ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី៣ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជំរុញឱ្យបន្តពង្រឹងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែសកម្ម
(ក្រចេះ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបំពេញបេសកកម្មយ៉ាងសកម្មក្នុងការចុះធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋាន។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ក្រុមការងារបានរៀបចំវេទិកាសាធារណៈចំនួន ២០លើក ដែលមានប្រជាពលរដ្ឋចូលរួមសរុប ៤.២២៧នាក់។
យោងតាមរបាយការណ៍ក្រុមការងារបានទទួលសំណើ និងសំណូមពរសរុប ១៦៨ករណី ពីប្រជាពលរដ្ឋ។ ក្នុងចំណោមនោះ ៦៥ករណី (៣៩%) ត្រូវបានដោះស្រាយភ្លាមៗនៅក្នុងវេទិកា ហើយ ៤៨ករណី (២៩%) ទៀតត្រូវបានដោះស្រាយនៅថ្នាក់ឃុំ ស្រុក ខេត្ត។ សរុបមក ក្រុមការងារបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបាន ១១២ករណី។ បន្ថែមពីនេះ ៣៣ករណី (២០%) កំពុងស្ថិតក្នុងការដោះស្រាយ និង ១ករណី (១%) ត្រូវបានស្នើទៅថ្នាក់ជាតិ។
ក្រុមការងារបាននឹងកំពុងប្រមូលផ្តុំមធ្យោបាយ និងវិធានការដើម្បីដោះស្រាយសំណូមពរមួយចំនួនដែលមានទំហំធំលើសពីធនធាន និងសមត្ថភាពរបស់ក្រុមការងារ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំពោះបញ្ហាដែលទាមទារថវិកាច្រើន ដូចជាការសាងសង់ផ្លូវ ស្ពាន និងប្រឡាយទឹក ក្រុមការងារបានជម្រាបជូនប្រជាពលរដ្ឋថា នឹងលើកជាផែនការដើម្បីសិក្សា និងរៀបចំដោះស្រាយជាជំហានៗទៅតាមគម្រោងថវិការបស់រដ្ឋបាលខេត្ត និងមូលនិធិឃុំ សង្កាត់។ ការខិតខំប្រឹងប្រែងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ក្នុងឱកាសបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅសាលមហោស្រពខេត្ត នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ លោក នេត្រ ភក្ត្រា ក៏បានស្នើសុំដល់អាជ្ញាធរមូលដ្ឋានមេភូមិ មេប៉ុស្តិ៍ មេឃុំ និងចៅសង្កាត់ សុំបន្តបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ដែលរក្សាឱ្យបាននូវវប្បធម៌ នៃការផ្តល់សេវាមួយដែលមានប្រសិទ្ធភាព គុណភាព ហើយផ្តល់នូវជំនឿទុកចិត្តជូនដល់ប្រជាពលរដ្ឋ។ ចំពោះការផ្តល់សេវានានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាកិច្ចការងារមួយដ៏ចាំបាច់បំផុតរបស់អាជ្ញាធរ។
លោកក៏បានកោតសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមសហការគ្នាក្នុងទិសដៅរួមតែមួយប្រកបទៅដោយការទទួលខុសត្រូវខ្ពស់ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងឱ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានកោតសរសើរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៧ នៃខេត្តក្រចេះ ដែលរួមសហការសាមគ្គីគ្នាខិតខំប្រឹងប្រែងបំពេញរាល់កិច្ចការងារប្រៀបបានទៅនឹងយុទ្ធសាស្រ្តខ្យងបណ្តាក់គ្នា មានន័យថាក្រុមការងារបានធ្វើជាប្រចាំ ដើម្បីក្តាប់បញ្ហា និងដោះស្រាយបញ្ហាជូនដល់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
លទ្ធផលការងារដ៏ល្អនេះបានបង្ហាញឱ្យឃើញនូវស្មារតីរឹងមាំរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេសឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ នោះគឺការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលជាកត្តាសំខាន់ចាំបាច់បំផុតដែលទាំងអស់គ្នាត្រូវការ។ ដូច្នេះ ហើយក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរដែនដី ក្រុង ស្រុក ចាំបាច់ណាស់ត្រូវមានវិធានការគ្រប់បែបយ៉ាងទាំងអស់ដើម្បីធានាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ។
ប្រធានក្រុមការងារក៏បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបន្តធ្វើសកម្មភាពនៅតាមមូលដ្ឋានឱ្យកាន់តែសស្រាក់សស្រាំបន្ថែមទៀត ការរៀបចំវេទិកាសាធារណៈ គឺជាចំណុចសំខាន់មួយដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធ និងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តម្រូវការ និងសំណូមពរដែលបានលើកឡើងបានចំគោលដៅ ទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅ និងគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំបន្ថែមឱ្យដល់ក្រុមការងាររាជរដ្ឋាភិបាល ត្រូវពង្រឹងការផ្តល់នូវសេវាតម្រូវការនានាជូនប្រជាពលរដ្ឋ ឱ្យរហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់បំផុតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ទាប់ពីស្តាប់របាយការណ៍លើកឡើងដោយលោក ដួង ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អំពីលទ្ធផលនៃការចុះធ្វើសកម្មភាពការងារ និងជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលទាំង ៧ក្រុង ស្រុករួចមក, លោក វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ដែលបានប្រឹងប្រែងរួមសហការសាមគ្គីក្នុងការបំពេញកិច្ចការងារ កន្លងមកបានយ៉ាងល្អ។
ទិសដៅការងារបន្តដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងពង្រីកភាពខ្លាំងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីបន្តសកម្មភាពបម្រើប្រជាពលរដ្ឋ នៅគ្រប់តំបន់មូលដ្ឋានក្នុងខេត្តបានកាន់តែល្អប្រសើរទ្វេឡើងទៀត។
លោក វ៉ា ថន បានបន្តថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងនោះក៏បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមជាក្តីកង្វល់ សំណើ សំណូមពរ និងទំនាស់ក្នុងគោលដៅគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាន់តែមានប្រសិទ្ធភាពថែមទៀត៕


