ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ «Great ASEAN CSR Business Award 2026»
ភ្នំពេញ៖ ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ «Great ASEAN CSR Business Award 2026» នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងធុរកិច្ច សហគ្រិន អ្នកវិនិយោគ ថ្នាក់ដឹកនាំស្ថាប័ន និងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសនានា។
លោកបណ្ឌិត ហ៊ាង វុត្ថា ប្រធានសមាគមសហគ្រិនសកល ១% និងជាសហប្រធានគណៈកម្មការរៀបចំកម្មវិធី «Great ASEAN CSR Business Award 2026» បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះមានគោលបំណងបង្ហាញការកោតសរសើរ និងទទួលស្គាល់ចំពោះម្ចាស់អាជីវកម្ម សហគ្រិន ថ្នាក់ដឹកនាំ សិល្បករ អ្នកសម្តែង និងសហគមន៍ ដែលបានបង្ហាញការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសុខុមាលភាពសហគមន៍នៅទូទាំងតំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ។
លោកបានបញ្ជាក់ថា ពានរង្វាន់នេះមិនត្រឹមតែជាការទទួលស្គាល់សមិទ្ធផល និងឧត្តមភាពក្នុងវិស័យធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាជំរុញការកសាងបណ្តាញទំនាក់ទំនង កិច្ចសហការ និងការចែករំលែកបទពិសោធន៍រវាងធុរជន ដើម្បីរួមគ្នាលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសុខុមាលភាពសង្គម។
ដោយឡែក លោក Brandon J. Keam ស្ថាបនិក និងជាប្រធានក្រុមហ៊ុន ESG IN ព្រមទាំងជាសហប្រធានគណៈកម្មការរៀបចំកម្មវិធី បានគូសបញ្ជាក់ថា ភាពជោគជ័យនៃអាជីវកម្មមិនគួរត្រូវបានវាស់វែងត្រឹមតែលទ្ធផលហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែត្រូវពិចារណាផងដែរលើផលវិជ្ជមានដែលអាជីវកម្មបានបង្កើតឡើងសម្រាប់បុគ្គលិក សហគមន៍ បរិស្ថាន និងសង្គម។
លោកបានពន្យល់ថា CSR និង ESG មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយ CSR ជំរុញឱ្យអាជីវកម្មចូលរួមចំណែកជាវិជ្ជមានដល់សង្គម ខណៈ ESG ជាក្របខ័ណ្ឌសម្រាប់គ្រប់គ្រង និងវាស់វែងការទទួលខុសត្រូវទាំងនោះឱ្យក្លាយជាលទ្ធផលជាក់ស្តែង។ លោកក៏បានលើកទឹកចិត្តឱ្យសហគ្រិន និងម្ចាស់អាជីវកម្មគ្រប់ទំហំ រួមទាំងសហគ្រាសធុនតូច និងមធ្យម អនុវត្តគោលការណ៍ ESG តាមរយៈសកម្មភាពជាក់ស្តែង ដូចជាការគោរពសិទ្ធិបុគ្គលិក កាត់បន្ថយកាកសំណល់ គាំទ្រសហគមន៍មូលដ្ឋាន និងធ្វើអាជីវកម្មប្រកបដោយតម្លាភាព និងសុចរិតភាព។
លោកបានបន្ថែមថា ការទទួលស្គាល់តាមរយៈពានរង្វាន់មិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការប្តេជ្ញាចិត្តកាន់តែខ្ពស់ក្នុងការបង្កើតផលវិជ្ជមានដល់សង្គម។ ភាពជោគជ័យពិតប្រាកដនៃអាជីវកម្ម គឺមិនត្រឹមតែអាស្រ័យលើទ្រព្យសម្បត្តិដែលបង្កើតបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើសមត្ថភាពក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការបន្សល់ទុកនូវអនាគតល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តម ហ៊ីវ ជននាថ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីប្រគល់ពានរង្វាន់នេះ ដែលជាវេទិកាដ៏មានសារៈសំខាន់ក្នុងការទទួលស្គាល់ និងលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រិន និងស្ថាប័ននានា ដែលបានបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសហគមន៍។
ឯកឧត្តមបានគូសបញ្ជាក់ថា ការរីកចម្រើននៃវិស័យធុរកិច្ចមិនគួរផ្តោតតែលើការបង្កើនប្រាក់ចំណេញ និងកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវដើរទន្ទឹមគ្នាជាមួយការទទួលខុសត្រូវចំពោះសង្គម ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការការពារបរិស្ថាន ព្រមទាំងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការរីកចម្រើននៃវិស័យឯកជនគួរតែបង្កើតបាននូវផលប្រយោជន៍ជាក់ស្តែងទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដើម្បីធានាឱ្យការអភិវឌ្ឍមានភាពបរិយាបន្ន និងប្រកបដោយចីរភាព។
ឯកឧត្តមបានបន្ថែមថា ការអនុវត្តគោលការណ៍ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) និងអភិបាលកិច្ច បរិស្ថាន និងសង្គម (ESG) គឺជាកត្តាសំខាន់ក្នុងការកសាងទំនុកចិត្តពីសាធារណជន ដៃគូអាជីវកម្ម និងអ្នកវិនិយោគ ព្រមទាំងជួយធានាឱ្យការរីកចម្រើននៃវិស័យឯកជនមានភាពរឹងមាំ និងមាននិរន្តរភាព។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់សហគ្រិន និងម្ចាស់អាជីវកម្មទាំងអស់ឱ្យបន្តពង្រឹងស្មារតីទទួលខុសត្រូវចំពោះសង្គម តាមរយៈសកម្មភាពជាក់ស្តែង ដូចជាការផ្តល់លក្ខខណ្ឌការងារសមរម្យ ការគោរពសិទ្ធិបុគ្គលិក ការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ការគាំទ្រសហគមន៍មូលដ្ឋាន និងការប្រកបអាជីវកម្មដោយតម្លាភាព សុចរិតភាព និងគណនេយ្យភាព។
ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញជំនឿថា កម្មវិធីប្រគល់ពានរង្វាន់ «Great ASEAN CSR Business Award 2026» មិនត្រឹមតែជាការផ្តល់កិត្តិយសដល់ស្ថាប័ន និងបុគ្គលដែលមានស្នាដៃឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏ល្អសម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងធុរជនក្នុងតំបន់ ជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសង្គម និងបរិស្ថាននាពេលបច្ចុប្បន្ន និងអនាគត។
ពិធីប្រគល់ពានរង្វាន់ «Great ASEAN CSR Business Award 2026» បានបង្ហាញពីការយកចិត្តទុកដាក់របស់វិស័យធុរកិច្ចក្នុងការភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយទំនួលខុសត្រូវសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់អាស៊ាន៕


