លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី អញ្ជើញក្នុងពិធីបិទ «ទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៦» និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកសកម្មនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ។
ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ «ទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៦» និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកសកម្មនៃសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) កាលពីរសៀលថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ស្ត្រីជាប្រភពនៃកំណើន ប្រកបដោយចីរភាព» ដើម្បីលើកកម្ពស់តួនាទី និងកម្លាំងសហគ្រិនភាពស្ត្រីក្នុងសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម CWEA ក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ។ លោកជំទាវបានគូសបញ្ជាក់យ៉ាងច្បាស់ថា «ស្ត្រីមិនមែនត្រឹមតែជាអ្នកទទួលផលពីការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករនៃការអភិវឌ្ឍ» ដោយបានបន្ថែមថាក្រុមហ៊ុន និងរដ្ឋាភិបាលដែលវិនិយោគលើស្ត្រី គឺជាការវិនិយោគដ៏វៃឆ្លាតបំផុតសម្រាប់ធានាអនាគតសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់ជាតិ។
ដើម្បីតម្រង់ទិស និងបន្តជំរុញវិស័យសហគ្រិនភាពស្ត្រីឱ្យកាន់តែរីកចម្រើន លោកជំទាវរដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍គន្លឹះចំនួន ៤ ចំណុចរួមមាន៖
ចំណុច ពង្រឹងបណ្តាញសហគ្រិន៖ ពង្រីកសមាជិកភាព CWEA ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធានាសមភាពក្នុងការទទួលបានព័ត៌មាន បច្ចេកវិទ្យា និងទីផ្សារ។
ចំណុច ចាប់យកឌីជីថល៖ ជំរុញការប្រើប្រាស់ E-commerce និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែងក្នុងអាជីវកម្ម។
ចំណុច ជំរុញអាជីវកម្មបៃតង៖ អនុវត្តគំរូធុរកិច្ចដែលគិតគូរពីបរិស្ថាន ប្រសិទ្ធភាពធនធាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ចំណុច ក្លាយជា «សហគ្រិនជំនាន់ថ្មី»៖ បង្កើនភាពច្នៃប្រឌិត ពង្រឹងស្តង់ដារ គោរពប្រតិបត្តិតាមគុណធម៌អាជីវកម្ម និងរក្សាស្មារតីសហគ្រិនដើម្បីរួមចំណែកអភិវឌ្ឍសង្គម។
ជាមួយគ្នានេះ លោកជំទាវកិត្តិបណ្ឌិតក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងសហគ្រិនទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី គឺ «ភូមិហ្វ្រង់កូហ្វូនី» និង «ហ្វ្រង់កូតិច» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ព្រឹត្តិការណ៍នេះ គឺជាឱកាសមាសសម្រាប់សហគ្រិនស្ត្រីកម្ពុជា ក្នុងការនាំយកផលិតផល សេវាកម្ម និងស្នាដៃនវានុវត្តន៍ទៅដាក់តាំងបង្ហាញ និងផ្សព្វផ្សាយលើទីផ្សារតំបន់ និងពិភពហ្វ្រង់កូហ្វូនីទាំងមូល៕


