កិច្ចប្រជុំក្រុមការងារ ម.ស.ម.ក ស្តីពីលទ្ធផលការងារប្រតិបត្តិការ ៩ខែ( មករា-កញ្ញា) និងលើកទិសដៅបន្តរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
នៅថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកណ្តាលCMAC ភ្នំពេញ មានរៀបចំកិច្ចប្រជុំក្រុមការងារ ម.ស.ម.ក ស្តីពីលទ្ធផលការងារប្រតិបត្តិការ ៩ខែ(មករា-កញ្ញា) ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពCMAC ព្រមទាំងបណ្តាកងឯកភាពកំចាត់មីន និងអង្គភាពក្រោមចំណុះទាំងអស់។
ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៦នេះ អង្គភាពCMAC បានសម្រេចលទ្ធផលប្រតិបត្តិការគួរជាទីមោទនៈ ដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានចំនួន ៣១៧ ចម្ការ ស្មើនឹងផ្ទៃដីសរុប ១១០,៨៦១,៧៥២ ម៉ែត្រការ៉េ (ក្នុងនោះផ្ទៃដីចម្ការមីន ៤៧,២៨៣,៨០១ ម៉ែត្រការ៉េ និងផ្ទៃដីចម្ការគ្រាប់ ៧៤,៨៤២,០០០ ម៉ែត្រការ៉េ)។ តាមរយៈប្រតិបត្តិការនេះ កម្លាំងជំនាញបានប្រមូលរករកឃើញ និងបំផ្លាញចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុប ៣២,៩៩៩ គ្រាប់ ព្រមទាំងបានចុះអន្តរាគមន៍ឆ្លើយតបភ្លាមៗទៅនឹងសំណើបន្ទាន់ (EOD Calls) របស់ប្រជាពលរដ្ឋបានចំនួន ៥,៩០៣ សំណើ។
ដោយឡែកសម្រាប់ការងារស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបន្សល់ទុកពីការឈ្លានពានរបស់សៀមកាលពីឆ្នាំ២០២៥ កន្លងទៅ អង្គភាពCMAC បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះប្រតិបត្តិការយ៉ាងសកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ទាំង៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងសៀមរាប។ ជាលទ្ធផល កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកឃើញភូមិសង្ស័យចំនួន ៣៣៥ភូមិ និងរកឃើញតំបន់សំណល់សង្គ្រាមសរុបចំនួន ៥,៤០៩ ពហុកោណ ស្មើនឹងផ្ទៃដី ៣,៨៦៨,៨០១,៤៥២ ម៉ែត្រការ៉េ ផ្ទៃដីទាំងនោះរួមមាន តំបន់ប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ស.ផ.ស ផ្សេងៗ ៤,២៤៤ កន្លែង, តំបន់ប៉ះពាល់ដោយគ្រាប់ទម្លាក់ MK ៨៧ កន្លែង, និងតំបន់សហគមន៍ទូទៅ ១,០៧៨ កន្លែង។
សូមជម្រាបថា ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាប្រឈមធំៗ និងឧបសគ្គមួយចំនួន ក្នុងដំណើរការប្រតិបត្តិការយ៉ាងណាក្តី ក៏ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងកម្លាំងពហុជំនាញទាំងអស់នៃអង្គភាពCMAC នៅតែបន្តរក្សាស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុត។ ក្នុងទិសដៅទៅមុខ អង្គភាពបាននិងកំពុងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ក្នុងការបន្តពង្រឹងសមត្ថភាពបច្ចេកទេស ធ្វើទំនើបកម្មឧបករណ៍សម្ភារ និងអភិវឌ្ឍធនធានមនុស្សបន្ថែមទៀត ដើម្បីជម្នះរាល់ការលំបាក ឆ្ពោះទៅសម្រេចឱ្យបាននូវសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលុបបំបាត់ហានិភ័យទាំងស្រុង និងធានាបាននូវសុខសុវត្ថិភាព ស្ថិរភាព ព្រមទាំងភាពសុខសាន្តពិតប្រាកដជូនប្រជាពលរដ្ឋគ្រប់រូប ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារឱ្យកាន់តែខ្ពស់ និងស្របតាមសន្ទុះនៃការរីកចម្រើន អង្គភាពបានដាក់ចេញនូវយុទ្ធសាស្ត្របន្តធំៗ ដោយផ្តោតសំខាន់លើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍
បច្ចេកវិទ្យា ព្រមទាំងការធ្វើទំនើបកម្មបច្ចេកវិទ្យានិងនវានុវត្តន៍ ដើម្បីបង្កើនល្បឿន និងសុវត្ថិភាពក្នុងប្រតិបត្តិការ។ បន្ថែមលើនេះ អង្គភាពក៏បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ ដែលជាសសរស្តម្ភយ៉ាងសំខាន់ ក្នុងការគាំទ្រដល់បេសកកម្មរំដោះដីធ្លីជូនប្រជាពលរដ្ឋឱ្យសម្រេចបានជោគជ័យតាមផែនការ៕


