យានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ៤គ្រឿង ត្រូវបានក្រុមចល័តក្រសួងចុះឆ្មក់ត្រួតពិនិត្យ និងពិន័យនៅខេត្តកំពង់ចាម រតនគិរី និងព្រៃវែង​ 

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គឹម សាន់ អនុប្រធានក្រុមការងារ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុប្រធានក្រុមការងារ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសមាជិកក្រុមការងារចល័តចម្រុះ សហការជាមួយស្ថានីយជញ្ជីងខែលជ័យ ខេត្តកំពង់ចាម និងស្ថានីយជញ្ជីងត្រពាំងក្រហម ខេត្តរតនគិរី និងស្ថានីយអ្នកលឿង ខេត្តព្រៃវែង បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពិន័យ សរុបចំនួន ៤គ្រឿង ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី ១៤តោន ដល់ ៣២តោន ដែលដឹកថ្ម និងធ្យូងថ្ម។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។ 

ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕