ពិធីពិសាអាហារសាមគ្គីជួបជុំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងដែលមកពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ដោយមិនគិតថ្លៃ។
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកជំទាវ យី សុភា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីអាហារសាមគ្គីដើម្បីថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងដែលជាសមាគម «ដើម្បីភ្នែកពិភពលោក» (Pour Les Yeux du Monde) បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក ដើម្បីផ្ដល់ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។
ពិធីនេះធ្វើឡើងនៅគេហដ្ឋានរបស់ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ស្ថិតនៅភូមិសំរិទ្ធិជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក វន ស៉ីផា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រដ្ឋបាលឃុំកំពង់ត្រឡាច ឃុំតាជេស និងក្រុមការងារ។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលតែងតែចុះមកពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកំពង់ត្រឡាចជារៀងរាល់ឆ្នាំ។ ឯកឧត្តមបណ្ឌិត បានបន្តថា សកម្មភាពនេះ មិនត្រឹមតែបានជួយរំដោះទុក្ខលំបាក និងស្តារពន្លឺភ្នែកជូនប្រជាពលរដ្ឋក្រីក្រ និងមនុស្សចាស់ជរាក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានោះ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម «Pour Les Yeux du Monde» ក៏បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងរៀបចំការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពេលនេះ ហើយក្រុមការងារបានប្តេជ្ញានឹងបន្តបេសកកម្មមនុស្សធម៌នេះជួយដល់ប្រជាពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ទៀត។
ពិធីពិសាអាហារសាមគ្គីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង៕


