ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សាន សំបូរី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សាន សំបូរី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៥៥នាទី ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៤៣ ផ្លូវលេខ១៥៦ ភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានប្រគល់ជូនសារលិខិតរំលែកមរណទុក្ខចំពោះលោកជំទាវ អ៊ុង សុថ្កាវី ព្រមទាំងក្រុមគ្រួសារនៃសព ដោយបានសម្តែងនូវសេចក្តីក្ដុកក្ដួល និងសោកស្តាយយ៉ាងក្រៃលែងចំពោះមរណភាពរបស់ឯកឧត្តម សាន សំបូរី។
តាមរយៈសារលិខិត ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា មរណភាពរបស់ឯកឧត្តម សាន សំបូរី គឺជាការបាត់បង់ស្វាមី ឪពុក ជីតា និងសាច់ញាតិជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះក្រុមគ្រួសារ។ ជាពិសេស គឺជាការបាត់បង់ថ្នាក់ដឹកនាំមួយរូប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមបំពេញបេសកកម្មយ៉ាងសកម្មក្នុងបុព្វហេតុនៃវិស័យព័ត៌មាន និងសោតទស្សន៍។
ជាមួយនឹងក្តីសោកសង្រេងនេះ ឯកឧត្តម នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅជាមួយលោកជំទាវ អ៊ុង សុថ្កាវី ព្រមទាំងក្រុមគ្រួសារនៃសព និងសូមបួងសួងឧទ្ទិសដល់វិញ្ញាណក្ខន្ធឯកឧត្តម សាន សំបូរី បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


