ឯកឧត្តម សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃសាលាអន្តរជាតិ វេសប្រ៊ីជ ភ្នំពេញ (WISPP)
ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃសាលាអន្តរជាតិ វេសប្រ៊ីជ ភ្នំពេញ (WISPP) ដឹកនាំដោយ លោកស្រី ស៊ីន ស៊ីវឿន (Ms. SIN SIVOEUN) សហស្ថាបនិក និងជាម្ចាស់កម្មសិទ្ធិម៉ាកពាណិជ្ជកម្មសាលា WISPP។
ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ បានបញ្ជាក់អំពីគោលបំណងនៃជំនួបពិភាក្សាការងារនេះ គឺដើម្បីស្វែងយល់អំពីសក្តានុពលនៃការអប់រំស្តង់ដាអន្តរជាតិ ការតម្រង់ទិសភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ព្រមទាំងការបើកច្រកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់អាហារូបករណ៍ជូនបុត្រធីតាមន្ត្រីរាជការ និងការត្រៀមរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១។
លោកស្រី ស៊ីន ស៊ីវឿន តំណាងសាលាអន្តរជាតិ WISPP បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីដំណើរការអភិវឌ្ឍន៍ និងកម្មវិធីអប់រំរបស់សាលា WISPP ដោយគូសបញ្ជាក់លើចំណុចស្នូលរួមមាន៖
១. អំពីប្រវត្តិ និងចក្ខុវិស័យស្ថាប័ន៖ សាលាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ សាលាមានចក្ខុវិស័យប្រែក្លាយជាគ្រឹះស្ថានអប់រំត្រីភាសា (ខ្មែរ-អង់គ្លេស-ចិន) ឈានមុខគេ ដែលផ្សារភ្ជាប់ស្តង់ដាអន្តរជាតិជាមួយការបណ្តុះបណ្តាលសីលធម៌ និងអត្តសញ្ញាណជាតិខ្មែរ។
២. កម្មវិធីសិក្សា និងការទទួលស្គាល់អន្តរជាតិ៖ WISPP ផ្តល់ការអប់រំចាប់ពីកម្រិតមត្តេយ្យដល់វិទ្យាល័យ ដោយអនុវត្តកម្មវិធី IEYC សម្រាប់កុមារតូច, កម្មវិធី Oxford International សម្រាប់បឋមសិក្សា, កម្មវិធី Cambridge សម្រាប់មធ្យមសិក្សា និងទទួលបានការអនុម័តជាផ្លូវការនូវសេចក្តីសម្រេច Resolution 154/24 ពីក្រុមប្រឹក្សាភិបាល SCSA នៃរដ្ឋអូស្ត្រាលីខាងលិច ក្នុងការអនុវត្តកម្មវិធី WA K–10 និង WACE International។
៣. បរិក្ខារសិក្សា និងបរិស្ថានសុវត្ថិភាព៖ បំពាក់ដោយបន្ទប់រៀនសហសម័យ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ (STEM Lab) បណ្ណាល័យស្តង់ដាអន្តរជាតិ ទីលានកីឡាចម្រុះ និងទីធ្លាលេងកម្សាន្តកុមារប្រកបដោយផាសុកភាព អនាម័យ និងសុវត្ថិភាពខ្ពស់។
៤. សំណើកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន៖ លើ ៣ វិស័យសំខាន់ៗ រួមមាន៖ (ក) ការផ្តល់កញ្ចប់អាហារូបករណ៍ពិសេស និងការបញ្ចុះតម្លៃសិក្សា ជូនដល់បុត្រធីតារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងព័ត៌មាន; (ខ) កិច្ចសហការលើការផលិត និងផ្សព្វផ្សាយមាតិកាអប់រំ យុទ្ធនាការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងឌីជីថល និងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា; និង (គ) ការសហការរៀបចំកម្មវិធីថែទាំសុខភាព និងការលូតលាស់របស់កុមារតូច។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានដាក់ចេញនូវអនុសាសន៍ និងការណែនាំ ជាយុទ្ធសាស្រ្តចំនួន ៤ ចំណុច ដូចខាងក្រោម៖
១. ការថែរក្សាអត្តសញ្ញាណជាតិ និងការបង្រៀនភាសាខ្មែរ៖ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទោះបីជាសាលាអនុវត្តកម្មវិធីអន្តរជាតិ (Oxford, Cambridge, SCSA) ក៏ដោយ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតលើការបង្រៀនមុខវិជ្ជាភាសាខ្មែរ អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ ស្របតាមកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាឱ្យសិស្សានុសិស្សដែលជាកុលបុត្រខ្មែររក្សាបាននូវ មនសិការស្នេហាជាតិ និងអត្តសញ្ញាណជាតិរឹងមាំជានិច្ច។
២. ការរៀបចំយន្តការអាហារូបករណ៍ជាក់ស្តែង៖ ប្រគល់ភារកិច្ចជូនក្រុមការងារក្រសួងព័ត៌មាន សហការជិតស្និទ្ធជាមួយសាលា WISPP ក្នុងការរៀបចំទម្រង់ពាក្យស្នើសុំ លក្ខខណ្ឌតម្រូវ និងការកំណត់កូតាអាហា រូបករណ៍ឱ្យបានច្បាស់លាស់ មុនពេលផ្សព្វផ្សាយជាសាធារណៈជូនមន្ត្រីរាជការក្រសួងព័ត៌មាន ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
៣. ការតាក់តែងអនុស្សរណៈនៃការយោគយល់គ្នា (MOU)៖ ណែនាំឱ្យបង្កើតក្រុមការងារបច្ចេកទេស ចំពោះកិច្ចរវាងក្រសួងព័ត៌មាន និងសាលា WISPP ដើម្បីពិនិត្យ និងរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការ យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ អាហារូបករណ៍ និងការផ្សព្វផ្សាយ ព័ត៌មានអប់រំ គោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី មុនឈានដល់ពិធីចុះហត្ថលេខាជាផ្លូវការ។
៤. ការគាំទ្រ និងភាពជាដៃគូរយៈពេលវែង៖ ឯកឧត្តមបានបញ្ជាក់ជំហរ យ៉ាងច្បាស់ថា ក្រសួងព័ត៌មានត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគាំទ្រដល់សាលា WISPP ទាំងផ្នែកផ្សព្វផ្សាយព័ត៌មាន ការបណ្តុះបណ្តាល និងកិច្ចសម្របសម្រួលស្ថាប័ន ដើម្បីជួយឱ្យការវិនិយោគអប់រំដ៏មានសារៈសំខាន់នេះទទួលបានជោគជ័យ ស្របតាមទិសដៅកសាងមូលធនមនុស្សរបស់រាជរដ្ឋាភិបាល៕


