កម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ (ACP4Climate) បានបើកដំណើរការជាផ្លូវការ ដើម្បីជំរុញការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅរកអភិបាលកិច្ចធនធានទឹកដែលធន់ មានបរិយាបន្ន និងនិរន្តរភាព

ស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី «ភាពជាដៃគូ អូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ (APC4Climate)» ដែលជាគំនិតផ្តួចផ្តើមចម្បងមួយក្នុងការគាំទ្រដល់អភិបាលកិច្ចទឹកដែលមានភាពធន់នឹងអាកាសធាតុ ការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងប្រទេសកម្ពុជា។

ពិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។

ឯកឧត្តម ដេរិក យីប មានប្រសាសន៍ថា «អូស្ត្រាលី គឺជាដៃគូដ៏ជិតស្និទ្ធរយៈពេលវែងរបស់កម្ពុជាក្នុងការគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព កំណើនសេដ្ឋកិច្ច និងការពង្រឹងភាពធន់។ កម្មវិធី ACP4Climate គឺជាជំពូកថ្មីមួយទៀតនៅក្នុងភាពជាដៃគូនេះ ក្នុងការជួយពង្រឹងអភិបាលកិច្ចទឹកគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះ និងកសាងភាពធន់ទៅនឹងអាកាសធាតុ»។
តាមរយៈកម្មវិធី ACP4Climate រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជាបានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងអាកាសធាតុរបស់កម្ពុជា តាមរយៈវិធីសាស្ត្រដែលដឹកនាំដោយសហគមន៍មូលដ្ឋានកិច្ចសហប្រតិបត្តិការ និងសកម្មភាពអាកាសធាតុប្រកបដោយបរិយាបន្ន។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ថោ ជេដ្ឋា បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយរដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីពង្រឹងភាពធន់នឹង ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រង ធនធានទឹកប្រកបដោយចីរភាព។ កម្មវិធី ACP4Climate នឹងជួយពង្រឹងការសម្របសម្រួលការរៀបចំផែនការ និងអភិបាលកិច្ចទឹកដែលធន់នឹងអាកាសធាតុដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ក៏ដូចជាសុខុមាលភាពរបស់ប្រជាជនផងដែរ»។

ធនធានទឹករបស់កម្ពុជា នៅតែជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ការធានាផលិតកម្មស្បៀង ថាមពល ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរាប់លាននាក់។ បច្ចុប្បន្ន កម្ពុជាកំពុងប្រឈមនឹងសម្ពាធដ៏ស្មុគស្មាញ ជាពិសេសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកើតមានឡើងញឹកញាប់ និងមានភាពមិនប្រាកដប្រជា។ ស្របពេលជាមួយគ្នានេះ តម្រូវការប្រើប្រាស់ទឹកសម្រាប់វិស័យកសិកម្ម ឧស្សាហកម្ម ការអភិវឌ្ឍទីក្រុង និងការប្រើប្រាស់ក្នុងគ្រួសារ ក៏កំពុងបន្តកើនឡើងយ៉ាងគំហុក ដែលត្រូវបានជះឥទ្ធិពលកាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ។

ដោយទទួលស្គាល់នូវស្ថានភាពជាក់ស្តែងនេះ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំ “ផែនទីបង្ហាញផ្លូវស្តីពីអភិបាលកិច្ចធនធានទឹកដែលធន់នឹងអាកាសធាតុនៅកម្ពុជា ឆ្នាំ២០២៥-២០៣០”។ ផែនទីបង្ហាញផ្លូវនេះ ជាយុទ្ធសាស្រ្តគន្លឹះដើម្បីពង្រឹងអភិបាលកិច្ចទឹក ការសម្របសម្រួលក្រសួង-ស្ថាប័ន និងការរៀបចំផែនការផ្អែកលើភស្តុតាង ដែលមានភាព ស៊ីសង្វាក់គ្នាជាមួយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ACP4Climate នឹងគាំទ្រដល់ក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីធ្វើប្រតិបត្តិការអាទិភាពសំខាន់ៗដែលមាននៅក្នុងផែនទីបង្ហាញផ្លូវអភិបាលកិច្ចធនធានទឹកដែលធន់នឹងអាកាសធាតុ ២០២៥-២០៣០ រួមទាំងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹកការកែលម្អផែនការដែលធន់នឹងអាកាសធាតុ និងការធ្វើសេចក្តីសម្រេច ព្រមទាំងការលើកកំពស់សមត្ថភាពស្ថាប័ននិងការលើកកម្ពស់ការចូលរួមក្នុងការគ្រប់គ្រងទឹក៕