ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ សកម្មភាពមីន គឺជាស្នូលនៃការអភិវឌ្ឍជាតិ ជាការប្តេជ្ញាចិត្តចំពោះប្រជាជន និងជាការសន្យាចំពោះមនុស្សជំនាន់ក្រោយ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សកម្មភាពមីន មិនមែនជាការងារបន្ទាប់បន្សំនោះទេ គឺ​ជាស្នូលនៃការអភិវឌ្ឍជាតិ ជាការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងជាការសន្យាចំពោះមនុស្សជំនាន់ក្រោយ។

ការថ្លែងនេះធ្វើឡើងក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦–២០៣៥» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា សកម្មភាពមីនត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយភ្ជាប់ជាមួយ សន្តិសុខស្បៀង ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសកម្មភាពមីន និងបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាព ដែលបានដឹកនាំប្រទេសឱ្យទទួលបានសន្តិភាព ស្ថិរភាព សាមគ្គីភាព និងការអភិវឌ្ឍ ព្រមទាំងបានបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ក្រោមមូលដ្ឋានសន្តិភាពនេះ កម្ពុជាបានប្រែក្លាយដីដែលធ្លាប់ពោរពេញដោយមីន និងគ្រោះថ្នាក់ ទៅជាដីនៃ ក្តីសង្ឃឹម សេចក្តីថ្លៃថ្នូរ និងឱកាស។ ក្នុងរយៈពេលជាងបីទសវត្សរ៍ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានកាត់បន្ថយយ៉ាងខ្លាំងនូវផលប៉ះពាល់ដល់ប្រជាជន ហើយដីដែលបានបោសសម្អាតកំពុងត្រូវបានប្រើប្រាស់សម្រាប់កសិកម្ម ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ ជាដើម។

ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានសម្តែងការដឹងគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងមុតមាំដល់វិស័យសកម្មភាពមីន ដើម្បីការពារជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមបានបញ្ជាក់ថា គោលនយោបាយជាតិថ្មីនេះ បាននាំមកនូវការផ្លាស់ប្តូរសំខាន់មួយ គឺ ការវាស់វែងភាពជោគជ័យ មិនត្រឹមតែតាមផ្ទៃដីដែលបានបោសសម្អាតទេ ថែមទាំង​ត្រូវវាស់តាមអ្វីដែលប្រជាជនអាចកសាង និងទទួលបានពីដីដែលបានបោសសម្អាតរួច។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន សង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធទាំង​អស់​ ដែលបានចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌នេះ។ ការគាំទ្រ និងការចូលរួមរបស់គ្រប់ភាគី បានរួមចំណែកដោយផ្ទាល់ដល់ការការពារជីវិតប្រជាជន ការដោះស្រាយកេរដំណែលសង្គ្រាម និងការបើកលទ្ធភាពសម្រាប់ការអភិវឌ្ឍនៅតាមមូលដ្ឋាន។

ឯកឧត្តមបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរួមដំណើរជាមួយកម្ពុជា ក្នុងដំណាក់កាលចុងក្រោយនៃការបោសសម្អាតមីន ដែលមានភាពស្មុគស្មាញ និងត្រូវការធនធានច្រើន ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាមួយដែលរួចផុតពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ជាចុងក្រោយ ឯកឧត្តមបានសង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់គោលនយោបាយជាតិ គឺកសាង «កម្ពុជាមួយរួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ» ដែលមានជីវភាពរស់នៅប្រកបដោយចីរភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ គោលដៅនេះអាចសម្រេចបាន តាមរយៈការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបញ្ចប់បេសកកម្មដែលកម្ពុជាបានចាប់ផ្តើមអស់រយៈពេលជាងបីទសវត្សរ៍មកហើយ។

ក្នុង​ឱកាស​នោះ​ផង​ដែរ​ ក៏​មាន​ការចូលរួម​ថ្លែង​នូវ​សារ​អបអរសាទរពី​តំណាង​ប្រទេស​ផ្តល់​ជំនួយ​ ដៃគូ​អភិវឌ្ឍន៍​ និង​វិស័យ​ឯកជន​ ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​រៀបចំ​ឱ្យ​មាន​គោលនយោបាយ​ជាតិ​ស្តីពី​សកម្មភាព​មីន​ ឆ្នាំ​២០២៦-២០៣៥​ ដែល​ជា​ឯកសារយុទ្ធសាស្រ្ត​ដ៏​មាន​សារ:សំខាន់​ និង​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​កម្ពុជា​។

តំណាង​ប្រទេស​ផ្តល់​ជំនួយ​ ដៃគូ​អភិវឌ្ឍន៍​ និង​វិស័យ​ឯកជន​ បាន​វាយតម្លៃ​ខ្ពស់​ពី​សមិទ្ធផល​សកម្មភាព​មីន​ ព្រម​ទាំង​បាន​លេីក​ឡេីង​ពី​រួមចំណែក​ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​គាំទ្រ​គោលដៅ​កម្ពុជា​មួយ​គ្មាន​ផល​ប៉ះពាល់​ដោយ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​។