សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចែកចង្ក្រានសន្សំសំចៃថាមពលជូនពលរដ្ឋ ១.២០៣ គ្រួសារ នៅខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់សុខុមាលភាពគ្រួសារ និងបរិស្ថាន
ខេត្តព្រះសីហនុ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន ស៊ីបកូ (SIPCO) បានរៀបចំកម្មវិធីសំណេះសំ ណាល និងចែកចង្ក្រានសន្សំសំចៃថាមពលជូនដល់ប្រជាពលរដ្ឋចំនួន ១.២០៣ គ្រួសារ មកពីឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងការពារបរិស្ថាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្ដាល ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ មន្ត្រីរាជការអាជ្ញាធរដែនដី និងប្រជាពលរដ្ឋយ៉ាងកុះករ។
លោក ចៅ ភិរុណ តំណាងក្រុមហ៊ុន ស៊ីបកូ បានឡើងធ្វើបទបង្ហាញណែនាំលម្អិតអំពីបច្ចេកទេស និងរបៀបប្រើប្រាស់ចង្ក្រានសន្សំសំចៃថាមពលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ដល់ប្រជាពលរដ្ឋដែលបានចូលរួម ដើម្បីធានាថាចង្ក្រាននេះអាចជួយកាត់បន្ថយការប្រើប្រាស់អុស ឬធ្យូងបានច្រើន និងប្រើប្រាស់បានយូរអង្វែង។
ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់លើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តមបានបញ្ជាក់ថា ស្រ្តីគឺជាដៃគូយ៉ាងសំខាន់ដែលមិនអាចខ្វះបានទាំងក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ហើយសកម្មភាពនាថ្ងៃនេះ មិនត្រឹមតែជាការចែកជូននូវចង្ក្រានសន្សំសំចៃថាមពលប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីមនុស្សធម៌ និងការចូលរួមអនុវត្តគោលការ ណ៍គ្រឹះសំខាន់ៗ ដូចជាការលើកកម្ពស់សមភាពយេនឌ័រ សិទ្ធិនារី សុខុមាលភាពគ្រួសារ ព្រមទាំងការរួមចំណែកការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
លោកជំទាវ មាន សំអាន បានមានប្រសាសន៍បន្ថែមថា ការផ្តល់ជូនចង្ក្រានសន្សំសំចៃថាមពលនាពេលនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ កាត់បន្ថយចំណាយក្នុងគ្រួសារមួយកម្រិត និងជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋ ១.២០៣ គ្រួសារ ក្នុងស្រុកព្រៃនប់ ឱ្យកាន់តែប្រសើរឡើង។ ចង្ក្រានសន្សំសំចៃថាមពលនេះមានប្រយោជន៍ ជួយកាត់បន្ថយការចំណាយលើការទិញអុសឬធ្យូងបានរហូតដល់ ៣០% ទៅ ៥០% កាត់បន្ថយផ្សែងពុល ដែលជួយការពារជំងឺផ្លូវដង្ហើមដល់ស្រ្តី និងកុមារពេលដាំស្ល កាត់បន្ថយការកាប់ឈើធ្វើអុស និងកាត់បន្ថយការភាយឧស្ម័នទៅក្នុងបរិយាកាស។
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ

រូបភាព ៖ លោក អ៊ូ ជោត


