ឯកឧត្តម វង សូត លើកទឹកចិត្តសិស្សានុសិស្សនៅព្រៃវែង ឱ្យបន្តខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាព
នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យជាច និងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងឱកាសនេះ ឯកឧត្តមបានអបអរសាទរ និងកោតសរសើរចំពោះសិស្ស សារឹត ជីវន់ ដែលទទួលបាននិទ្ទេស A ព្រមទាំងបានបញ្ជាក់ថា សមិទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់សិស្ស ការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ និងការគាំទ្រពីក្រុមគ្រួសារ។
ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំសិក្សា ជ្រើសរើសជំនាញសមស្របនឹងសមត្ថភាព និងចំណង់ចំណូលចិត្ត ព្រមទាំងពង្រឹងសីលធម៌ វិន័យ ជំនាញឌីជីថល និងភាសាបរទេស ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមក៏បានរំលឹកពីការក្រោកឈរតស៊ូ ប្រឆាំងរបប ប៉ុល ពត របស់កម្មាភិបាល យុទ្ធជន និងប្រជាជនភូមិភាគបូព៌ា កាលពីឆ្នាំ១៩៧៨។ ឯកឧត្តម ជម្រាបជូនអង្គពិធីថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានចាត់តាំង ឯកឧត្តម ផ្ទាល់ ជាប្រធានគណ:កម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយចលនាតស៊ូ ប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅចន្លោះខែឧសភា ឆ្នាំ១៩៧៨ ដល់ខែមករា ឆ្នាំ១៩៧៩ នៅភូមិភាគបូព៍ា តំបន់ព្រៃតាទក (តំបន់ ៥៧៨)។
ទន្ទឹមនោះ ឯកឧត្តមបានរំលឹកពីដំណើរការស្តារ និងអភិវឌ្ឍវិស័យអប់រំកម្ពុជាក្រោយឆ្នាំ១៩៧៩ ដែលបានឆ្លងកាត់ការលំបាកជាច្រើន មុននឹងមានការរីកចម្រើនដូចបច្ចុប្បន្ន។ ឯកឧត្តមបានជំរុញឱ្យយុវជនខិតខំសិក្សា កសាងចំណេះដឹង និងសមត្ថភាព ដើម្បីយកទៅបម្រើជាតិ មាតុភូមិ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់ក្មួយៗសិស្សា នុសិស្ស សម្លឹងមេីលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដេីម្បីចាប់យកជំនាញច្បាស់លាស់ សម្រាប់ខ្លួនឯង និងឈានទៅបង្កេីតមុខរបរលេីកស្ទួយជីវភាពគ្រួសារ ។ រាជរដ្ឋាភិបាល ក៏បាននិងកំពុងយកចិត្តទុកដាក់ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមិនគិតថ្លៃ ជាពិសេសសម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ
ក្នុងឱកាសនោះ ឯកឧត្តម វង សូត និងលោកជំទាវ បានឧបត្ថម្ភដល់សិស្សជ័យលាភី ដោយសិស្សនិទ្ទេស A ចំនួន១រូប ទទួលបានម៉ូតូ១គ្រឿង សិស្សនិទ្ទេស B ចំនួន១៣រូប ក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល និងសិស្សនិទ្ទេស C ចំនួន៤៩រូប ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់សិស្សនិទ្ទេស D និងE លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងឧបត្ថម្ភអង្ករចំនួន៣តោនដល់សាលាឃុំជាចផងដែរ។
ការលើកទឹកចិត្ត និងការឧបត្ថម្ភនេះ គឺជាការចូលរួមចំណែកលើកស្ទួយវិស័យអប់រំ និងជំរុញទឹកចិត្តយុវជនឱ្យបន្តខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងត្រៀមខ្លួនចូលរួមកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។
តមកឯកឧត្តម វង សូត និងលោកជំទាវ បានអញ្ជើញចុះពិនិត្យទីចាត់ការ និងបរិវេណវិទ្យាល័យជាច ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងតម្រូវការចាំបាច់នានារបស់សាលារៀន និងបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះមនុស្សធម៌មួយខ្នង ជូនលោកយា សូ ជន់ អាយុ ៨០ឆ្នាំ ជាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតខ្លាំង រស់នៅភូមិជាចកណ្តាល ឃុំជាច ស្រុកកំចាយមារ។
ផ្ទះមនុស្សធម៌នេះ គឺជាផ្ទះទី៦ ដែលឯកឧត្តម វង សូត និងលោកជំទាវ បានចូលរួមសាងសង់ជូនចាស់ជរាដែលមានជីវភាពខ្វះខាតនៅក្នុងឃុំជាច។
ឯកឧត្តម វង សូត បានមានប្រសាសន៍ថា៖ «ការជួយគ្នាដោយទឹកចិត្តសប្បុរស គឺជាការកសាងសង្គមមួយដែលពោរពេញដោយស្នាមញញឹម និងក្តីសង្ឃឹម»។
សកម្មភាពនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់លើវិស័យអប់រំ និងសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសចំពោះចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍសង្គមនៅមូលដ្ឋាន៕



