ឯកឧត្តម ឈួរ សុបញ្ញា ៖ ការមានចំណេះដឹងតែមួយមុខមិនគ្រប់គ្រាន់នោះឡើយ ត្រូវភ្ជាប់ជាមួយសីលធម៌ វិន័យ និងការគោរពច្បាប់ ដើម្បីក្លាយជាពលរដ្ឋល្អ
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃសៅរ៍ ១៤ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋាន សហការជាមួយក្រុមប្រឹក្សាឃុំ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ “សន្តិភាពជាមូលដ្ឋានគ្រឹះ នៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ” ព្រមទាំងនាំយកសម្ភារសិក្សា ប្រគល់ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន ៤ សាលា ក្រោមអធិបតីភាព ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង។ កម្មវិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្តទាំង ៣ មេភូមិ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៤០០ រូប ក្នុងបរិយាកាសពោរពេញដោយសេចក្ដីស្រឡាញ់ សាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះកុមារ។
ក្នុងឱកាសនេះ ព្រះគ្រូ ប៉ុន ឌីណេត ព្រះលេខាសាលាអនុគណស្រុកសាមគ្គីមុនីជ័យ បានមានថេរដីកាអប់រំដល់ប្អូនដោយលើកឡើងថា គ្រូគឺជាមាតាបិតាទីពីរ ដែលមិនត្រឹមបង្រៀនអក្សរ ប៉ុន្តែបណ្តុះបណ្តាលចរិយាធម៌ និងគុណធម៌ដល់សិស្សានុសិស្ស។ ព្រះគ្រូបានណែនាំឱ្យសិស្សានុសិស្សទាំងអស់ មានស្មារតីដឹងគុណ គោរពគ្រូ គោរពវិន័យ និងខិតខំសិក្សា ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គម។ ព្រះអង្គក៏បានបញ្ជាក់ថា ការអប់រំតាមបែបព្រះពុទ្ធសាសនា គឺជាគ្រឹះសម្រាប់បណ្តុះមនុស្សឱ្យមានបញ្ញា និងសុចរិតភាពក្នុងជីវិត។
ជាមួយគ្នានេះ លោក មោគ ឌឹម មេឃុំដំណាក់រាំង បានលើកឡើងថា កុមារ គឺជាអនាគតនៃជាតិ ហើយការការពារ និងអភិវឌ្ឍកុមារ គឺជាកាតព្វកិច្ចរួមរបស់សង្គមទាំងមូល។ លោកបានសង្កត់ធ្ងន់លើការកសាង ភូមិឃុំមានសុវត្ថិភាព ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានស្អាត ដើម្បីបង្កើតលក្ខខណ្ឌល្អសម្រាប់កុមាររស់នៅ និងសិក្សា។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម អ៊ុក កោសា ប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យប្រគេនព្រះកូណាម្ចាស់ និងជូនអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ ពិសេសក្មួយៗកុមារ។ ថ្នាក់ដឹកនាំទាំងលោកតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យកុមារខិតខំសិក្សា រក្សាវិន័យ និងអភិវឌ្ឍខ្លួនឱ្យក្លាយជាទំព័រថ្មីនៃអនាគតជាតិ ព្រមទាំងអំពាវនាវឱ្យសហគមន៍ទាំងមូលបន្តចូលរួមថែរក្សាសន្តិភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះសិទ្ធិកុមារ។ ការរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនានេះ មិនត្រឹមជាការផ្តល់សម្ភារៈសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកក្តីស្រឡាញ់ ការបណ្តុះស្មារតី និងការចងចាំថា កុមារ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ។ ការសិក្សាគឺជាគន្លឹះសម្រាប់បើកទ្វារអនាគត ហើយកុមារត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សមានគុណភាពសម្រាប់ប្រទេសជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្ស និងសហគមន៍ថា៖
១. “ការសិក្សាគឺជាកូនសោរ និងជាគន្លឹះអនាគត” ដោយកុមារត្រូវខិតខំរៀនសូត្រ ពង្រឹងចំណេះដឹង និងជំនាញ ដើម្បីក្លាយជាធនធានមនុស្សមានគុណភាពសម្រាប់ជាតិ។
២. “ចរិយាធម៌ជាគ្រឹះនៃជីវិតល្អ” ការមានចំណេះដឹងតែមិនគ្រប់គ្រាន់ នោះឡើយ ត្រូវភ្ជាប់ជាមួយសីលធម៌ វិន័យ និងការគោរពច្បាប់ ដើម្បីក្លាយជាពលរដ្ឋល្អ។
៣. “ភូមិឃុំមានសុវត្ថិភាព ចាប់ផ្តើមពីយើងរាល់គ្នា” កុមារ យុវជន និងប្រជាពលរដ្ឋ ត្រូវរួមគ្នារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងចៀសឆ្ងាយពីអំពើអវិជ្ជមាន ដើម្បីបង្កើតបរិយាកាសល្អសម្រាប់សង្គម។
៤. “សាមគ្គីភាពជាកម្លាំងនាំទៅរកជោគជ័យ” ការរួបរួមគ្នា ជួយគ្នា និងគាំទ្រគ្នា គឺជាគន្លឹះធ្វើឱ្យសង្គមរឹងមាំ និងអភិវឌ្ឍប្រកបដោយចីរភាព ពិសេសក្នុងដំណាក់កាលប្រទេសជួបវិបត្តិឈ្លានពានរបស់បរទេសមកលើកកម្ពុជា យើងត្រូវបន្តដំណើរស្មាគៀកស្មាប្រហារសត្រូវឈ្លានពាន។



