ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត Sakoi អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន ដែលទទួលបន្ទុកជាប្រធានគ្រូពេទ្យ និងជាប្រធានមន្ត្រីសុខភាពសកល (Chief Medical & Global Health Officer) ក្នុងឱកាសមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ក្នុងជំនួបនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវអំណរគុណ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន អំពីកិច្ចសហការ កិច្ចសហប្រតិបត្តិការជាដៃគូរយូរអង្វែងស្ថិតស្ថេរ និងរួមគ្នាអភិវឌ្ឍន៍សុខាភិបាលកម្ពុជាមួយដែលមានភាពធន់ ឆ្លើយតបប្រកបដោយប្រសិទ្ធិភាពលើមាគ៌ាគ្របដណ្តប់សុខភាពសកល (Universal Health Coverage path)។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរំលឹកអំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងសុខាភិបាលកម្ពុជា រួមទាំងសមិទ្ធិផលរួមគ្នាលើការកាត់បន្ថយមរណភាពមាតា ទារក ការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវេជ្ជសាស្ត្រ ជំនាញគ្រប់គ្រង ដឹកនាំ ការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ពន្ធ័មន្ទីរពេទ្យជាដើម។
ឯកឧត្តមវេជ្ជបណ្ឌិត Sakoi បានផ្តល់ជូនការកោតសសើរដល់កម្ពុជា អំពីកិច្ចខិតខំក្នុងដំណើរឆ្លើយតបបានជាមួយការវិវត្តន៍សកល សេសផ្នែកសុខភាព ហើយដែលជប៉ុនបន្តខិតខំ តាមរយៈគម្រោងបណ្តុះបណ្តាលបន្តបន្ទាប់ និងវេទិកា (Forum) ដែលនឹងមកដល់ និងការពិនិត្យ ពិចារណាឆ្លុះបញ្ចាំងជាមួយកម្ពុជា អំពីការពង្រីកលំហ (physical space) និងការបម្រើសេវាសុខភាព (Health Services Provision)។ ឯកឧត្តមវេជ្ជបណ្ឌិត បានស្នើសុំជាគំនិតយោបល់ និងបទពិសោធន៍ (feedbacks) ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីបានជាធាតុចូលគ្រប់ជ្រុងជ្រោយលើមូលដ្ឋាននៃការត្រិះរិះពិចារណាខាងមុខ ពាក់ព័ន្ធទៅនឹងការធ្វើឱ្យកាន់តែប្រសើរ និងអមដំណើរការអនុវត្តន៍ការថែទាំសុខភាពជាសកល។
សូមគូសបញ្ជាក់ថា តាមសាវតាទំនាក់ទំនងកម្ពុជា និងជប៉ុន ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍សំខាន់មួយរបស់កម្ពុជាក្នុងវិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងគម្រោងផ្សេងៗ៕



