ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រុមការងារចុះមូលដ្ឋានត្រូវប្តូររបៀបធ្វើការតាមចង្កោមបញ្ហា ដើម្បីដោះស្រាយក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យចំគោលដៅ

ក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានស្នើឱ្យក្រុមការងារចុះមូលដ្ឋានផ្លាស់ប្តូររបៀបធ្វើការពីការចុះជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយជាទូទៅ ទៅជាការចុះធ្វើការតាមចង្កោមបញ្ហាជាក់ស្តែង ដោយកំណត់បញ្ហាអាទិភាពនៅតាមឃុំ សង្កាត់នីមួយៗឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅសាលមហោស្រពខេត្ត នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចុះមូលដ្ឋានមិនគួរត្រឹមតែជាការជួបសំណេះសំណាល ឬផ្សព្វផ្សាយគោលនយោបាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគោលដៅច្បាស់លាស់ក្នុងការស្វែងយល់ កំណត់ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងជួបប្រទះ។ ជាពិសេស ក្រុមការងារត្រូវកំណត់បញ្ហាអាទិភាពតាមភូមិសាស្ត្រ និងតាមតម្រូវការជាក់ស្តែងនៃមូលដ្ឋាននីមួយៗ ដើម្បីឱ្យការចុះបំពេញការងារទទួលបានលទ្ធផលជាក់ស្តែង។

ទន្ទឹមនឹងនេះ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើការលើកកម្ពស់គុណភាពសេវាសាធារណៈ និងអភិបាលកិច្ចមូលដ្ឋាន ដោយចាត់ទុកថា នេះជាអាទិភាពដ៏សំខាន់ ព្រោះប្រជាពលរដ្ឋវាយតម្លៃលើការបំពេញការងាររបស់រដ្ឋបាលតាមរយៈបទពិសោធន៍ជាក់ស្តែងក្នុងការទទួលសេវា។ ដូច្នេះ អាជ្ញាធរត្រូវតាមដាន និងត្រួតពិនិត្យជាប្រចាំលើល្បឿននៃការផ្តល់សេវា តម្លាភាពនៃកម្រៃសេវា អាកប្បកិរិយារបស់មន្ត្រី និងការដោះស្រាយបណ្តឹង ព្រមទាំងទប់ស្កាត់ការទារកម្រៃក្រៅផ្លូវការ និងការពន្យារពេលផ្តល់សេវាដោយគ្មានមូលហេតុសមស្រប។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានផ្តាំផ្ញើដល់ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានក្រុង ស្រុកទាំង៧ ក្នុងខេត្តក្រចេះ ឱ្យបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងរៀបចំវេទិកាសាធារណៈនៅតាមឃុំ សង្កាត់ ដើម្បីស្វែងយល់ឱ្យបានច្បាស់ពីក្តីកង្វល់ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងសហការគ្នាដោះស្រាយបញ្ហាដែលកើតមានឡើងឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់នៃការរួមគ្នាថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ ដែលបានសហការជាមួយរដ្ឋបាលខេត្តក្នុងការបម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរួមចំណែកសម្រេចបានសមិទ្ធផលថ្មីៗសម្រាប់ខេត្ត។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន រួមមានមេភូមិ មេប៉ុស្តិ៍ មេឃុំ និងចៅសង្កាត់ បន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយរក្សាវប្បធម៌នៃការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើអាជ្ញាធរ។ ឯកឧត្តមបានចាត់ទុកការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា ជាកិច្ចការដ៏សំខាន់ និងជាកាតព្វកិច្ចចាំបាច់របស់អាជ្ញាធរ។

យោងតាមរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះរៀបចំវេទិកាសាធារណៈនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ចំនួន២០លើក ដោយមានអ្នកចូលរួមសរុប ៤.២២៧នាក់ ក្នុងនោះស្ត្រី ១.៦៤៥នាក់។ អ្នកចូលរួមរួមមានក្រុមការងារថ្នាក់ជាតិ ១០៨នាក់ ស្ត្រី១៦នាក់ មន្ត្រីថ្នាក់ក្រោមជាតិ ១.០៣៩នាក់ ស្ត្រី១៣០នាក់ និងប្រជាពលរដ្ឋ ៣.០៨០នាក់ ស្ត្រី១.៤៩៩នាក់។

តាមរយៈវេទិកាសាធារណៈទាំងនេះ ក្រុមការងារទទួលបានសំណើ និងសំណូមពរពីប្រជាពលរដ្ឋចំនួន១៦៨ករណី។ ក្នុងចំណោមនេះ មាន៦៥ករណី ត្រូវបានដោះស្រាយក្នុងវេទិកា ស្មើនឹង៣៩% ចំនួន៤៨ករណី ត្រូវបានដោះស្រាយនៅថ្នាក់ឃុំ ស្រុក និងខេត្ត ស្មើនឹង២៩% ចំនួន៣៣ករណី កំពុងដោះស្រាយ ស្មើនឹង២០% ចំនួន២១ករណី មិនទាន់ដោះស្រាយ ស្មើនឹង១៣% និងមួយករណីត្រូវបានស្នើទៅថ្នាក់ជាតិ ស្មើនឹង១%។

លទ្ធផលទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហានៅមូលដ្ឋាន។ ជាមួយគ្នានេះ ការកំណត់បញ្ហាអាទិភាពឱ្យបានច្បាស់លាស់ ការតាមដានដំណោះស្រាយ និងការលើកកម្ពស់គុណភាពសេវាសាធារណៈ នឹងក្លាយជាចំណុចសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមការងារចុះមូលដ្ឋាន និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ៕