ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តស្ទឹងសំរោង ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានដឹកនាំប្រតិភូមន្ត្រីរាជការក្រោមឱវាទ ព្រមទាំងអាជ្ញាធរខេត្តព្រះសីហនុ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តសំរោងសំរិទ្ធិរិទ្ធ (ហៅវត្តស្ទឹងសំរោង) ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ បានរួមគ្នារៀបចំទេយ្យទាន ចង្ហាន់ បច្ច័យ និងគ្រឿង ឧបភោគបរិភោគ វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើកិច្ចរាប់បាត្រ និងដារបង្សុកូលតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងគ្រូឧបជ្ឈាយាចារ្យ ដែលបានលាចាកលោក ក៏ដូចជាសម្តែងនូវកតញ្ញូកតវេទិតាធម៌ជូនដល់ដួងវិញ្ញាណក្ខន្ធ វីរកងទ័ព និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសមរភូមិដើម្បីការពារទឹកដី និងសន្តិភាពមាតុភូមិ។ ពិធីបុណ្យ នេះ មិនត្រឹមតែជាកាតព្វកិច្ចខាងជំនឿសាសនានិងការថែរក្សាវប្បធម៌ដូនតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានភ្ជាប់ទំនាក់ទំនងសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋផងដែរ។
បន្ទាប់ពីបញ្ចប់ពិធីកាន់បិណ្ឌ និងការអុជធូបរំលឹកគុណវីរយុទ្ធជនរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បានអញ្ជើញពិនិត្យមើលព្រះវិហារចាស់ទ្រុឌទ្រោមនៅក្នុងវត្តស្ទឹងសំរោង។ បើតាមសង្ឃដីការបស់ព្រះគ្រូចៅអធិការវត្ត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងចាត់ឱ្យក្រុមការងារជំនាញ ចុះមកពិនិត្យ និងសិក្សាវាយតម្លៃលើព្រះវិហារចាស់នេះជាក់ស្តែងដើម្បីរកដំណោះស្រាយជូនវត្តផងដែរ។
ក្នុងឱកាសនោះដែរ ព្រះគ្រូចៅអធិការវត្តបានមានសង្ឃដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តម សាយ សំអាល់ ព្រមទាំងប្រតិភូមន្ត្រីរាជការ និងថ្នាក់ដឹកនាំខេត្ត ដែលបានមកចូលរួមធ្វើឱ្យពិធីបុណ្យទាំងមូលប្រព្រឹត្តទៅដោយភាពអធិកអធម និងកក់ក្តៅបំផុត៕
អត្ថបទ/រូបភាព៖ ផូង ថៃ


