ខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំលឹក និងឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីរំលឹក និងឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឱកាស «ទិវាជាតិនៃការចងចាំ ២០ ឧសភា» រួមទាំងមានការនិមន្ត-អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរក្រុង/ស្រុក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់យ៉ាងទម្ងន់របស់ប្រជាជនកម្ពុជា ហើយនេះមិនមែនជាការបង្កើតនូវការគុំកួននោះទេ ប៉ុន្តែជាការដាស់តឿនក្រើនរំលឹកដល់កូនខ្មែរគ្រប់រូប ពិសេសយុវជនជំនាន់ក្រោយ ឱ្យបានដឹងច្បាស់ពីប្រវត្តិសាស្ត្រដ៏ជូរចត់ និងរួមគ្នាថែរក្សាសន្តិភាព ដែលកំពុងមាននៅពេលបច្ចុប្បន្ន មិនឱ្យរបបខ្មៅងងឹតបែបនេះវិលត្រឡប់មកវិញជាដាច់ខាត។ ឯកឧត្តម សង្កត់ធ្ងន់ថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិខ្មែររហូតដល់ចំណុចសូន្យ ទាំងផ្នែកសេដ្ឋកិច្ច អប់រំ វប្បធម៌ និងសាសនា ដូចនេះការយល់ដឹងពីប្រវត្តិសាស្ត្រពិត គឺមានសារៈសំខាន់ណាស់ ដើម្បីបង្ការកុំឱ្យមានការញុះញង់ ឬការដឹកនាំប្រទេសជាតិឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាថ្មីម្តងទៀត។ ឯកឧត្តម រួមទាំងថ្នាក់ដឹកនាំខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងសន្តិភាពពេញលេញ ដែលធ្វើឱ្យខេត្តមណ្ឌលគិរី ក៏ដូចជាប្រទេសជាតិទាំងមូល មានឱកាសអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។
ឯកឧត្តម ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ រួមទាំងបងប្អូនជនជាតិដើមភាគតិចនៅក្នុងខេត្តទាំងអស់ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានខ្ពស់ ចូលរួមគោរពច្បាប់រដ្ឋ និងរួមគ្នាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដើម្បីជាការតបស្នងទៅនឹងការលះបង់របស់បុព្វបុរសជំនាន់មុន៕



