អបអរសារទរ! ប្រជាពលរដ្ឋចំនួន ៦ភូមិ ក្នុងក្រុងកំពង់សោម ទទួលបានសិទ្ធិដីធ្លីស្របច្បាប់ពីថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តព្រះសីព្រះសីហនុ
ខេត្តព្រះសីហនុ៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ យន្តការនៃការផ្តល់ភាពស្របច្បាប់ និងសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋនៅតែបន្តធ្វើឡើងយ៉ាងសកម្ម ដោយក្នុងនោះ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ត្រូវបានរៀបចំជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមមអធិបតីភាពរបស់ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរ មន្ត្រីរាជការជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម ឡៅ ទិព្វសីហា បានថ្លែងថា បណ្ណដែលចែកជូនប្រជាពលរដ្ឋនាពេលនេះមានចំនួន ២ ៤៨២បណ្ណ ក្នុងនោះចំនួន ២ ០៨៨បណ្ណ (អំណោយពីរដ្ឋ ,ពន្ធសូន្យ ,ទិញលក់បានបង់ពន្ធប្រថាប់ត្រារួច ) ដោយឡែកនៅសល់ ៣៩៤បណ្ណទៀត ពុំទាន់អាចចែកបាននៅឡើយ ព្រោះមានការពាក់ព័ន្ធនឹងការទិញលក់ត្រូវបង់ពន្ធប្រថាប់ត្រាសិន។ ចំពោះក្បាលដីតាមភូមិនីមួយៗ មានដូចខាងក្រោម សង្កាត់បឹងតាព្រហ្ម មានចំនួនសរុប ២,១៨៩បណ្ណ ក្នុងនោះ ភូមិបឹងជុំមានចំនួន ៦៣៩ក្បាលដី ភូមិភ្នំតូចមានចំនួន ៤៧១ក្បាលដី ភូមិទឹកចេញមានចំនួន ២៦៩ក្បាលដី ភូមិដូនលយមានចំនួន ៣៧៣ក្បាលដី និងភូមិបឹងតាព្រហ្មមានចំនួន ៤៣៧ក្បាលដី។
សង្កាត់អូរជ្រៅមានចំនួន ២៩៣បណ្ណ ក្នុងនោះ ភូមិអូរជ្រៅមានចំនួន ៤៤ក្បាលដី ភូមិស្រែចាមក្រោមមានចំនួន ៨៧ក្បាលដី ភូមិស្រែចាមលើមានចំនួន ១០៨ក្បាលដី និងភូមិស្រែក្នុងមានចំនួន ៥៤ក្បាលដី។
ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ និងបានផ្តាំផ្ញើឱ្យបងប្អូនត្រូវថែរក្សាប័ណ្ណនេះឱ្យបានល្អប្រសើរ ព្រោះវាជាឯកសារគតិយុត្តិដ៏មានតម្លៃ តំណាងឱ្យសិទ្ធិស្របច្បាប់ពេញលេញរបស់ម្ចាស់ដី ដែលមិនអាចនរណារំលោភបំពានបានឡើយ។
នៅក្នុងឱកាសនេះ គណៈអធិបតី បានអញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជាផ្លូវការជូនដល់ប្រជាពលរដ្ឋដែលមកពីភូមិចំនួន ៦ នៃសង្កាត់ទាំងពីរខាងលើ ការចែកប័ណ្ណនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដើម្បីធានានូវសុវត្ថិភាពគតិយុត្តិក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ កាត់បន្ថយទំនាស់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។
ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលប័ណ្ណកម្មសិទ្ធិផ្ទាល់ដៃ មានការរំភើបចិត្ត និងសប្បាយរីករាយយ៉ាងខ្លាំង។ ពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រសួងដែនដី អាជ្ញាធរខេត្ត ព្រមទាំងក្រុមការងារចុះបញ្ជីដីធ្លីទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារយ៉ាងសកម្ម មិនខ្លាចនឿយហត់ រហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់នាថ្ងៃនេះ ដែលធ្វើឱ្យពួកគាត់លែងមានការព្រួយបារម្ភលើបញ្ហាដីធ្លីទៀតហើយ៕

រូបភាព៖ សុខជា
អត្ថបទ៖ ស្រីមុំ


