ក្រុមបាតុករបូលីវីបានដើរជាក្បួនតវ៉ាក្នុងរដ្ឋធានី ក្រោយពីប្រទេសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដើម្បីបន្ថែមភាពចលាចលដល់ប្រធានាធិបតីបច្ចុប្បន្ន Rodrigo Paz

អ្នកគាំទ្រអតីតប្រធានាធិបតីដ៏មានឥទ្ធិពលរបស់ប្រទេសបូលីវីលោក Evo Morales (អ៊ីវ៉ូ ម៉ូរ៉ាលែស) បានចូលរួមជាមួយចលនាតវ៉ាដែលរុញច្រានប្រទេសទៅរកវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងមួយអាណត្តិនេះ។ ការជួបជុំ និងការបិទផ្លូវដែលបានចាប់ផ្តើមជាងពីរសប្តាហ៍មុន បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំបំផុតរហូតមកដល់ពេលនេះសម្រាប់ប្រធានាធិបតី Rodrigo Paz (រ៉ូឌ្រីហ្គោ ផាស) ដែលជាមេដឹកនាំបក្សអភិរក្សនិយមដំបូងរបស់ប្រទេសបូលីវី បន្ទាប់ពីការគ្រប់គ្រងបក្សសង្គមនិយមជិតពីរទសវត្សរ៍មក។ បន្ទាប់ពីការដើរជាក្បួនរយៈពេល៦ថ្ងៃដោយឆ្លងកាត់ផ្លូវ Andes អ្នកគាំទ្រលោក Morales រាប់ពាន់នាក់ ដែលខ្លះកាន់ដំបងឌីណាមិត និងខ្សែពួរ បានប្រមូលផ្តុំគ្នានៅរដ្ឋធានី ជាទីកន្លែងដែលពួកគេត្រូវបានពើបប្រទះជាមួយនឹងប៉ូលីសបង្ក្រាបកុបកម្ម។ សម្លេងបំផ្ទុះនៃដំបងឌីណាមិតបានបន្លឺឡើងនៅក្នុងទីក្រុង La Paz។ កងកម្លាំងសន្តិសុខបានបាញ់តបវិញជាមួយនឹងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករដែលបានអំពាវនាវឱ្យរូបលោកប្រធានាធិបតីលាលែងចេញពីតំណែងត្រឹមតែ៦ខែប៉ុណ្ណោះបន្ទាប់ពីកាន់តំណែង។ លោក Paz បានឡើងកាន់តំណែងកាលពីឆ្នាំមុន ខណៈដែលរលកនៃមេដឹកនាំបក្សអភិរក្សនិយមដែលចងសម្ព័ន្ធភាពជាមួយរដ្ឋបាល Trump បានវាយលុកប្រទេសអាមេរិកឡាទីន។ ដោយ​ទទួល​រង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុតក្នុង​ប្រទេស​ក្នុង​រយៈពេល ៤០ ឆ្នាំមកនេះ លោកក៏​បានងើប​តស៊ូ​ដើម្បី​បំពេញ​បន្ថែម​នូវតម្រូវការប្រេងឥន្ធនៈ​ដ៏​កម្រ​របស់​ប្រទេស​បូលីវី ទប់ស្កាត់​ឱនភាព​ថវិកា​ដ៏​ច្រើន​របស់​ខ្លួន និង​ដោះស្រាយ​កង្វះខាត​ប្រាក់​ដុល្លារ​អាមេរិក ខណៈ​​លោកក៏​បាន​បន្ធូរបន្ថយ​ក្រុម​អ្នក​មាន​អំណាច​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក Morales ផងដែរ ដែលជាការ​រំខាន​ដល់​តំណែង​ប្រធានាធិបតី​របស់​លោក។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះដែរ រដ្ឋាភិបាល​របស់​លោក​បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​កម្មករ​រ៉ែ និង​គ្រូបង្រៀន​ដែល​បាន​យល់ព្រមគ្នាដើម្បីបញ្ចប់​ការ​តវ៉ា​របស់​ពួកគេ។ កាលពីថ្ងៃ​ចន្ទនេះដែរ លោក Roger Rider Mariaca Montenegro ជាអគ្គព្រះរាជអាជ្ញា​នៃ​ប្រទេស​បូលីវី​បាន​ប្រកាស​ថា ដីកា​ចាប់ខ្លួន​មួយ​ត្រូវ​បាន​ចេញមកហើយ ដើម្បី​ប្រឆាំង​នឹង​លោក Mario Argollo ជាមេដឹកនាំ​សហជីព​កណ្តាល​កម្មករ​បូលីវី ហៅកាត់ថា (COB)៕

សម្រួលអត្ថបទ៖ សុផារិន្ទ