ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញប្រជាពលរដ្ឋភៀសសឹកបន្តរក្សាសាមគ្គីភាព និងប្រែក្លាយការលំបាកជាកម្លាំងកសាងជាតិ

បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងសមាជិកអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំងភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ បន្តរក្សាសាមគ្គីភាពជាតិ សេចក្តីសង្ឃឹម និងប្រែក្លាយការលំបាកដែលកំពុងជួបប្រទះទៅជាកម្លាំងចិត្តសម្រាប់ការកសាងប្រទេសជាតិឱ្យកាន់តែរឹងមាំ។

នៅថ្ងៃអាទិត្យ ទី ១៣ ខែកញ្ញា ឆ្នាំ២០២៦ ​ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយ ព្រមទាំងសម្ភារៈចាំបាច់ ចែកជូនប្រជាពលរដ្ឋដែលបានភៀសសឹក និងកំពុងស្នាក់នៅភូមិរង់ចាំទី១ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមសម្រាលការលំបាក និងផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលរង់ចាំថ្ងៃវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា ឈ្មោះ «ភូមិរង់ចាំ» មានអត្ថន័យជ្រាលជ្រៅ ព្រោះជាទីកន្លែងដែលប្រជាពលរដ្ឋកំពុងរង់ចាំថ្ងៃវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួន។ ការរង់ចាំនេះ មិនមែនជាការរង់ចាំដោយអស់សង្ឃឹមនោះទេ ប៉ុន្តែជាការរង់ចាំប្រកបដោយសេចក្តីសង្ឃឹម ការអត់ធ្មត់ និងសាមគ្គីភាពជាតិ។

ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋបន្តមានជំនឿទុកចិត្តលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់ និងយន្តការអន្តរជាតិ ព្រមទាំងបន្តរក្សាស្មារតីសាមគ្គីភាព និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមបណ្ឌិតក៏បានជំរុញឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងបន្តគាំទ្រឱ្យកូនៗបានសិក្សារៀនសូត្រជាប្រក្រតី ទោះបីស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។ ជាពិសេស ឯកឧត្តមបានលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាពកុមារ តាមរយៈការសិក្សាភាសាអង់គ្លេស និងការទទួលបានចំណេះដឹង និងជំនាញចាំបាច់សម្រាប់អនាគត។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់ថា រាល់ការឈឺចាប់ និងការលំបាកដែលប្រជាពលរដ្ឋបានជួបប្រទះ គួរត្រូវបានប្រែក្លាយទៅជាកម្លាំងចិត្ត និងកម្លាំងជំរុញសម្រាប់ការកសាងប្រទេសជាតិឱ្យកាន់តែរឹងមាំ។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍៖ «ការចងចាំអំពីថ្ងៃលំបាកនៅ “ភូមិរង់ចាំ” មិនមែនដើម្បីបង្កើតការឈឺចាប់ឡើងវិញទេ ប៉ុន្តែដើម្បីឱ្យយើងយកបទពិសោធន៍ទាំងនេះជាមេរៀន ពង្រឹងសមត្ថភាពខ្លួនឯង និងរួមគ្នាកសាងអនាគតដែលមានសន្តិភាព សុវត្ថិភាព និងភាពរុងរឿងសម្រាប់កូនចៅជំនាន់ក្រោយក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋចងចាំមេរៀនប្រវត្តិសាស្ត្រ ជាពិសេសបទពិសោធន៍នៃការឈ្លានពានលើទឹកដីកម្ពុជា ដើម្បីពង្រឹងស្មារតីស្នេហាជាតិ សាមគ្គីភាព សមត្ថភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការកសាងសមត្ថភាពប្រជាពលរដ្ឋ ការពង្រឹងជីវភាព និងការរួមគ្នាអភិវឌ្ឍសហគមន៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងប្រទេសជាតិឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានអញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនៅឃុំគោករមៀតផងដែរ ដើម្បីស្តាប់មតិយោបល់ ស្វែងយល់ពីស្ថានភាព និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណចំពោះ ឯកឧត្តម កែវ គឹមយ៉ាន សមាជិកក្រុមប្រឹក្សាខុទ្ទកាល័យព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ដីសម្រាប់សាងសង់លំនៅឋានជូនប្រជាពលរដ្ឋភៀសសឹក ព្រមទាំងសប្បុរសជន និងក្រុមហ៊ុនពាក់ព័ន្ធ ដែលបានចូលរួមឧបត្ថម្ភជាសម្ភារៈ និងថវិកា ដើម្បីសម្រាលការលំបាក និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ និងជំនឿទុកចិត្តគ្នារវាងរដ្ឋ និងប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការរួមគ្នាថែរក្សាសន្តិភាព ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងជំរុញការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

ឯកឧត្តមបានបន្ថែមថា៖​«នៅភូមិរង់ចាំ យើងចងចាំការឈ្លានពាន និងប្រែក្លាយការឈឺចាប់ទៅជា ការប្រឹងរៀនប្រឹងរក និងសាមគ្គីជាតិខ្មែរ»៕