មន្ទីរពេទ្យកុមារជាតិ បានរៀបចំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌ វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ

ភ្នំពេញ៖  មន្ទីរពេទ្យកុមារជាតិ បានរៀបចំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌ វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រក្រោមអធិបតីភាព ឯកឧត្តម ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ, ឯកឧត្តមសាស្ត្រាចារ្យ ឡឹម ដារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ពិធីនេះ ប្រារព្ធធ្វើនារសៀលថ្ងៃទី ១០ ខែកក្តដា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិថ្លែងថា ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថា អាជីពជាគ្រូពេទ្យ មិនមែន ត្រឹមតែជាការងាររកចំណូលធម្មតានោះទេ ប៉ុន្តែវាគឺជា «បេសកកម្មមនុស្សធម៌ និងការសង្គ្រោះជីវិត»។ ក្នុងបរិបទ ដែលសង្គមមានការរីកចម្រើន ហើយប្រជាពលរដ្ឋកាន់តែមានការយល់ដឹងខ្ពស់ ការបំពេញការងារដោយផ្អែកលើ ជំនាញបច្ចេកទេសតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ឡើយ។ វាទាមទារដាច់ខាតនូវការយល់ដឹងស៊ីជម្រៅអំពីទិដ្ឋភាពច្បាប់ និងការប្រកាន់ខ្ជាប់នូវខែលការពារខ្លួន គឺ “ក្រមសីលធម៌វិជ្ជាជីវៈ»។

ឯកឧត្តមបន្ថែមថា ការរៀបចំពិធីផ្សព្វផ្សាយនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ និងចំពេលវលាបំផុតសម្រាប់បុគ្គលិកនៃមន្ទីរពេទ្យ យើងទាំងអស់គ្នា ត្រូវស្វែងយល់ពីច្បាប់យល់ដឹងពី «ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល» ដើម្បីស្គាល់ពីសិទ្ធិ កាតព្វកិច្ច និងព្រំដែនគតិយុត្តក្នុងការពិនិត្យព្យាបាល ជៀសវាងរាល់ហានិភ័យផ្លូវច្បាប់ជាយថាហេតុ។

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម ដារា រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងថា កិច្ចការងាររបស់គណៈវិជ្ជាជីវៈ នៅក្នុងវិស័យសុខាភិបាល គឺមានចំនួន៥ គណៈទៅតាមជំនាញរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដែលត្រូវបានគ្រប់គ្រងរួមមាន៖ គណៈគ្រូពេទ្យ  គណៈទន្តពេទ្យ, គណៈឱសថការី, គណៈគិលានុបដ្ឋាក និងគណៈឆ្មប។
ឯកឧត្តមបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនៃក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលអាណត្តិទី៧នេះ យើងបានបង្កើតផែនការយុទ្ធសាស្ត្ររបស់គណៈគ្រូពេទ្យ ដើម្បីចូលរួមជាមួយគោលនយោបាយរបស់ក្រសួង ក្នុងការពង្រឹងគុណភាពសេវា និងសុវត្ថិភាពសម្រាប់អ្នកជំងឺ។ ថ្នាក់ដឹកនាំក្រសួង តែងតែលើកឡើងថា «គុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ» គឺត្រូវដើរទន្ទឹមគ្នា ដើម្បីឱ្យប្រជាជនមានសេចក្តីទុកចិត្តលើគ្រូពេទ្យ និងវិស័យសុខាភិបាល។
ជាមួយគ្នានបេះ ឯកឧត្តមសាស្ត្រាចារ្យណែនាំថា ដើម្បីសម្រេចបាននូវគោលដៅនេះ គ្រូពេទ្យត្រូវតែមាន
សមត្ថភាពបច្ចេកទេស (Hard Skills) ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានត្រឹមត្រូវ។
ជំនាញទន់ (Soft Skills) រួមមានក្រមសីលធម៌ សីលធម៌រស់នៅ និងការប្រាស្រ័យទាក់ទងល្អ  ទាំងជាមួយសហការី និងរវាងគ្រូពេទ្យជាមួយអ្នកជំងឺ និងក្រុមគ្រួសារផងដែរ។