សិស្សានុសិស្សនិងគ្រូបង្រៀនជិត៣០០នាក់! ត្រូវបានគេសង្រ្គោះទាន់ពេលក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះបន្ទប់សាលាបឋមសិក្សាមួយកន្លែងនៅទីក្រុងតូក្យូ

មន្ត្រីបាននិយាយថា សិស្សានុសិស្ស និងគ្រូបង្រៀនប្រហែលជា៣០០នាក់ត្រូវបានជម្លៀសចេញ ឬត្រូវបានគេជួយសង្គ្រោះអំឡុងពេលដែលមានអគ្គីភ័យឆាបឆេះឡើងនៅសាលាបឋមសិក្សាមួយកន្លែងក្នុងទីក្រុងតូក្យូនាព្រឹកថ្ងៃសុក្រនេះ។ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបាននិយាយថា អគ្គីភ័យដែលបានកើតឡើងនៅសាលាបឋមសិក្សា Takinogawa លេខ៣ បានឆាបឆេះនៅជិតបន្ទប់តន្ត្រីមួយនៅជាន់ខាងលើនៃអគារកម្ពស់៤ជាន់នៅព្រឹកនេះ។ នាយកដ្ឋានបាននិយាយថា ក្រុមពន្លត់អគ្គីភ័យបានជួយសង្គ្រោះគ្រូបង្រៀនម្នាក់ និងសិស្សសាលាជាច្រើននាក់ចេញពីអគារទាន់ពេលវេលា ដោយមានខ្លះរបួស ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេនោះ។ រូបភាពវីដេអូពីទូរទស្សន៍រដ្ឋបានបង្ហាញពីផ្សែងខ្មៅហុយចេញពីបង្អួចនៅជាន់ទី៤ ខណៈដែលក្រុមពន្លត់អគ្គីភ័យបានពន្លត់អគ្គីភ័យវាទាន់ពេលនៅកន្លែងកើតហេតុ មកជាមួយនឹងរថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿងត្រូវបានដាក់ពង្រាយភ្លាមៗដែរ។ នៅពេលដែលអគ្គីភ័យបានផ្ទុះឡើងមានអ្នកផ្សេងទៀតដែលនៅខាងក្នុងអគារ បាននាំគ្នារត់គេចទៅកាន់ឧទ្យានក្បែរខាងនោះដោយខ្លួនឯង ហើយបន្តជួយគ្នាដោយគ្មាននរណាម្នាក់ត្រូវទុកចោលនោះទេ ហើយមន្ត្រីបាននិយាយថា មូលហេតុនៃអគ្គីភ័យឆាបឆេះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយទេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ