣៥.០០០ នាក់ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺប្រចាំទ្វីបអាហ្វ្រិកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍នេះ។ ដោយមានករណីឆ្លងចំនួន ៨៩៤ ករណីរហូតមកដល់ពេលនេះ គឺអាក្រក់ជាងការផ្ទុះឡើងពីពេលមុនៗនៅប្រទេសអ៊ូហ្គង់ដាទៅទៀតកាលពីឆ្នាំ ២០០០ ដល់ទៅ៣ដងឯណោះ ដែលមានករណីឆ្លងសកម្មមានចំនួន ២៨១ ករណី៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ