កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីខេត្តរតនគិរីថា កម្ពុជាសូមប្រកាសប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម និងយល់ច្បាស់អំពីទុក្ខវេទនា ការបាត់បង់អាយុជីវិត ពិការភាព និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កាលពីឆ្នាំ២០២៥ ទាហានថៃបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារចូលក្នុងទឹកដីកម្ពុជា ទាំងតំបន់សមរភូមិ និងតំបន់ជនស៊ីវិល ដែលបង្កការគំរាមកំហែងរយៈពេលវែងដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កើនបន្ទុកបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាបញ្ចប់ការប្រើប្រាស់គ្រាប់បែកចង្កោម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះ គាំទ្រជនរងគ្រោះ និងធានាឱ្យប្រជាពលរដ្ឋ ជាពិសេសកុមារ និងស្ត្រី អាចរស់នៅប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការភ័យខ្លាចពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះ។ ជាមួយគ្នានេះ កម្ពុជាបន្តប្តេជ្ញាពន្លឿនការបោសសម្អាតគ្រាប់បែកចង្កោម ពង្រឹងការអប់រំយល់ដឹង ការជួយជនរងគ្រោះ និងការអភិវឌ្ឍសហគមន៍ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់បែកចង្កោមឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រកបដោយចក្ខុវិស័យ និងយកចិត្តទុកដាក់ខ្ពស់លើវិស័យសកម្មភាពមីនមនុស្សធម៌។ ទោះបីកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ ផ្ទៃដីគ្រាប់បែកចង្កោមប្រមាណ ៦៤៤ គីឡូម៉ែត្រការ៉េ នៅតែត្រូវធ្វើការបោសសម្អាតបន្ថែម។
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការ NPA និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក ព្រមទាំងទីភ្នាក់ងារអភិវឌ្ឍន៍ន័រវេស (NORAD) ដែលបានគាំទ្រការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តរតនគិរី ចាប់តាំងពីឆ្នាំ២០១៣។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកៀរគរធនធាន និងជំនាញបច្ចេកទេស ពន្លឿនការបោសសម្អាតសំណល់គ្រាប់បែកចង្កោមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងនាមជាប្រទេសរងគ្រោះ កម្ពុជានឹងចូលរួមកិច្ចប្រជុំអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅប្រទេសឡាវ នាខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចែករំលែកវឌ្ឍនភាព និងបទពិសោធន៍របស់កម្ពុជា ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងរួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមនៅទូទាំងពិភពលោក។
លោក Hans Peter Risser នាយកប្រចាំប្រទេសនៃអង្គការ NPA បានលើកឡើងថា អង្គការ NPA បានចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ ក្នុងនោះរួមមានទាំងគាំទ្រការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ការគាំទ្របច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម។ លោកបន្តទៀតថា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងទីភ្នាក់ងារអភិវឌ្ឍន៍ន័រវេស (NORAD) ចាប់តាំងពីឆ្នាំ២០១៣ អង្គការ NPA បានគាំទ្រការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តរតនគិរី ក្នុងទំហំផ្ទៃដីជាង ៤០គីឡូម៉ែត្រការ៉េ រកឃើញនិងកំទេចចោលគ្រាប់បែកចង្កោមជាង ៦ពាន់គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ដោយផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនជាង ៣ម៉ឺននាក់។
ជាមួយគ្នានោះ លោក Hans Peter Risser បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្ររបស់អង្គការ NPA ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចគោលដៅ ប្រទេសមួយដែលគ្មានផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។







