អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីកិច្ចប្រជុំ “ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” លើកទី២ អាណត្តិទី២

នាព្រឹកថ្ងៃទី៩ ខែតុលា គ.ស.២០២៦, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២ អាណត្តិទី២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងលោក ដែលជាអនុប្រធាន និង សមាជិក-សមាជិកា នៃក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈ ដូចខាងក្រោម៖

របៀបវារៈទី១. សេចក្ដីព្រាងអនុក្រឹត្យស្ដីពី «វិធានទូទៅ និងយន្ដការសម្រាប់គ្រប់គ្រងការអនុវត្តការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ដជាកាតព្វកិច្ច» របស់និយ័តករធានារ៉ាប់រងកម្ពុជា

និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “វិធានទូទៅ និងយន្ដការសម្រាប់គ្រប់គ្រងការអនុវត្តការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ដជាកាតព្វកិច្ច” ដោយកំណត់វិធានទូទៅ និង យន្តការគ្រប់គ្រងការអនុវត្តការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ដជាកាតព្វកិច្ច ព្រមទាំងការបង្កើតមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រង សំដៅធានាប្រសិទ្ធភាពនៃការផ្ដល់សេវាធានារ៉ាប់រង និងការផ្ដល់សំណងជូនតតិយជនដែលរងទទួលរងការខូចខាតបណ្ដាលមកពីយានយន្ដដែលមានការធានារ៉ាប់រងជាកាតព្វកិច្ច។ សេចក្ដីព្រាងអនុក្រឹត្យនេះមាន ១១ជំពូក និងត្រូវបានបែងចែកចេញជា ៣៥មាត្រា ដោយមានវិសាលភាពអនុវត្តចំពោះយានយន្ដដែលត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវជាកាតព្វកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងយានយន្ដឆ្លងកាត់ព្រំដែនចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានផ្ដល់ការឯកភាពជាគោលការណ៍លើសេចក្ដីព្រាងអនុក្រឹត្យនេះ និងបានណែនាំឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា បន្តពិនិត្យ និងកែសម្រួលទម្រង់ និងខ្លឹមសារស្របតាមមតិយោបល់ និងសេចក្ដីសម្រេចរបស់អង្គប្រជុំ មុននឹងដាក់ឆ្លងនីតិវិធីបន្ត។

របៀបវារៈទី២. សេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ប្រភេទយានយន្ដដែលត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ដជាកាតព្វកិច្ច» របស់និយ័តករធានារ៉ាប់រងកម្ពុជា

និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ប្រភេទយានយន្ដដែលត្រូវមាន

ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ដជាកាតព្វកិច្ច” ដើម្បីកំណត់ប្រភេទយានយន្ដដែលត្រូវមានការធានារ៉ាប់រងភារៈទទួលខុសជាកាតព្វកិច្ច សំដៅជំរុញការអនុវត្តការធានារ៉ាប់រងឱ្យមានប្រសិទ្ធភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីព្រាងអនុក្រឹត្យនេះ មាន ៤ជំពូក និងត្រូវបានបែងចែកចេញជា ៧មាត្រា ដោយ មានវិសាលភាពអនុវត្តចំពោះម្ចាស់យានយន្ដដែលត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវជាកាតព្វកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានផ្ដល់ការឯកភាពជាគោលការណ៍លើសេចក្ដីព្រាងអនុក្រឹត្យនេះ និងបានណែនាំឱ្យនិយ័តករធានារ៉ាប់រងកម្ពុជាបន្តកែសម្រួលខ្លឹមសារស្របតាមមតិយោបល់ និងសេចក្ដីសម្រេចរបស់អង្គប្រជុំ មុននឹងដាក់ឆ្លងនីតិវិធីបន្ត។

របៀបវារៈទី៣. សេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ការបង្កើតមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រងជាបរធនបាលកិច្ច» របស់និយ័តករធានារ៉ាប់រងកម្ពុជា

និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ការបង្កើតមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រងជាបរធនបាលកិច្ច” ដើម្បីបង្កើតមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រងជាបរធនបាលកិច្ច សម្រាប់កៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់ សំដៅគាំទ្រការអភិវឌ្ឍវិស័យធានារ៉ាប់រង និងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារប្រយោជន៍នៃការធានារ៉ាប់រង។ មូលនិធិនេះ មានគោលបំណង គាំទ្រការផ្តល់សំណងធានារ៉ាប់រងដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងករណីយានយន្តបង្កហេតុមិនមានការធានារ៉ាប់រង យានយន្តបង្កហេតុជាផលនៃអំពើចោរកម្ម ឬមិនអាចកំណត់អត្តសញ្ញាណយានយន្តបង្កហេតុបាន។ សេចក្ដីព្រាងអនុក្រឹត្យនេះមាន ៧ជំពូក និងត្រូវបានបែងចែកចេញជា ២៣មាត្រា ដោយមានវិសាលភាពអនុវត្តចំពោះសកម្មភាពទាក់ទងនឹងការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់មូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រង។

ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានផ្ដល់ការឯកភាពជាគោលការណ៍លើសេចក្ដីព្រាងអនុក្រឹត្យនេះ និងបានណែនាំឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា បន្ដកែសម្រួលខ្លឹមសារស្របតាមមតិយោបល់ និងសេចក្ដីសម្រេចរបស់អង្គប្រជុំ មុននឹងដាក់ឆ្លងនីតិវិធីបន្ត។

អង្គប្រជុំបានបិទបញ្ចប់សម័យប្រជុំលើកទី២ អាណត្តិទី២ នៅវេលាម៉ោង ១៣ និង ០០នាទីរសៀល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។