អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ពិភពលោកត្រូវបង្វែរការវិនិយោគពីការប្រណាំងសព្វាវុធទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
ភ្នំពេញ៖ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការវិនិយោគលើសន្តិភាព ការទូត និងការអភិវឌ្ឍប្រកបដោយចីរភាព ជំនួសឱ្យការបង្កើនការចំណាយលើវិស័យយោធា និងសព្វាវុធ ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសេដ្ឋកិច្ចជាច្រើន។
ក្នុងសុន្ទរកថាថ្លែងទៅកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើងថា ប្រធានបទនៃកិច្ចប្រជុំដែលសង្កត់ធ្ងន់ថា «សន្តិភាពគឺជាការវិនិយោគដ៏ល្អប្រសើរបំផុតរបស់យើង» បានឆ្លុះបញ្ចាំងពីភាពចាំបាច់នៃការផ្តល់អាទិភាពដល់សន្តិភាព ក្នុងពេលដែលការចំណាយផ្នែកយោធានៅទូទាំងពិភពលោកមានទំហំធំជាងជំនួយអភិវឌ្ឍន៍រហូតដល់ទៅ ១៣ ដង។
លោកបានគូសបញ្ជាក់ថា ពិភពលោកកំពុងចំណាយធនធានយ៉ាងសន្ធឹកសន្ធាប់លើសព្វាវុធ ខណៈដែលធនធានសម្រាប់សន្តិភាព និងការអភិវឌ្ឍនៅមានកម្រិត។ ជាមួយគ្នានេះ ប្រទេសជាច្រើនកំពុងប្រឈមនឹងបន្ទុកបំណុល ដែលបង្ខំឱ្យពួកគេជួបការលំបាកក្នុងការជ្រើសរើសរវាងការសងបំណុល និងការបំពេញតម្រូវការរបស់ប្រជាជន។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការបង្កើនការវិនិយោគលើសន្តិភាព ត្រូវផ្តោតលើការគាំទ្រដល់វិស័យការទូត ការគោរព និងការការពារច្បាប់អន្តរជាតិ ព្រមទាំងការចែករំលែកវិបុលភាពឱ្យបានទូលំទូលាយ និងស្មើភាព។ ជាពិសេស ត្រូវធានាឱ្យស្ត្រី និងយុវជនមានតួនាទី និងសំឡេងកាន់តែសំខាន់ក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត។
លោកក៏បានអំពាវនាវឱ្យមានការពង្រឹងពហុភាគីនិយម និងកែទម្រង់ប្រព័ន្ធអន្តរជាតិឱ្យកាន់តែមានសមធម៌ ដោយបានលើកឡើងពីភាពចាំបាច់នៃការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមរយៈការផ្តល់អាសនៈអចិន្ត្រៃយ៍ដល់ទ្វីបអាហ្វ្រិក ព្រមទាំងការកសាងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលមានភាពយុត្តិធម៌ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសនានា។
ពាក់ព័ន្ធនឹងតួនាទីរបស់សហគមន៍ហ្វ្រង់កូហ្វូនី លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានបញ្ជាក់ថា សហគមន៍នេះមានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកបានចាត់ទុកភាសារួមជាមូលធននៃទំនុកចិត្ត ហើយទំនុកចិត្តគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងសន្តិភាព។ លោកបានជំរុញឱ្យសមាជិកសហគមន៍ហ្វ្រង់កូហ្វូនីប្រើប្រាស់សក្តានុពលរួមនេះ ដើម្បីបង្កើតជាសកម្មភាពជាក់ស្តែងក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ។
ក្នុងឱកាសនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជា ចំពោះការអញ្ជើញលោកឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។ លោកបានសង្កត់ធ្ងន់លើភាពជាដៃគូរវាងអង្គការសហប្រជាជាតិ និងសហគមន៍ហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព សិទ្ធិមនុស្ស និងពហុភាសានិយម ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកិច្ចសហប្រតិបត្តិការនេះ។
លោកបានបញ្ជាក់ផងដែរថា ទោះបីជានេះជាការថ្លែងសុន្ទរកថាចុងក្រោយរបស់លោកក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិនៅចំពោះមុខសហគមន៍ហ្វ្រង់កូហ្វូនីក៏ដោយ ក៏លោកនឹងនៅតែជាមិត្តដ៏ស្មោះត្រង់របស់សហគមន៍នេះជានិច្ច ហើយអង្គការសហប្រជាជាតិនឹងបន្តឈរកៀកស្មាជាមួយសហគមន៍ហ្វ្រង់កូហ្វូនី ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមរួមរបស់ពិភពលោក។
សុន្ទរកថានេះបានបញ្ជូនសារសំខាន់មួយទៅកាន់សហគមន៍អន្តរជាតិថា សន្តិភាពមិនមែនជាការចំណាយដែលគ្មានផលតបស្នងនោះទេ ប៉ុន្តែជាការវិនិយោគយុទ្ធសាស្ត្រដ៏ចាំបាច់សម្រាប់ការពារជីវិតមនុស្ស កសាងទំនុកចិត្ត ពង្រឹងស្ថិរភាព និងធានាអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕


