ឯកឧត្តម វង សូត លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូប ករណ៍ ខិតខំក្រេបយកចំណេះដឹង និងជំនាញ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ

នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានស្វាគមន៍ អបអរសាទរ និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាល ដែលត្រៀមចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ និងវេជ្ជសាស្ត្រ នៅសហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦២០២៧។

ឯកឧត្តម ចាត់ទុកការទទួលបានអាហារូបករណ៍នេះថា ជាមោទនភាពសម្រាប់និស្សិត គ្រួសារ និងសង្គមជាតិ ព្រមទាំងជាសក្ខីភាពបង្ហាញពីសមត្ថភាព ការខិតខំប្រឹងប្រែង និងឆន្ទៈរបស់យុវជនកម្ពុជា។

ឯកឧត្តមបានបន្តថា សហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប សុទ្ធតែជាដៃគូសំខាន់របស់កម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេស។ សហព័ន្ធរុស្ស៊ី តាំងពីសម័យសហភាពសូវៀត រហូតមកដល់បច្ចុប្បន្ន តែងតែគាំទ្រកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្ស។

ចំណែកសហភាពអឺរ៉ុប គឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់ និងជាទីផ្សារនាំចេញទំនិញដ៏ធំរបស់កម្ពុជា ព្រមទាំងបានផ្តល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា អប់រំ  ជំនាញវិជ្ជាជីវៈ អភិបាលកិច្ចល្អ សិទ្ធិមនុស្ស កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យជាដើម។

ឯកឧត្តម វង សូត បានលើកទឹកចិត្តឱ្យនិស្សិតខិតខំសិក្សា ក្រេបយកចំណេះដឹង និងជំនាញទំនើបៗ ព្រមទាំងមានភាពអត់ធ្មត់ ឆន្ទៈមោះមុត និងជម្នះរាល់ការលំបាក ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន មករួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើឱ្យនិស្សិតគោរពច្បាប់ និងបទបញ្ជារបស់ប្រទេសសាមី និងគ្រឹះស្ថានសិក្សា រក្សាសុខភាព សេចក្តីថ្លៃថ្នូរ វិន័យ សីលធម៌ និងសាមគ្គីភាពក្នុងនាមជានិស្សិតខ្មែរ។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យនិស្សិតបំពេញតួនាទីជា «ទូតសុច្ឆន្ទៈ និងទូតវប្បធម៌» ដោយចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងសមិទ្ធផលរបស់កម្ពុជា។ ចូលរួមការពារ និងបដិសេធគ្រប់ព័ត៌មានដែលមានចេតនាបំភ្លៃការពិត និងប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។ ជាពិសេស ត្រូវចូលរួមពន្យល់ដល់មិត្តភក្តិអន្តរជាតិអំពីបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព បូរណភាពទឹកដី និងស្ថានការណ៍ជាក់ស្តែងនៅកម្ពុជា៕