សម្ដេចប្រធានរដ្ឋសភា ស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និងជំរុញអ្នកវិនិយោគ អ្នកទេសចរមកកម្ពុជា
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំកម្ពុជា ជួយបន្តពង្រឹងការងារសំខាន់ៗមួយចំនួនដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងការជំរុញអ្នកវិនិយោគ អ្នកទេសចរពីប្រទេសជប៉ុនមកកម្ពុជាបន្ថែមទៀត។
សំណើទាំងនេះ បានលើកឡើងនៅក្នុងឱកាស សម្ដេចប្រធានរដ្ឋសភាទទួលពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីស៊ីហ្ស៊គី ហ៊ីដេអូ (ISHIZUKI Hideo) ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សម្ដេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តមឯកអគ្គរាជទូត ដែលទទួលបានការតែងតាំងជា ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា។ សម្ដេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាស្វាគមន៍និងត្រៀមសហការជាមួយឯកឧត្តមជានិច្ច ដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅលើគ្រប់វិស័យ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
សម្ដេចបានគូសបញ្ជាក់ថា រដ្ឋសភាជាស្ថាប័នតំណាងប្រជាពលរដ្ឋ។ ការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ សម្ដេចបានស្នើឱ្យឯកឧត្តមជំរុញឱ្យមានការផ្លាស់ប្ដូរបទពិសោធរវាងរដ្ឋសភាប្រទេសទាំងពីរ តាមគ្រប់មធ្យោបាយ ដោយផ្ទាល់ឬតាមអនឡាញ (Online)។
ជាមួយគ្នានេះ សម្ដេចក៏បានស្នើឱ្យជប៉ុនផ្តល់ការគាំទ្របណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយសាររដ្ឋសភានីតិកាលទី៧ បានផ្តោតសំខាន់លើការអភិវឌ្ឍស្ថាប័នជាសភាឌីជីថល។
ក្រុមហ៊ុនជប៉ុន ស្ថិតនៅក្នុងចំណោមវិនិយោគិនដែលទទួលបានការគោរព និងកោតសរសើរបំផុតនៅកម្ពុជា តាមរយៈគុណភាព បទដ្ឋានស្តង់ដារខ្ពស់ និងការប្ដេជ្ញាចិត្តរយៈពេលវែង។ មានក្រុមហ៊ុនធំៗរបស់ជប៉ុនប្រមាណជា៥០០ កំពុងវិនិយោគនៅកម្ពុជា។ ជាមួយការស្នើសុំឱ្យជប៉ុនបង្កើនការវិនិយោគនៅកម្ពុជា សម្ដេចបានគូសបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មិនត្រឹមតែធ្វើឱ្យទុនវិនិយោគនៃប្រទេសទាំងពីរមានការកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែនឹងអាចទាក់ទាញ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគពីប្រទេសនានា មកបណ្តាក់ទុននៅកម្ពុជាផងដែរ។ សម្ដេចបានស្នើឱ្យជប៉ុនបណ្តាក់ទុនបន្ថែមលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងការកែច្នៃជាដើម។
ឯកឧត្តម អ៊ីស៊ីហ្ស៊គី ហ៊ីដេអូ បានថ្លែងអំណរគុណដែលសម្ដេចប្រធានរដ្ឋសភាបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបញ្ជាក់ថា ជាកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។
ឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ២០២៣ ព្រមទាំងប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
សម្ដេចប្រធានរដ្ឋសភាបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងគួរឱ្យទុកចិត្ត ស្មោះត្រង់ និងយោគយល់គ្នា។ ពលរដ្ឋនៃប្រទេសទាំងពីរមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្នា។ ជប៉ុនជាមិត្តល្អរបស់កម្ពុជា ដែលបានចូលរួមចំណែកនៅកម្ពុជាតាំងពីការស្វែងរកសន្តិភាព គាំទ្រដល់ការអភិវឌ្ឍ តាមរយៈជំនួយមនុស្សធម៌ និងជំនួយឥតសំណងជាដើមនោះ សមិទ្ធផលជាច្រើនបានលេចរូបរាងឡើងនៅកម្ពុជា ដូចជាស្ពាន ផ្លូវ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន។
ជាមួយគ្នានេះ សម្ដេចប្រធានរដ្ឋសភាក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានធ្វើសកម្មភាពមនុស្សធម៌ ជួយគាំទ្រ ទំនុកបម្រុងដល់ពលរដ្ឋភៀសខ្លួនពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ដែលរហូតមកដល់ពេលនេះ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញផងទេ។
សម្ដេចក៏បានរំលឹកដល់ការបញ្ជូនកងកម្លាំង និងមន្ត្រីជប៉ុនមកចូលរួមក្នុងបេសកកម្មអ៊ុនតាក់ (UNTAC) នៅកម្ពុជា ដោយមានអ្នកការទូតជប៉ុនម្នាក់ គឺលោក Akashi Yasushi ជាអ្នកដឹកនាំបេសកកម្មនេះ។ ពលរដ្ឋកម្ពុជា បានចងចាំជានិច្ចនូវពលិកម្មរបស់កងកម្លាំងជប៉ុនពីររូប កាលសម័យនោះផងដែរ៕


