ឯកឧត្តម នេត្រ ភក្ត្រា៖ ការបង្កើតគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ជាជំហានថ្មីក្នុងការកសាងបណ្តាញព័ត៌មានរដ្ឋឌីជីថល និងបង្កើនទំនុកចិត្តសាធារណជន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័ររួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥» ជាជំហានថ្មីមួយក្នុងការធ្វើបរិវត្តកម្មឌីជីថល និងកសាងបណ្តាញព័ត៌មានរដ្ឋឌីជីថល ដែលមានការតភ្ជាប់ពីមូលដ្ឋានទៅថ្នាក់ជាតិ និងពីស្ថាប័នរដ្ឋទៅកាន់សាធារណជន ដោយផ្តោតលើការផ្តល់ព័ត៌មានដែលមានគុណភាព ទាន់ពេលវេលា ត្រឹមត្រូវ និងអាចជឿទុកចិត្តបាន។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា «បច្ចេកវិទ្យា គឺជាឧបករណ៍ ប៉ុន្តែមាតិកា គឺជាបេះដូង។ ប្រព័ន្ធ គឺជាមធ្យោបាយ ប៉ុន្តែភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាគោលដៅ» ដោយសង្កត់ធ្ងន់ថា ការមានប្រព័ន្ធបច្ចេកវិទ្យាដែលដំណើរការល្អ គឺគ្រាន់តែជាមូលដ្ឋាន ខណៈគោលដៅសំខាន់គឺការធ្វើឱ្យព័ត៌មានមានគុណភាព ទាន់ពេលវេលា ត្រឹមត្រូវ មានប្រយោជន៍ និងអាចកសាងទំនុកចិត្តពីសាធារណជន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័ររួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥» នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នាសាលសន្និសីទទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ពិធីនេះមិនមែនគ្រាន់តែជាការប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រថ្មីរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃការបោះជំហានទៅមុខរបស់ក្រសួងព័ត៌មាន ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងធ្វើទំនើបកម្មវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
សមិទ្ធផលនេះកើតចេញពីការប្តេជ្ញាចិត្ត ការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានគោលដៅរួមក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័ស ទូលំទូលាយ មានប្រសិទ្ធភាព និងមានភាពជឿទុកចិត្តបាន។
តាមរយៈកិច្ចសហការនេះ ក្រសួងទាំងពីរបានបង្កើតប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័ររួម ឬ Government Content Management System (CMS) ដែលជាមូលដ្ឋានសម្រាប់ផ្លាស់ប្តូររបៀបផលិត គ្រប់គ្រង ចែកចាយ និងផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នព័ត៌មានរដ្ឋ។ ប្រព័ន្ធនេះមានស្តង់ដារបច្ចេកវិទ្យាស្របគ្នា ប្រព័ន្ធគ្រប់គ្រងមានប្រសិទ្ធភាព និងយកចិត្តទុកដាក់លើសន្តិសុខឌីជីថល ព្រមទាំងជួយធ្វើសមាហរណកម្មព័ត៌មានពីរដ្ឋបាលថ្នាក់ក្រោមជាតិទៅថ្នាក់ជាតិឱ្យកាន់តែស៊ីសង្វាក់ មានសណ្តាប់ធ្នាប់ និងមានប្រភពច្បាស់លាស់។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងយុគសម័យឌីជីថល ព័ត៌មានធ្វើដំណើរលឿនជាងពេលណាៗទាំងអស់ ខណៈប្រជាពលរដ្ឋអាចទទួលព័ត៌មានតាមទូរស័ព្ទដៃឆ្លាតវៃ គេហទំព័រ កម្មវិធីទូរស័ព្ទ បណ្តាញសង្គម និងថ្នាលឌីជីថលផ្សេងៗ។ ដូច្នេះ ល្បឿននៃព័ត៌មានក៏ជាល្បឿននៃការឆ្លើយតបរបស់ស្ថាប័នផងដែរ ហើយការផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋត្រូវសម្របខ្លួនទៅនឹងបរិបទថ្មីនេះ។
ក្នុងន័យនេះ ការផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋត្រូវឈានចេញពីការផ្សព្វផ្សាយតាមទម្រង់ប្រពៃណីតែមួយ ទៅកាន់ ការផ្សព្វផ្សាយមាតិកាតាមថ្នាលពហុប្រព័ន្ធ (Multi-Platform Content Distribution) ដើម្បីធានាថា ព័ត៌មានផ្លូវការរបស់រដ្ឋអាចទៅដល់ប្រជាពលរដ្ឋ មិនថាពួកគេស្ថិតនៅទីណា ឬប្រើប្រាស់ថ្នាលណាក៏ដោយ។
ទន្ទឹមនឹងការពង្រីកការផ្សព្វផ្សាយតាមថ្នាលឌីជីថល ការធានាប្រភពព័ត៌មានច្បាស់លាស់ក៏ជាកត្តាសំខាន់ផងដែរ។ ក្នុងន័យនេះ ការបង្កើត អត្តសញ្ញាណឌីជីថលរួមក្រោមដែនជាតិ «.info.gov.kh» ជួយឱ្យប្រជាពលរដ្ឋងាយស្រួលស្គាល់ និងស្វែងរកប្រភពព័ត៌មានផ្លូវការរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិយាកាសឌីជីថលដែលព័ត៌មានពិត និងព័ត៌មានមិនពិតអាចរីករាលដាលបានយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋត្រូវការដឹងថា ព័ត៌មានមកពីណា តើប្រភពនោះជាផ្លូវការឬទេ និងតើព័ត៌មាននោះអាចផ្ទៀងផ្ទាត់បានឬទេ។ ដូច្នេះ គេហទំព័រផ្លូវការទាំង ២៥ ត្រូវក្លាយជាប្រភពដែលប្រជាពលរដ្ឋអាចចូលទៅស្វែងរក និងផ្ទៀងផ្ទាត់ព័ត៌មានផ្លូវការបាន។
ដើម្បីឱ្យគោលដៅនេះសម្រេចបាន ឯកឧត្តមរដ្ឋមន្ត្រីបានដាក់ចេញភារកិច្ចសំខាន់ៗចំនួន ៣ ជូនមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ គឺ៖ ទី១ ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំ និងទាន់ពេលវេលា។ ទី២ ត្រូវពង្រឹងគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ និងទី៣ ត្រូវការពារសុចរិតភាព និងភាពជឿជាក់នៃព័ត៌មាន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពទាក់ទាញនៃមាតិកាមិនត្រូវមកជំនួសភាពត្រឹមត្រូវនោះឡើយ ព្រោះ «ព័ត៌មានដែលលឿន ប៉ុន្តែមិនត្រឹមត្រូវ មិនអាចបង្កើតទំនុកចិត្តបានឡើយ»។ ដូច្នេះ ការផលិតមាតិកាឌីជីថលត្រូវប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភព ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវចំពោះសាធារណជន។
ជាមួយនឹងទិសដៅខាងលើ លទ្ធផលនៃការអនុវត្តក៏ចាប់ផ្តើមបង្ហាញជាក់ស្តែង។ គិតមកដល់ថ្ងៃសម្ពោធ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ បានផលិត និងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងមាតិកាឌីជីថលសរុប ជាង ១៤,០០០ អត្ថបទ និងមានអ្នកចូលទស្សនាសរុប ជាង ១០០,០០០ នាក់។ ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកលទ្ធផលនេះថា ជាសក្ខីភាពនៃការចាប់ផ្តើមបំពេញតួនាទីរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត ក្នុងការធ្វើជាប្រភព និងមជ្ឈមណ្ឌលព័ត៌មានឌីជីថលនៅថ្នាក់មូលដ្ឋាន។
យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្ពោធគេហទំព័រទាំង ២៥ មិនមែនជាចំណុចបញ្ចប់ទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃដំណើរថ្មីមួយ។ ក្រសួងព័ត៌មាននឹងបន្តពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើជំនាញសារព័ត៌មានឌីជីថល ការផលិតមាតិកាពហុប្រព័ន្ធ ការគ្រប់គ្រងថ្នាលឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យស្របតាមតម្រូវការការងារ និងមានការទទួលខុសត្រូវ។
ជំហានបន្ទាប់ ក្រសួងព័ត៌មាននឹងបន្តពង្រឹងការតភ្ជាប់គេហទំព័រទាំង ២៥ ទៅកាន់កម្មវិធីទូរស័ព្ទ MoINFO App ដើម្បីបង្កើតបណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋដែលកាន់តែទំនើប សកម្ម ស៊ីសង្វាក់ និងអាចឆ្លើយតបបានលឿនជាងមុន។ គោលដៅមិនត្រឹមតែធ្វើឱ្យប្រព័ន្ធព័ត៌មានរដ្ឋមានវត្តមាននៅលើអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យប្រព័ន្ធនេះមានប្រយោជន៍ និងអាចប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ឱ្យបន្តផលិតព័ត៌មានប្រកបដោយគុណភាព បន្តសិក្សាបច្ចេកវិទ្យាថ្មីៗ និងធ្វើឱ្យគេហទំព័ររបស់ខ្លួនក្លាយជាប្រភពព័ត៌មានដែលប្រជាពលរដ្ឋអាចស្វែងរក ពឹងផ្អែក និងប្រើប្រាស់បាន។
«កុំឱ្យគេហទំព័ររបស់យើងគ្រាន់តែមានព័ត៌មាន។ ត្រូវឱ្យវាមានតម្លៃ។ កុំឱ្យវាគ្រាន់តែមានអ្នកចូលទស្សនា។ ត្រូវឱ្យវាមានអ្នកទទួលបានប្រយោជន៍។ កុំឱ្យយើងគ្រាន់តែធ្វើបរិវត្តកម្មបច្ចេកវិទ្យា។ ត្រូវធ្វើបរិវត្តកម្មរបៀបគិត របៀបធ្វើការ និងរបៀបបម្រើប្រជាពលរដ្ឋផងដែរ»។ ប្រសាសន៍នេះបានបង្ហាញពីទិសដៅដែលក្រសួងព័ត៌មានផ្តោតលើការធ្វើឱ្យបរិវត្តកម្មឌីជីថលមានន័យលើសពីការបង្កើតប្រព័ន្ធបច្ចេកវិទ្យា ដោយភ្ជាប់ទៅនឹងការកែលម្អរបៀបធ្វើការ និងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ។
ជារួម ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័ររួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ បានបង្កើតមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរពីការផ្សព្វផ្សាយព័ត៌មានតាមទម្រង់ប្រពៃណី ទៅកាន់ការផ្សព្វផ្សាយព័ត៌មានឌីជីថលតាមថ្នាលពហុប្រព័ន្ធ ពីប្រព័ន្ធដាច់ដោយឡែកទៅកាន់ប្រព័ន្ធដែលមានការតភ្ជាប់ និងសមាហរណកម្ម និងពីការផ្សព្វផ្សាយព័ត៌មានទៅកាន់ការផ្តល់សេវាព័ត៌មានដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
សមិទ្ធផលនេះក៏ជាសក្ខីភាពនៃកិច្ចសហការរវាងក្រសួងព័ត៌ មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការជំរុញការធ្វើទំនើបកម្មវិស័យព័ត៌មាន និងកសាងបណ្តាញព័ត៌មានរដ្ឋឌីជីថលដែលមានប្រភពច្បាស់លាស់ មានគុណភាព និងអាចជឿទុកចិត្តបាន ដើម្បីបន្តបំពេញតម្រូវការព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងយុគសម័យឌីជីថល៕



