រដ្ឋបាលខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ១៤គ្រឿង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ខេត្តព្រះសីហនុ៖ ដើម្បីជួយសម្រួលដល់បន្ទុកចំណាយក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលនឹងត្រូវធ្វើដំណើរទៅ ឬមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ដើម្បីជួបជុំក្រុមគ្រួសារប្រកបដោយភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងសរុបចំនួន ៦០០គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
ឆ្លើយតបនឹងគោលការណ៍នេះ រដ្ឋបាលខេត្តព្រះសីហនុបានសហការយ៉ាងសកម្មជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយបានរៀបចំរថយន្តក្រុងចំនួន ១៤គ្រឿង ដាច់ដោយឡែកទៀត ដើម្បីបម្រើសេវាដឹកជញ្ជូនជូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើររវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ទីតាំងចំណតរថយន្តនៅខេត្តព្រះសីហនុ ស្ថិតនៅបរិវេណវេទិកា៧មករា (វិមានឯករាជ្យ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយឡែកទីតាំងចំណតរថយន្តនៅរាជធានីភ្នំពេញ ស្ថិតនៅស្ថានីយចំណតរថយន្តក្រុងទី ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស)។ រថយន្តក្រុងនឹងចាប់ផ្តើមចេញដំណើរជើងទី១ ពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ នៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ និងមានជើងរថយន្តទៅមកជាបន្ត បន្ទាប់ទៀតជារៀងរាល់ថ្ងៃក្នុងអំឡុងពេលផ្តល់សេវានេះ៕
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ


