លោក ប្រាក់ ម៉ៅម៉ូលីន ប្រធាននាយកដ្ឋានព័ត៌មានទូរទស្សន៍ភាសាបរទេស តំណាងទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៦៣ របស់សហភាពវិទ្យុ-ទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសស្រីលង្កា

តបតាមការអញ្ជើញរបស់សហភាពវិទ្យុ-ទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា ABU (Asia-Pacific Broadcasting Union) លោក ប្រាក់ ម៉ៅម៉ូលីន ប្រធាននាយកដ្ឋានព័ត៌មានទូរទស្សន៍ភាសាបរទេស នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទវក) ក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៦៣ និងកិច្ចប្រជុំពាក់ព័ន្ធ (63rd ABU General Assembly and Associated Meetings) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Cinnamon Life at City of Dreams រដ្ឋធានីកូឡុំបូ សាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ដោយមានស្ថានីយទូរទស្សន៍ MTV Sri Lanka ធ្វើជាម្ចាស់ផ្ទះសហការរៀបចំ។

មហាសន្និបាតប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទស្នូល «ប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាព និងមនុស្សជាតិ៖ ការពិត ទំនុកចិត្ត និងការផ្លាស់ប្តូរ» (“Media for Peace and Humanity: Truth, Trust, and Transformation”) ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញបច្ចេកវិទ្យា និងប្រតិភូតំណាងបណ្តាញទូរទស្សន៍-វិទ្យុជាតិ និងឯកជនមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជុំវិញពិភពលោក។

ក្នុងឱកាសនៃកិច្ចប្រជុំរយៈពេល ៥ ថ្ងៃនេះ លោក ប្រាក់ ម៉ៅម៉ូលីន បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំបច្ចេកទេស និងកិច្ចពិភាក្សាជាយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖

  • កិច្ចប្រជុំគណៈកម្មាធិការកម្មវិធី (Programme Committee Meeting)៖ ពិភាក្សាលើការពង្រីកបណ្តាញផ្លាស់ប្តូរមាតិកាព័ត៌មានអន្តរជាតិ កម្មវិធីវប្បធម៌ និងគម្រោងផលិតរួមគ្នារវាងស្ថានីយទូរទស្សន៍ជាសមាជិក។
  • កិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេស (Technical Committee Meeting)៖ ផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ ការគ្រប់គ្រងបណ្ណសារទូរទស្សន៍ជាប្រព័ន្ធឌីជីថល (Digital Archiving) ការផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត និងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកជំនួយដល់ដំណើរការផលិត និងការបកប្រែព័ត៌មាន។
  • វេទិកាផ្សព្វផ្សាយសម្រាប់ទាំងអស់គ្នា (Broadcasting for All Forum) និងវេទិកាថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយ (Media Leaders’ Forum)៖ ផ្លាស់ប្តូរបទពិសោធន៍ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត (Fake News) ការពង្រឹងទំនុកចិត្តលើសារព័ត៌មានអាជីព និងការតម្រង់ទិសប្រព័ន្ធផ្សព្វផ្សាយឱ្យក្លាយជាកម្លាំងចលករក្នុងការកសាងសន្តិភាព និងការយល់ដឹងរវាងប្រជាជាតិ។
  • សម័យប្រជុំពេញអង្គនៃមហាសន្និបាត (Plenary Sessions)៖ ចូលរួមពិនិត្យ និងអនុម័តលើទិសដៅការងារ ក៏ដូចជាយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។

វត្តមានរបស់មន្រ្តីថ្នាក់ដឹកនាំតំណាងឱ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន នៅក្នុងព្រឹត្តិការណ៍កម្រិតតំបន់នេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របតាមយុទ្ធសាស្ត្រទំនើបកម្មស្ថាប័នរបស់ក្រសួងព័ត៌មាន។ លើសពីនេះ នេះជាវេទិកាដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីសក្តានុពល វប្បធម៌ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ ព្រមទាំងនាំយកនូវបទពិសោធន៍ បច្ចេកវិទ្យា និងចំណេះដឹងថ្មីៗ មកអភិវឌ្ឍគុណភាពនៃការផលិតព័ត៌មានភាសាបរទេសរបស់ទូរទស្សន៍ជាតិកម្ពុជា ឱ្យកាន់តែសម្បូរបែប ទំនើប និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងការវិវត្តនៃសង្គមឌីជីថល៕