ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Suzhou Ouke លើគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងកោះរ៉ុង ដើម្បីលើកកម្ពស់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន Suzhou Ouke Environmental Protection Co., Ltd. ដើម្បីសិក្សា និងរៀបចំគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតក្នុងដែនដីក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦  នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រីកហេដ្ឋារចនា សម្ព័ន្ធគ្រប់គ្រង និងចោះសម្អាតទឹកកខ្វក់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសនៅតំបន់កោះ ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

បច្ចុប្បន្ននៅក្នុងខេត្តព្រះសីហនុ មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ កន្លែងរួចមកហើយ ដែលកំពុងដំណើរការយ៉ាងស កម្មក្នុងការជួយសម្រួល និងដោះស្រាយបញ្ហាបរិស្ថាន ក្នុងខេត្តបានយ៉ាងល្អប្រសើរ។ បច្ចេកវិទ្យានៃអាងប្រព្រឹត្តកម្មទាំងនេះ មានសមត្ថភាពខ្ពស់ក្នុងការចោះសម្អាត និងបម្លែងទឹកកខ្វក់ឱ្យទៅជាទឹកស្អាត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រដោយផ្ទាល់។

គូសបញ្ជាក់ផងដែរថានេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការគិតគូរអំពីសុខទុក្ខ សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ និងការថែរក្សាអនាម័យបរិស្ថាន ជាពិសេសការការពារជីវចម្រុះ និងសភ័ណភាពឆ្នេរខ្សាច់កោះរ៉ុង ឱ្យនៅតែស្រស់ស្អាតជានិច្ច ឆ្លើយតបទៅ នឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការរៀបចំគម្រោងអាងប្រព្រឹត្តកម្មទឹកកខ្វក់បន្ថែមនៅក្រុងកោះរ៉ុងនាពេលនេះ ក៏ត្រូវបានរំពឹងថានឹងអាចជួយលើកកំពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈការផ្តល់ឱកាសការងារជាក់ស្តែង ហើយនឹងក្លាយជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបៃតង គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព  និងប្រែក្លាយខេត្តព្រះសីហនុ និងបណ្តាកោះទាំងអស់ឱ្យក្លាយជាតំបន់ទេសចរណ៍គំរូផ្នែកបរិស្ថាន និងអនាម័យក្នុងប្រទេសកម្ពុជា៕

អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ

រូបភាព ៖ រដ្ឋបាលខេត្តព្រះសីហនុ