ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបប្រធានការិយាល័យតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) អាណត្តិចាស់ និងអាណត្តិថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មានរវាងកម្ពុជា-វៀតណាម

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្វិញ វ៉ាន់ថាវ ប្រធានការិយាល័យតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជា អាណត្តិចាស់ ដែលបានបញ្ចប់បេសកកម្មការងារ និងចូលជម្រាបលា ព្រមទាំងបានទទួលស្វាគមន៍លោក ដូ ហ៊ុយ ប៊ិញ ដែលត្រូវបានតែងតាំងជាប្រធានការិយាល័យតំណាង VNA ប្រចាំកម្ពុជា អាណត្តិថ្មី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ដូ ហ៊ុយ ប៊ិញ ក្នុងឱកាសចូលកាន់តំណែងថ្មី និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជា និងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ប្រកបដោយវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងការទទួលខុសត្រូវ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA បានរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាយូរមកហើយ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យសារព័ត៌មាន។ ឯកឧត្តមបានបង្ហាញក្តីរំពឹងថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិយាកាសព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានដែលមានភាពត្រឹមត្រូវ ឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន និងរួមចំណែកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំក្នុងយុគសម័យឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបថា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រសួងព័ត៌មានកម្ពុជា និងក្រសួងទេសចរណ៍វៀតណាម ដែលទទួលបន្ទុកវិស័យព័ត៌មាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន។ កិច្ចសហប្រតិបត្តិការនេះ បានចាប់ផ្តើមទទួលលទ្ធផលជាក់ស្តែង តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈរវាងភាគីទាំងពីរ។

ជាការឆ្លើយតប លោក ដូ ហ៊ុយ ប៊ិញ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជា។ លោកបានអះអាងថា ទីភ្នាក់ងារសារព័ត៌មានវៀតណាម នឹងបន្តផ្សព្វផ្សាយព័ត៌មានអំពីការអភិវឌ្ឍរបស់កម្ពុជា សមិទ្ធផលនានា និងទំនាក់ទំនងមិត្តភាពជាប្រពៃណី ព្រមទាំងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែទូលំទូលាយដល់សាធារណជនវៀតណាម និងអន្តរជាតិ។

លោកបានឱ្យដឹងថា ជាមធ្យមក្នុងមួយខែ ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំនៅកម្ពុជា បានផលិត និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកម្ពុជាប្រមាណ ១០០ អត្ថបទ។ លើសពីនេះ VNA នៅក្នុងប្រទេសវៀតណាម ផ្សាយព័ត៌មានជាច្រើនភាសា រួមមាន ភាសា អង់គ្លេស បារាំង រុស្ស៊ី អេស្ប៉ាញ និងចិន។ ចំពោះព័ត៌មានជាភាសាខ្មែរ VNA បានប្រើប្រាស់ព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងប្រភពព័ត៌មានផ្លូវការផ្សេងៗរបស់កម្ពុជា រួមទាំង Khmer Time ផងដែរ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះ VNA ដែលបានយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជា ជា មធ្យមប្រមាណ ១០០ អត្ថបទក្នុងមួយខែ ដោយផ្តោតលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងការអភិវឌ្ឍជាតិ។

ឯកឧត្តមបានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានរបស់ VNA បានរួមចំណែកឱ្យប្រជាជននៃប្រទេសទាំងពីរ យល់ ដឹងកាន់តែច្បាស់អំពីការវិវឌ្ឍស្ថានការណ៍នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់គ្នាទៅវិញទៅមក។ ជាពិសេស ប្រជាជនវៀតណាមក៏ទទួលបានព័ត៌មានអំពីស្ថាន ការណ៍នៅកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបបន្ថែមថា ក្រសួងព័ត៌មានមានប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រួមមាន ទូរទស្សន៍ជាតិកម្ពុជា (TVK) វិទ្យុជាតិកម្ពុជា (RNK) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងកម្មវិធីទូរស័ព្ទ (App) ដែលជាប្រភពព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ មានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានដែលត្រឹមត្រូវ ទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជូនប្រជាពលរដ្ឋ ដើម្បីធានាសិទ្ធិទទួលព័ត៌មាន និងជួយឱ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានដែលមានភាពជឿជាក់។

ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏ដើរតួនាទីជាស្ពានតភ្ជាប់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយនាំយកគោលនយោបាយ និងព័ត៌មានរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាជន ព្រមទាំងនាំយកមតិ និងសំណូមពររបស់ប្រជាពល រដ្ឋត្រឡប់មកកាន់រាជរដ្ឋាភិបាលវិញ ដើម្បីរួមចំណែកលើក កម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព៕