ក្រុមការងារបច្ចេកទេសមកពីក្រសួងស្ថាប័នពាក់ព័ន្ធបន្តពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្រ្តី សរុបចំនួន ៥០នាក់។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ក្នុងកម្រិតបច្ចេកទេស ជាពិសេសត្រង់ចំណុចដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានផ្ដល់ធាតុចូល ដើម្បីធានាសង្គតិភាពនៃបទប្បញ្ញត្តិច្បាប់។

នាឱកាសនោះ ឯកឧត្តម ហួត ស៊ីនាដ បានលើកឡើងអំពីភាពចាំបាច់នៃការរៀបចំសេចក្តីព្រាង «ច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ» ស្របតាមបទដ្ឋានអន្តរជាតិខាងការងារ និងឧត្តមានុវត្តន៍នៅក្នុងតំបន់អាស៊ាននិងបណ្តាប្រទេសអភិវឌ្ឍន៍ដែលបញ្ជាទិញទំនិញពីកម្ពុជា។ ឯកឧត្តម បានបន្ថែមថាច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារផ្ដោតសំខាន់លើការការពារសុវត្ថិភាពនិងសុខភាពរបស់បងប្អូនកម្មករនិយោជិត លើកកម្ពស់បរិយាកាសការងារល្អ និងបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។

ទន្ទឹមនេះ ឯកឧត្តម ក៏បានបញ្ជាក់ជូនអង្គប្រជុំអំពីកាតព្វកិច្ចរបស់កម្ពុជាពាក់ព័ន្ធនឹងការគោរពសិទ្ធិការងារ លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ក្នុងនាមជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ (ILO) តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគតិយុត្ត និងការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ។

ជាលទ្ធផល អង្គប្រជុំបានគាំទ្រក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ និងប្តេជ្ញាបន្តចូលរួមពិនិត្យ និងផ្តល់យោបល់ឱ្យបានគ្រប់ជ្រុងជ្រោយលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ៕