ក្រសួងព័ត៌មានបានសម្របសម្រួលជូនដល់អ្នកសារព័ត៌ជាតិ និងអន្តរជាតិ ៣៩អង្គភាព ចុះថត ផ្តិតយករូបភាព យកព័ត៌មាន នៅទីតាំង ជាអតីតកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅខេត្តព្រៃវែង
អ្នកកាសែតជាតិ និងអន្តរជាតិ ៧៥នាក់ មកពី៣៩អង្គភាព នៅព្រឹកថ្ងទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានចុះមកដល់តំបន់ព្រំដែនម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង ថត ផ្តិតយករូបភាព យកព័ត៌មាន នៅទីតាំងដែលជាអតីតកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅខេត្តព្រៃវែង ។
អភិបាលខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន បានបញ្ជាក់ថា៖ បច្ចុប្បន្នខេត្តព្រៃវែង មិនមានទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានលើកកម្ពស់ការប្រយុទ្ឋប្រឆាំងការឆបោកតាមប្រព័ន្ឋអនឡាញជាអាទិភាពសន្តិសុខជាតិ ដោយប្រើប្រាស់វិធីសាស្រ្តឆ្លើយតបជាប្រព័ន្ធ នឹងគ្រប់ជ្រុងជ្រោយ តាមរយៈការចូលរួមពីគ្រប់ក្រសួង-ស្ថាប័ន និងគ្រប់តួអង្គក្នុងសង្គម ព្រមទាំងបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ឋបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ និងយុទ្ឋនាការបោសសម្អាតទូទាំងប្រទេស។
វិធានការគន្លឹះរួមមាន ការពង្រឹងយន្តការអន្តរស្ថាប័ន ការកែលម្អក្របខណ្ឌច្បាប់ ការរឹតបន្តឹង ការអនុវត្តច្បាប់ និងការបង្កើនកិច្ចសហប្រតិបត្តិការតំបន់-អន្តរជាតិ ដើម្បីបំបែកបណ្ដាញឧក្រិដ្ឋជន និងទប់ស្កាត់ការឆបោកតាមប្រព័ន្ឋបច្ចេកវិទ្យាឱ្យមានប្រសិទ្ឋភាព។
ការសម្រេចចិត្ត និងឆន្ទៈ នយោបាយប្រាកដប្រជា របស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាមិនមែនជាទីសុវត្ថិភាពនៃ Online Scam ឡើយ! ផ្ទុយទៅវិញ កម្ពុជាគឺជាប្រទេសរងគ្រោះ នៃការឆបោក តាមប្រព័ន្ឋបច្ចេកវិទ្យា ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះជាតិ !
ចំពោះមុខវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្អែកលើគ្រឹះយុទ្ឋសាស្ត្រ និងមរតកនយោបាយដ៏រឹងមាំ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ដាក់ចេញវិធានការមុតស្រួច ដើម្បីលុបបំបាត់បទល្មើសនេះ ឱ្យអស់ ។
សមិទ្ធផលសំខាន់ៗនៃយុទ្ឋនាការជាតិ ប្រឆាំងOnline Scams គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ – ៣១ សីហា ឆ្នាំ២០២៦ .ប្រតិបត្តិការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ ទីតាំងសង្ស័យ ៨៣២ ទីតាំង, បិទសៀល ៦៦៣ កន្លែង, បង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (scam compounds) ៨៦ ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់ .ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូជាប់ពាក់ព័ន្ឋ នឹងការឆបោកអនឡាញ សរុប ២៧ ទីតាំង ដើម្បីបិទដង្ហើមហិរញ្ញវត្ថុ
.បញ្ជូនសំណុំរឿង ៤៤៦ ករណី ទៅតុលាការ ពាក់ព័ន្ឋនឹងជនត្រូវចោទ ៣,៩២៧ នាក់ មាន ២៩ សញ្ជាតិ ។



