ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប លោកស្រី Iwama Nozomi ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោកស្រី Iwama Nozomi ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួរសម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះលោកស្រី Iwama Nozomi ក្នុងឱកាសទទួលបានការតែងតាំងជាប្រធានតំណាងថ្មីរបស់ JICA ប្រចាំនៅកម្ពុជា។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការដឹកនាំរបស់លោកស្រី កិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងទីភ្នាក់ងារ JICA នឹងត្រូវបានពង្រឹងមួយកម្រិតទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់លោក Sanui Kazumasa អតីតប្រធានតំណាង JICA ប្រចាំនៅកម្ពុជា ដែលក្នុងអាណត្តិការងារកន្លងមកបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញ និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។

ជំនួបនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ និងជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តថែរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន៕