ឯកឧត្តម ហ៊ីវ ជននាថ៖ ការរីកចម្រើនរបស់ធុរកិច្ចមិនត្រូវវាស់ត្រឹមតែប្រាក់ចំណេញទេ តែត្រូវគិតគូរពីការរួមចំណែកដល់សង្គម និងប្រកាន់ខ្ជាប់តម្លាភាពព័ត៌មាន និងការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ។

ភ្នំពេញ៖ ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌ មាន បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ធុរកិច្ចមិនគួរត្រូវបានវាស់វែងត្រឹមតែសមិទ្ធផលហិរញ្ញវត្ថុ និងប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវឆ្លុះបញ្ចាំងតាមរយៈការទទួលខុសត្រូវចំពោះសង្គម បរិស្ថាន ការប្រកាន់ខ្ជាប់ក្រមសីលធម៌ តម្លាភាព និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវផងដែរ។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ «Great ASEAN CSR Business Award 2026» នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងធុរកិច្ច អ្នកវិនិយោគ និងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសនានា។

ឯកឧត្តម ហ៊ីវ ជននាថ បានលើកឡើងថា ពានរង្វាន់នេះមិនត្រឹមតែជាវេទិកាទទួលស្គាល់ឧត្តមភាពក្នុងវិស័យធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំពោះសហគ្រាស និងអ្នកដឹកនាំដែលប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវសង្គម ក្រមសីលធម៌វិជ្ជាជីវៈ ការប្តេជ្ញាចិត្តចំពោះសហគមន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចសកល វិស័យធុរកិច្ចទទួលបានឱកាសរីកចម្រើនកាន់តែធំធេង ប៉ុន្តែក៏មានទំនួលខុសត្រូវកាន់តែខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដូចជា ការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន វិសមភាពសង្គម និងការអនុវត្តធុរកិច្ចប្រកបដោយក្រមសីលធម៌។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (Corporate Social Responsibility – CSR) មិនមែនមានន័យត្រឹមតែការបរិច្ចាគថវិកា ឬសកម្មភាពសប្បុរសធម៌នោះទេ ប៉ុន្តែគឺជាការដាក់បញ្ចូលគោលការណ៍សង្គម បរិស្ថាន និងក្រមសីលធម៌ទៅក្នុងយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ដោយធានាការប្រព្រឹត្តចំពោះបុគ្គលិកដោយយុត្តិធម៌ គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ការពារបរិស្ថាន និងរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម។

ពាក់ព័ន្ធនឹងការអភិវឌ្ឍនៅកម្ពុជា ឯកឧត្តមបានលើកឡើងថា វិស័យឯកជនគឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ទាក់ទាញការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងជំរុញនវានុវត្តន៍។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកដឹកនាំធុរកិច្ចឱ្យប្រកាន់ខ្ជាប់គោលការណ៍ CSR និងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដើម្បីកសាងសហគ្រាសដែលមានភាពធន់ បង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ និងបង្កើតតម្លៃប្រកបដោយចីរភាពក្នុងរយៈពេលវែង។

ជាមួយគ្នានេះ ដោយភ្ជាប់ទៅនឹងវិស័យព័ត៌មាន ឯកឧត្តម ហ៊ីវ ជននាថ បានគូសបញ្ជាក់ថា ក្នុងសង្គមដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ព័ត៌មានមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការបង្កើតការយល់ឃើញរបស់សាធារណជន ទំនុកចិត្តលើធុរកិច្ច និងការអភិវឌ្ឍសង្គម។ ដូច្នេះ តម្លាភាព ភាពត្រឹមត្រូវ គណនេយ្យភាព និងការប្រាស្រ័យទាក់ទងប្រកបដោយក្រមសីលធម៌ គឺជាធាតុផ្សំមិនអាចខ្វះបាននៃភាពជាអ្នកដឹកនាំប្រកបដោយទំនួលខុសត្រូវ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ គួរត្រូវបានចាត់ទុកជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដោយសារព័ត៌មានមិនពិត ព័ត៌មានបំភាន់ ការផ្សាយពាណិជ្ជកម្មបោកបញ្ឆោត និងការប្រើប្រាស់បណ្តាញទំនាក់ទំនងឌីជីថលដោយគ្មានការទទួលខុសត្រូវ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់សាធារណជន និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័ន។ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមិនគួរត្រូវបានកសាងឡើងតាមរយៈការផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញតែមួយមុខនោះទេ ប៉ុន្តែត្រូវផ្អែកលើសកម្មភាពជាក់ស្តែង ព័ត៌មានគួរឱ្យទុកចិត្ត ក្រមសីលធម៌ និងទំនុកចិត្តដែលទទួលបានពីសង្គម។

លើសពីនេះ ឯកឧត្តមបានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដូចជា ការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ការអភិវឌ្ឍបច្ចេកវិទ្យា និងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវ។ ឯកឧត្តមបានអំពាវនាវឱ្យអ្នកដឹកនាំធុរកិច្ចក្នុងតំបន់ពង្រឹងភាពជាដៃគូ ចែករំលែកចំណេះដឹង អភិវឌ្ឍធនធានមនុស្ស និងវិនិយោគលើការអនុវត្តប្រកបដោយចីរភាព ដើម្បីរួមចំណែកដល់ភាពរឹងមាំ និងវិបុលភាពរួមរបស់អាស៊ាន។

ចំពោះពានរង្វាន់ «Great ASEAN CSR Business Award 2026» ឯកឧត្តមបានបញ្ជាក់ថា ការទទួលស្គាល់នេះមានអត្ថន័យលើសពីពានរង្វាន់ ឬវិញ្ញាបនបត្រ ព្រោះវាជាការលើកទឹកចិត្តដល់អង្គភាព និងអ្នកដឹកនាំដែលបានបង្ហាញការប្តេជ្ញាចិត្តលើសពីផលប្រយោជន៍ពាណិជ្ជកម្ម ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ ការពារបរិស្ថាន ផ្តល់ឱកាសដល់ប្រជាជន និងរួមចំណែកជាក់ស្តែងដល់សង្គម។