ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងក្រុងពាលីចាក់ប្លង់សេដំបូលព្រះវិហារ វត្តសោមមុនីវ័ន (ត្រពាំងបឹង) ខេត្តតាកែវ
ខេត្តតាកែវ៖ នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងក្រុងពាលីចាក់ប្លង់សេដំបូលព្រះវិហារ ក្នុងវត្តសោមមុនីវ័ន ហៅត្រពាំងបឹង ដែលស្ថិតក្នុងភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។
នាឱកាសនោះ បន្ទាប់ពីបានប្រារព្ធកិច្ចបូជាផ្កាភ្ញី និងអុជធូបទៀនថ្វាយដល់ព្រះរតនត្រ័យ និងព្រះពុទ្ធបដិមារួចមក កម្មវិធីក៏បានដំណើរការទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ ការប្រារព្ធកិច្ចបូជានេះ មិនត្រឹមតែជាការសម្តែងនូវគារវកិច្ច និងសេចក្តីជ្រះថ្លាដ៏ជ្រាលជ្រៅចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការតំណាងឱ្យពន្លឺនៃបញ្ញា ការរំលត់នូវសេចក្តីសៅហ្មងទាំងពួង និងការផ្សព្វផ្សាយនូវក្តីមេត្តាធម៌ សេចក្តីសុខសន្តិភាពដល់សត្វលោក។ ក្លិនក្រអូបនៃធូប និងភាពស្រស់បំព្រងនៃផ្កា ជានិមិត្តរូបនៃសេចក្តីល្អ និងកុសលធម៌ដែលពុទ្ធបរិស័ទបានសន្សំ សម្រាប់ជាទីពឹងទីរលឹកតរៀងទៅ។
ថ្លែងទៅកាន់ពុទ្ធបរិស័ទនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងប្រមូលបច្ច័យយកមកបន្តកសាងព្រះវិហារ ដែលជាទីសក្ការៈដ៏សំខាន់បំផុតក្នុងទីអារាម។ ព្រះវិហារនេះ នឹងក្លាយជាមជ្ឈមណ្ឌលសាសនាដ៏ឧត្តុង្គឧត្តម សម្រាប់ពុទ្ធបរិស័ទប្រារព្ធពិធីកុសលផ្សេងៗ ក៏ដូចជាកន្លែងសម្រាប់ព្រះសង្ឃធ្វើសង្ឃកម្មស្របតាមពុទ្ធប្បញ្ញត្តិ ជាពិសេសជាទីរមណីយដ្ឋានផ្លូវចិត្ត សម្រាប់អប់រំសីលធម៌ ចរិយាធម៌ដល់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយឱ្យដើរតាមគន្លងធម៌។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា បើទោះបីជាថ្ងៃនេះ ឯកឧត្តមបានបំពេញនូវសេចក្តីសន្យាក្នុងការជួយជ្រោមជ្រែងកសាងព្រះវិហារ ចាប់តាំងពីដំណាក់កាលបុកគ្រឹះ រហូតឈានដល់ការចាក់ប្លង់សេដំបូលយ៉ាងណាក្តី ក៏ឯកឧត្តម និងលោកជំទាវ រួមជាមួយក្រុមគ្រួសារ នៅតែបន្តរក្សានូវសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគ និងគាំទ្រជាមួយបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយជានិច្ច។ ការបន្តសកម្មភាពទាំងនេះ គឺដើម្បីជំរុញឱ្យសមិទ្ធផលនានាក្នុងវត្តសោមមុនីវ័ន លេចចេញជារូបរាងពិតប្រាកដ និងពេញលេញ ដើម្បីបន្សល់ទុកជាកេរដំណែលប្រវត្តិសាស្ត្រ សារីរិកធាតុនៃវប្បធម៌ និងជាទ្រព្យសម្បត្តិគរុភណ្ឌសាសនាសម្រាប់កូនចៅជំនាន់ក្រោយ បានគោរពបូជាជារៀងដរាប។
ឯកឧត្តមបានសង្កត់ធ្ងន់ថា គ្រប់សមិទ្ធផលដែលលេចឡើងក្នុងវត្តត្រពាំងបឹងនេះ គឺសុទ្ធសឹងតែកើតចេញពីកម្លាំងសទ្ធា និងការសាមគ្គីភាពរបស់បងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីលើកស្ទួយទីអារាមនេះឱ្យមានភាពរីកចម្រើនជាលំដាប់ ជាក់ស្តែងគឺព្រះវិហារដែលកំពុងរៀបចំចាក់ប្លង់សេដំបូលនាពេលនេះផ្ទាល់។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ពុទ្ធបរិស័ទទាំងអស់នឹងបន្តរួមសាមគ្គីគ្នា ដើម្បីបញ្ចប់ការសាងសង់ព្រះវិហារនេះឱ្យបានរួចរាល់ជាស្ថាពរនាពេលឆាប់ៗខាងមុខ។ ក្រោយពេលដំបូលត្រូវបានចាក់រួចរាល់ ទីកន្លែងនេះនឹងអាចផ្តល់ភាពងាយស្រួលដល់ប្រជាពុទ្ធបរិស័ទ ក្នុងការប្រារព្ធពិធីបុណ្យផ្សេងៗតមគន្លងព្រះពុទ្ធសាសនា ក្នុងទីតាំងព្រះវិហារនេះផ្ទាល់ ជាពិសេសត្រៀមទទួលការប្រារព្ធពិធីបុណ្យកឋិនទាននាពេលខាងមុខប្រកបដោយសេចក្តីកក់ក្តៅ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម ឃឹង សារ៉ាត់ និង លោកជំទាវ ឆាយ សាលីន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បាននាំយកនូវបច្ច័យប្រគេនដល់ព្រះសង្ឃ និងចូលរួមកសាងបន្ថែមរួមមាន
វេរប្រគេនបច្ច័យចំនួន ៩ លានរៀល ដល់ព្រះសង្ឃដែលគង់នៅវត្តត្រពាំងបឹងទទួលជួយកសាង កុដិស្នាក់នៅរបស់ព្រះសង្ឃចំនួន ១ ខ្នងបន្ថែមទៀត ជំនួសកុដិចាស់ដែលមានសភាពទ្រុឌទ្រោមខ្លាំង និងរងការខូចខាតបាក់រលំមួយផ្នែកដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់។
គួរជម្រាបជូនផងដែរថា គម្រោងនៃការចាក់ប្លង់សេដំបូលព្រះវិហារនាពេលនេះ គឺត្រូវចំណាយថវិកាប្រមាណជាង ១០ ម៉ឺនដុល្លារអាមេរិក ដោយព្រះវិហារមានទំទំហំទទឹង ១៣,៣៥ ម៉ែត្រ និងបណ្តោយ ២៨,៨០ ម៉ែត្រ។
ខឿនខាងក្រៅទំហំទទឹង ៣១,៣៥ ម៉ែត្រ បណ្តោយ ៤៦,៨០ ម៉ែត្រ និងកម្ពស់ខឿន ២ ម៉ែត្រ។ បច្ចុប្បន្ន ការសាងសង់ព្រះវិហារទាំងមូលសម្រេចបានលទ្ធផលប្រមាណជា ៥០% ហើយ។



