រដ្ឋសភា បានសម្រេចសុពលភាពនៃអាណត្តិតំណាងរាស្ត្រថ្មីមណ្ឌលខេត្តតាកែវ និងបានអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួនបួន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ដែលអង្គប្រជុំរដ្ឋសភានាឱកាសនេះបានសម្រេចលទ្ធផលដូចខាងក្រោម៖
អង្គរដ្ឋសភា សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តម សុខ ផេង ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ជំនួស ឯក ឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភាព។
ក្រៅពីនេះ រដ្ឋសភាក៏បានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បា ប់សំខាន់ៗចំនួនបួន ដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋ តាមរយៈការពង្រឹងការអនុវត្តច្បាប់ ពិសេសការពង្រឹកការគ្រប់គ្រងនិងការប្រកបវិជ្ជាជីវៈមេធាវីនៅកម្ពុជា និងការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការក្នុងនិងក្រៅតំបន់ ធានាការពារសុខសន្តិភាព និងស្ថិរភាពសង្គម ប្រកបដោយចីរភាព។
សេចក្តីព្រាងច្បាប់ទាំង៤ ដែលរដ្ឋសភាបានអនុម័តនាថ្ងៃនេះ មាន៖
១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ សេចក្តីព្រាងច្បាប់នេះ មានចំនួនបីមាត្រា ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ចម្បងសំខាន់ៗ ដូចជាការលើកកម្ពស់កិត្យានុភាពកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន ក្នុងការធ្វើឱ្យសមាហរណកម្មតំបន់អាស៊ីអាគ្នេយ៍កាន់តែពេញលេញ ដោយការបញ្ចូលទីម័រឡេស្តជារដ្ឋសមាជិកពេញសិទ្ធិនៃអាស៊ាន អនុលោមតាមគោលបំណង គោលការណ៍ សិទ្ធិ និងកាតព្វកិច្ចដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន។
២- សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុ សញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី។ សេចក្តីព្រាងច្បាប់នេះ មានចំនួនបីមាត្រា នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ពិសេសការលើកកម្ពស់កិត្យានុភាពនៅលើឆាកអន្តរជាតិ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងសកលលោក។
៣- សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីស្ដីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ មានចំនួនបីមាត្រា រៀបចំឡើងក្នុងការលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ី ក្នុងពេលបំពេញមុខងារផ្លូវច្បាប់ ឬក្នុងពេលមានវត្តមាននៅក្នុងដែនដីនៃរដ្ឋភាគីណាមួយ ស្របតាមអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១។
៤- សេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី មានបួនមាត្រា ដែលចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវីចំនួន២៩មាត្រា មាន មាត្រា២, មាត្រា៨, មាត្រា៩, មាត្រា១០, មាត្រា១១, មាត្រា១២, មាត្រា១៤, មាត្រា១៥, មាត្រា១៦, មាត្រា១៧, មាត្រា១៨, មាត្រា១៩, មាត្រា២០, មាត្រា២១, មាត្រា២២, មាត្រា២៥, មាត្រា២៨, មាត្រា២៩, មាត្រា៣០, មាត្រា៣១, មាត្រា៣២, មាត្រា៣៣, មាត្រា៤៦, មាត្រា៤៧, មាត្រា៦១, មាត្រា៦២, មាត្រា៦៥, មាត្រា៦៧ និងមាត្រា៦៩។
សេចក្តីព្រាងច្បាប់ខាងលើនេះ មានគោលបំណងពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃវិជ្ជាជីវៈមេធាវី ទាំងលើការរឹតបន្តឹងនូវលក្ខខណ្ឌនៃការចូលរួមប្រកបវិជ្ជាជីវៈមេធាវី ទាំងលើការធានាឱ្យមេធាវីមានសិទ្ធិពេញលេញក្នុងការធ្វើជាតំណាង ឬការពារកូនក្តី ឬអតិថិជនរបស់ខ្លួន ស្របតាមការកំណត់នៃច្បាប់ជាធរមាន។ ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹក នាំនិងគ្រប់គ្រងគណៈមេធាវី តាមរយៈការកែសម្រួលនូវអាណត្តិរបស់ប្រធានគណៈមេធាវី និងសមាជិកក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងការបំពេញបន្ថែមនូវបទប្បញ្ញត្តិមួយ ចំនួនដើម្បីធានានិរន្តរភាពនៃការដឹកនាំនិងការគ្រប់គ្រងគណៈមេធាវី សំដៅលើកកម្ពស់គុណភាពនៃការផ្តល់សេវា កម្មផ្នែកច្បាប់ និងបង្កើនជំនឿទុកចិត្តពីសាធារណជនលើវិជ្ជាជីវៈមេធាវី ព្រមទាំងលើកកម្ពស់ការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងសង្គមនីតិរដ្ឋ ស្របតាមទិសដៅនៃការកែទម្រង់ច្បាប់ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា៕



