ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦

កាលពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រកួតនេះមានការចូលរួមពីប្រតិភូកីឡាការ៉ាតេមកពីក្រសួង រាជធានី-ខេត្ត ចំនួន ៦ក្រុម ដែលមានកីឡាករ កីឡាការិនី គ្រូបង្វឹក និងថ្នាក់ដឹកនាំក្រុម សរុប ១២៥នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានរំលេចពីការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាស វ័យ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេចបាននាំមកនូវសន្តិភាពពេញលេញជូនកម្ពុជាតាម រយៈនយោបាយឈ្នះ ឈ្នះ។ ក្នុងអាណត្តិទី៧នៃរដ្ឋសភានេះ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដើម្បីទ្រទ្រង់ដល់កំណើន និងការអភិវឌ្ឍន៍ ដែលក្នុងនោះវិស័យអប់រំ និងកីឡាក៏ត្រូវបានចាត់ទុកជាវិស័យអាទិភាពផងដែរ។
ក្នុងនាមសហព័ន្ធកីឡាការ៉ាតេកម្ពុជា ឯកឧត្តមបានផ្តល់អនុសាសន៍តម្រង់ទិសចំនួន៤ ដូចខាងក្រោម៖
១. សូម ក្លឹបការ៉ាតេជាសមាជិកតាមរាជធានី-ខេត្ត និងក្រសួងស្ថាប័ននានា ត្រូវបន្តខិតខំអភិវឌ្ឍកីឡាការ៉ាតេ ទាំងបរិមាណសិស្សគុនការ៉ាតេ និងគុណភាពបច្ចេកទេស ដើម្បីត្រៀមចូលរួមប្រកួតកីឡាការ៉ាតេក្នុងព្រឹត្តិការណ៍កីឡាផ្សេងៗនាពេលខាងមុខ ជាពិសេសកីឡាយុវជនអាស៊ីឆ្នាំ២០៣១ ឱ្យទទួលបានជោគជ័យ។
២. សូមបន្តពង្រឹងយន្តការគ្រប់គ្រង ដឹកនាំក្លឹបផ្អែកលើគោលការណ៍អភិបាលកិច្ចល្អ អភិវឌ្ឍធនធានមនុស្សសំបូរបែប និងដណ្តើមឧត្តមភាពបច្ចេកទេសដល់ក្លឹបរបស់ប្អូន។
៣. ត្រូវរៀបចំការអភិវឌ្ឍកីឡាករ កីឡាការិនីការ៉ាតេវ័យក្មេង ដោយត្រូវមានរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់ ហើយប្រមូលកីឡាករ កីឡាការិនីវ័យក្មេងមានទេពកោសល្យល្អ មកគ្រប់គ្រងអភិវឌ្ឍជំនាញវិជ្ជាជីវៈការ៉ាតេឱ្យមានគុណផលកីឡាការ៉ាតេកាន់តែខ្ពស់ និងអាចឈានទៅចូលរួមក្នុងក្រុមជម្រើសជាតិឱ្យបានច្រើន។
៤. សូមគ្រប់ក្លឹប កីឡាករ និងកីឡាការិនីទាំងអស់ត្រៀមចូលរួមគ្រប់កម្មវិធីប្រកួតកីឡាការ៉ាតេ រៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ជាពិសេសឆ្នាំក្រោយ២០២៧ សហព័ន្ធនឹងរៀបចំការប្រកួតកីឡាការ៉ាតេពានរង្វាន់ “ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា” ដើម្បីបង្កើនបទពិសោធន៍ និងស្វែងរកធនធានកីឡាថ្មីៗផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភគាំទ្រឱ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអរគុណដល់ប្រតិភូកីឡាគ្រប់ក្លឹបមកពីក្រសួង និងរាជធានី-ខេត្ត បានចូលរួមប្រកួតដោយភាពជឿជាក់លើការរៀបចំប្រកួតរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជានាពេលនេះ។
ទន្ទឹមនឹងនោះ ឯកឧត្តមក៏ថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា ពិសេសអាជ្ញាកណ្តាល-ចៅក្រម ដែលបានខិតខំប្រឹងប្រែងដឹកនាំការប្រកួតឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ និងអបអរសាទរ ដល់កីឡាករ កីឡាការិនីជ័យលាភី ក៏ដូចជាលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលមិនដណ្តើមបានមេដាយ ឱ្យខិតខំហាត់ហ្វឹកហ្វឺនបន្តទៀត ដើម្បីដណ្តើមបានមេដាយនៅលើកក្រោយៗទៀត។