ឯកឧត្តម ឈួរ សុបញ្ញា : ដូចដែលដែនវជ្ជីរឹងមាំដោយសារសាមគ្គីភាព កម្ពុជាក៏នឹងរឹងមាំដោយសារការរួបរួមរបស់ប្រជាជាតិទាំងមូល
ខេត្តកោះកុង៖ នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា និងឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានអមដំណើរ ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ព្រមទាំងព្រះមន្ត្រីសង្ឃខេត្ត ព្រះគ្រូអនុគណ និងមន្ត្រីសង្ឃទាំង ៩ ក្រុង-ស្រុក ព្រះរាជាគណៈ ព្រះគ្រូ ព្រះជំនួយការសាលាគណ និងព្រះចៅអធិការវត្តនានាក្នុងខេត្តកំពង់ស្ពឺ រួមជាមួយលោក ជា សូវី អភិបាលរងខេត្តកោះកុង តំណាងលោកស្រី អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមរៀបចំពិធីប្រោសព្រំពរជ័យ និងនាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ និងថវិកាឧបត្ថម្ភ ជូនដល់បងប្អូនវីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារព្រំដែន និងបូរណភាពទឹកដី នៅវត្តនិគ្រោធារាម (វត្តចាំយាម) ខេត្តកោះកុង។ ក្នុងឱកាសនោះ ព្រះសង្ឃបានប្រារព្ធពិធីសូត្រមន្តប្រោសព្រំពរជ័យ សូមអនុភាពព្រះរតនត្រ័យ និងគុណបុណ្យកុសលទាំងឡាយ ប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល សុខភាពល្អ និងកម្លាំងចិត្តដល់វីរកងទ័ពទាំងអស់ ឱ្យមានភាពរឹងមាំក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន។
ក្នុងមតិសំណេះសំណាល ឯកឧត្តម ឈួរ សុបញ្ញាបានមានមតិថា ការនាំយកសម្ភារៈថវិកាមកឧបត្ថម្ភនា និងប្រោសព្រំព្រះពរជ័យ ពេលនេះ មិនមែនគ្រាន់តែជាការជួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតី «រួមសុខ រួមទុក្ខ» រវាងព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋ ជាមួយវីរកងទ័ពដែលកំពុងឈរជើងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជាតិ។ សន្តិភាពដែលប្រជាពលរដ្ឋកំពុងទទួលបាននាពេលបច្ចុប្បន្ន គឺកើតចេញពីការលះបង់ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់រូប។ ដូច្នេះ ការគាំទ្រ និងការលើកទឹកចិត្តចំពោះវីរកងទ័ព គឺជាកាតព្វកិច្ច និងវប្បធម៌នៃការដឹងគុណ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបគួរប្រកាន់ខ្ជាប់។ ព្រះពុទ្ធសាសនាមិនត្រឹមតែជាទីពឹងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋាននៃការកសាងសីលធម៌ សាមគ្គីភាព និងស្មារតីស្នេហាជាតិ។ ព្រះធម៌បានបង្រៀនឱ្យមនុស្សចេះស្រឡាញ់គ្នា ជួយគ្នា អត់ឱនឱ្យគ្នា និងរួមគ្នាការពារផលប្រយោជន៍រួមរបស់ជាតិ។ ខ្ញុំក៏បានភ្ជាប់ទៅនឹង ធម្មនិទានដែនវជ្ជី ដែលព្រះសម្មាសម្ពុទ្ធបានសម្តែងអំពី សត្តអបរិហានិយធម៌ ជាធម៌ទាំង៧ ដែលធ្វើឱ្យដែនវជ្ជីមានភាពរឹងមាំ មិនងាយរងការបែកបាក់ ឬចាញ់សត្រូវ។ សារសំខាន់នៃធម៌នេះ គឺការរក្សាសាមគ្គីភាព ការគោរពវិន័យ ការគោរពអ្នកដឹកនាំ និងអ្នកចាស់ទុំ ការថែរក្សាប្រពៃណីល្អ និងការរួមគ្នាការពារផលប្រយោជន៍ជាតិ។ មេរៀននេះនៅតែមានតម្លៃសម្រាប់សង្គមកម្ពុជានាពេលបច្ចុប្បន្ន ព្រោះកម្លាំងដ៏ពិតប្រាកដរបស់ប្រទេស មិនស្ថិតតែលើកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើការរួបរួមរបស់ប្រជាជាតិទាំងមូល។ នៅពេលព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងប្រជាពលរដ្ឋ មានសាមគ្គីភាព មានទំនុកចិត្ត និងមានគោលដៅរួមក្នុងការការពារជាតិ នោះប្រទេសនឹងមានស្ថិរភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ខ្ញុំក៏បានអំពាវនាវឱ្យព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់រូប បន្តថែរក្សាស្មារតីសាមគ្គីភាព ស្រឡាញ់ជាតិ គោរពច្បាប់ និងរួមគ្នាការពារសន្តិភាព ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជាជន។
=========
🇰🇭🙏 «ដូចដែលដែនវជ្ជីរឹងមាំដោយសារសាមគ្គីភាព កម្ពុជាក៏នឹងរឹងមាំដោយសារការរួបរួមរបស់ប្រជាជាតិទាំងមូល។ សន្តិភាពកើតពីការលះបង់ ការពារដោយវីរកងទ័ព និងគង់វង្សដោយសារសាមគ្គីភាពរបស់ប្រជាជន»។







