សមាគមអាជីវករ ហ៊ូណាន នៅកម្ពុជា និងសមាគមអាជីវករ ហ្គុយចូវ នៅកម្ពុជា រៀបចំពិធីជួបជុំគ្នា ក្នុងឱកាសបុណ្យសែនព្រះខែ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតអាជីវកម្ម កម្ពុជា-ចិន
ពិធីបុណ្យសែនព្រះខែ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយរបស់ជនជាតិចិន និងប្រជាជន នៅបណ្តាប្រទេសមួយចំនួននៅអាស៊ី ដើម្បីសម្តែងនូវការដឹងគុណ ចំពោះផលដំណាំដែលប្រមូលបាន និងជាឱកាសសម្រាប់ការជួបជុំក្រុមគ្រួសារយ៉ាងរីករាយ ក្រោមទស្សនទានស្នូល «ស្វែងរកមនុស្សដែលត្រឹមត្រូវ ដើម្បីធ្វើការងារឱ្យបានត្រឹមត្រូវ» ក្នុងគោលបំណងបង្កើតនូវវេទិកាថ្មីមួយ ដើម្បីជួយជ្រោមជ្រែង សហគ្រាសមកពីខេត្តហ៊ូណាន និងហ្គុយចូវ ក្នុងការពង្រីកអាជីវកម្មទៅក្រៅប្រទេស និងភ្ជាប់ធនធានឧស្សាហកម្មកម្ពុជា-ចិន ឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងពិធីនេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សមាគមអាជីវករហ៊ូណាននៅកម្ពុជា, សមាគមអាជីវករហ្គុយចូវនៅកម្ពុជា, សហគមអាណិកជនចិន ព្រមទាំងតំណាងពាណិជ្ជករចិន មកពីគ្រប់វិស័យ រួមនិងវិស័យឯកជន ចូលរួមប្រមាណជាង ៦០០នាក់។
លោក លី ស៊ីនហួ (Li Xinhua) ប្រធានសមាគមអាជីវករហ៊ូណាននៅកម្ពុជា បានឲ្យដឹងថា ការរៀបចំពិធីឡើងនាពេលនេះ ដើម្បីរំលឹកអនុស្សាវរីយ៍ រឹតចំណងមិត្តភាព និងរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការបង្កើតអាជីវកម្ម និងការអភិវឌ្ឍន៏រួមគ្នា កម្ពុជា-ចិន។ ជាពិសេស ផ្តោតសំខាន់លើការផ្គត់ផ្គង់ធនធាន ឱ្យចំគោលដៅ និងការជំរុញគម្រោង ឱ្យលេចចេញជាផ្លែផ្កាប្រកបដោយប្រសិទ្ធភាព ដោយប្តេជ្ញាបង្កើតឱ្យទៅជាយន្តការតភ្ជាប់ឧស្សាហកម្មជាទៀងទាត់មួយ។
លោក លី ស៊ីនហួ បន្ថែមទៀតថា នាពេលអនាគត វេទិកានេះនឹងបន្តរៀបចំសកម្មភាពជាច្រើន រួមមាន កិច្ចសម្ភាសន៍សហគ្រិន, សិក្ខាសាលាឧស្សាហកម្ម, និងការតាំងពិពណ៌ផ្គត់ផ្គង់ពាណិជ្ជកម្មជាដើម ដើម្បីបន្តកៀរគរកម្លាំងអាណិកជនចិន មកពីខេត្តហ៊ូណាន និងខេត្តហ្គុយចូវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងចាប់ដៃជាមួយពាណិជ្ជករចិនទាំងអស់ ក្នុងការបើកទូលាយទីផ្សារដ៏ធំទូលាយនៅកម្ពុជា។
លោកជំទាវ លីវ ឆាវលីង (Liu Qiaoling) រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងដែរថា ពិធីបុណ្យសែនព្រះខែ គឺជាព្រឹត្តិការណ៍វប្បធម៌ និងប្រពៃណីដ៏សំខាន់មួយ ដែលជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ បញ្ជាក់ថា ឱកាសអាជីវកម្មសម្រាប់សហគ្រាស និងអាជីវករ ក្នុងការបង្កើនការលក់ ជាពិសេស ការលើកកម្ពស់ពាណិជ្ជកម្ម និងទំនាក់ទំនងសេការផ្លាស់ប្តូរ រវាងដៃគូពាណិជ្ជកម្ម ក្រុមហ៊ុន និងអតិថិជន ក៏ជាផ្នែកមួយនៃការកសាង និងពង្រឹងទំនាក់ទំនងធុរកិច្ចនៅក្នុងសង្គមផងដែរ។
សូមបញ្ជាក់ថា ក្នុងឪកាសនោះ ក៏មានពិធីបើកសម្ពោធគម្រោង ដែលជាសញ្ញាសម្គាល់ នៃការចាប់ផ្តើមជាផ្លូវការនូវម៉ាកសញ្ញាកិច្ចសហប្រតិបត្តិការឧស្សាហកម្ម «ដៃគូអាជីវកម្ម កម្ពុជា» លើទឹកដីកម្ពុជា។



