ខេត្តព្រះសីហនុរៀបចំកិច្ចប្រជុំត្រៀមលក្ខណៈទទួលប្រតិបត្តិករទេសចរណ៍ចិន ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គណៈអភិបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍ (Tourism Fam Trip) សម្រាប់ប្រតិបត្តិករទេសចរណ៍ចិន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំតូចស្នាក់ការ ប.ជ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមការចូលរួមរបស់ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់តំណាងមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ព្រមទាំងតំណាងសមាគមទេសចរណ៍ និងវិស័យឯកជននានាក្នុងខេត្ត។

គោលបំណងនៃកិច្ចពិភាក្សារគឺ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ណែនាំ និងបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ ទាំងតំបន់ឆ្នេរ កោះ និងហេដ្ឋារចនាសម្ព័ន្ធទំនើបៗរបស់ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារទេសចរណ៍ចិន។ ការត្រៀមលក្ខណៈ និងកិច្ចសហការ ពិភាក្សាលើការរៀបចំខ្សែទស្សនកិច្ច សម្របសម្រួលសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូនឱ្យមានស្តង់ដារខ្ពស់ និងបដិសណ្ឋារកិច្ចល្អឯក។ ការពង្រឹងសន្តិសុខ និងសុវត្ថិភាព រៀបចំផែនការការពារសុវត្ថិភាពយ៉ាងម៉ត់ចត់ជូនដល់ប្រតិភូ និងប្រតិបត្តិករទេសចរណ៍ចិន ក្នុងកំឡុងពេលស្នាក់នៅ និងធ្វើទស្សនកិច្ចនៅក្នុងខេត្ត។

នៅក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ បានបញ្ជាក់ថា ទីផ្សារទេសចរណ៍ចិន គឺជាប្រភពចំណូលមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ។ ដូចនេះ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (Fam Trip) នេះ គឺជាឱកាសក្នុងការបង្ហាញពីមុខមាត់ថ្មី សក្តានុពលពិតប្រាកដ និងភាពទាក់ទាញរបស់ខេត្ត ដើម្បីឱ្យប្រតិបត្តិករទេសចរណ៍ចិនទាំងនោះ ជួយជម្រុញ និងនាំយកភ្ញៀវទេសចរចិនមកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនឡើងវិញ។ លោកក៏បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យកម្រិតខ្ពស់។
រូបភាព ៖ លោក អ៊ូ សុីថាត់
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ