ឯកឧត្តម ឈួរ សុបញ្គា : «សុ ចិ បុ លិ» ជាគន្លឹះនៃការសិក្សាជោគជ័យ និងជាមូលដ្ឋាននៃស្មារតីជាតិរបស់សិស្សានុសិស្ស

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមជាវាគ្មិនលើប្រធានបទ «សុ ចិ បុ លិ ជាមូលដ្ឋាននៃការសិក្សាប្រកបដោយស្មារតីជាតិរបស់សិស្សានុសិស្ស» ក្នុងកម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ក្រោមប្រធានបទ «វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ» ជូនដល់សិស្សានុសិស្សចំនួន ៦៥០នាក់ នៃអនុវិទ្យាល័យត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ព្រះវិរញ្ញាណ អ៊ុំ ផេង ព្រះលេខាគណខេត្តកំពង់ស្ពឺ និងជាព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។ កម្មវិធីនេះមានគោលបំណងរួមចំណែកលើកកម្ពស់សីលធម៌ ចរិយាធម៌និងការដាស់ស្មារតីដល់សិស្សានុសិស្សឱ្យស្គាល់តម្លៃនៃការសិក្សា ការអប់រំតាមបែបព្រះពុទ្ធសាសនា និងការយកព្រះត្រៃបិដកជាគោលក្នុងការកសាងខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ និងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។

ក្នុងមតិបើកកម្មវិធី លោក ភោគ សុខ បានលើកឡើងថា ការអប់រំមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយសីលធម៌ និងគុណធម៌ផងដែរ។ លោកបានសង្កត់ធ្ងន់ថា សង្គមដែលមានការរីកចម្រើនពិតប្រាកដ គឺជាសង្គមដែលមានមនុស្សប្រកបដោយចំណេះដឹង គុណធម៌ និងការទទួលខុសត្រូវ ហើយបានជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ គោរពវិន័យ និងចូលរួមថែរក្សាតម្លៃល្អរបស់ជាតិ។

ព្រះធម្មនន្ទោ ឈៀន វីរៈ បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនាជាសាសនានៃការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍមនុស្សពីខាងក្នុង ដោយផ្តោតលើការកែប្រែចិត្តគំនិត អត្តចរិត និងការប្រព្រឹត្តឱ្យប្រសើរឡើង។ ព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ថា ការអប់រំពិតប្រាកដមិនមែនផ្តោតតែលើការប្រមូលចំណេះដឹងពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការអប់រំចិត្តឱ្យស្គាល់ខុសត្រូវ ល្អអាក្រក់ បុណ្យបាប និងចេះគ្រប់គ្រងខ្លួនឯងផងដែរ។ យុវជនដែលមានចំណេះដឹង ប៉ុន្តែខ្វះសីលធម៌ និងវិន័យ អាចក្លាយជាបញ្ហាសម្រាប់សង្គម ប៉ុន្តែយុវជនដែលមានទាំងចំណេះដឹង និងគុណធម៌ នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ។ ការខិតខំកសាងខ្លួនជាមនុស្សល្អ មានវិន័យ មានការគោរពច្បាប់ មានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គម គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យក្នុងជីវិត។ ព្រះធម្មនន្ទោក៏បានមានសង្ឃដីកាដាស់តឿនសិស្សានុសិស្សឱ្យចេះប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ខិតខំសិក្សារៀនសូត្រ គោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងជៀសវាងអំពើអបាយមុខទាំងឡាយ ជាពិសេសគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សា និងអំពើដែលនាំឱ្យបាត់បង់អនាគត។

មតិបទបង្ហាញរបស់ឯកឧត្តម ឈួរ សុបញ្ញា នាឱកាសនោះលើប្រធានបទ ៖ «សុ ចិ បុ លិ» ជាមាគ៌ានៃការសិក្សា និងស្មារតីជាតិ ដោយបានលើកយកពន្យល់អំពីគោលការណ៍ «សុ ចិ បុ លិ» ដែលជាពុទ្ធឱវាទដ៏មានតម្លៃសម្រាប់ការសិក្សារៀនសូត្រ និងការកសាងមនុស្សឱ្យក្លាយជាធនធានដ៏មានគុណភាព គឺ :

១. សុ (សុតៈ) – ស្តាប់ឱ្យបានច្រើន : សិស្សត្រូវចេះស្តាប់ការណែនាំពីលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងអ្នកមានបទពិសោធន៍។ ការស្តាប់គឺជាច្រកចូលនៃចំណេះដឹង និងជាមូលដ្ឋាននៃការយល់ដឹងត្រឹមត្រូវ។

២. ចិ (ចិន្តៈ) – គិតពិចារណាឱ្យបានជ្រាលជ្រៅ : ការរៀនមិនមែនគ្រាន់តែចាំមេរៀននោះទេ ប៉ុន្តែត្រូវចេះវិភាគ ស្វែងយល់ និងសួរសំណួរដើម្បីរកការពិត។ ការគិតបានល្អ នឹងនាំឱ្យមានការសម្រេចចិត្តបានត្រឹមត្រូវ។

៣. បុ (បុច្ឆៈ) – ចេះសួរ និងស្វែងរកចំណេះដឹង : មនុស្សដែលចេះសួរ គឺជាមនុស្សដែលចង់រីកចម្រើន។ ការសួរជួយបំពេញចន្លោះខ្វះខាតនៃចំណេះដឹង និងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ។

៤. លិ (លិខិត:) – កត់ត្រា និងអនុវត្តជាប្រចាំ : ការកត់ត្រា និងការអនុវត្ត គឺជាវិធីធ្វើឱ្យចំណេះដឹងស្ថិតស្ថេរ និងអាចប្រើប្រាស់បានជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។

«សុ ចិ បុ លិ» មិនមែនជាគន្លឹះសម្រាប់តែការរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែជាគោលការណ៍សម្រាប់ការកសាងជីវិត និងភាពជាអ្នកដឹកនាំផងដែរ។ សម្រាប់យុវជនខ្មែរ ការមានស្មារតីជាតិចាប់ផ្តើមពីការខិតខំសិក្សា ការគោរពវិន័យ ការស្គាល់ប្រវត្តិសាស្ត្រជាតិ ការគោរពច្បាប់ ការថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិ និងការត្រៀមខ្លួនឱ្យក្លាយជាពលរដ្ឋល្អ។ យុវជនដែលមានចំណេះដឹង មានសីលធម៌ និងមានការទទួលខុសត្រូវ គឺជាកម្លាំងដ៏សំខាន់ក្នុងការការពារ និងអភិវឌ្ឍប្រទេសជាតិ។ ខ្ញុំក៏បានជំរុញឱ្យសិស្សានុសិស្សប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈ កតញ្ញូ និងខន្តី ព្រោះគុណធម៌ទាំងនេះជាគ្រឹះនៃភាពជោគជ័យក្នុងការសិក្សា ការងារ និងការរស់នៅក្នុងសង្គម។ កម្មវិធី «ការអប់រំតាមព្រះពុទ្ធមាគ៌ា» បានបង្ហាញយ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនានៃជំនឿប៉ុណ្ណោះទេ ប៉ុន្តែជាសាលាជីវិតដ៏ធំមួយ ដែលរួមចំណែកបណ្តុះសីលធម៌ បញ្ញា ស្មារតីជាតិ និងការទទួលខុសត្រូវក្នុងសង្គម ដើម្បីកសាងយុវជនជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋល្អ មានគុណភាព និងមានឆន្ទៈរួមគ្នាក្នុងការការពារ អភិវឌ្ឍ និងលើកតម្កើងកិត្យានុភាពជាតិខ្មែរ ឱ្យរុងរឿងស្ថិតស្ថេរតរៀងទៅ។

ថ្លែងបិទក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានមានប្រសាសន៍កោតសរសើរចំពោះការរៀបចំកម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ដែលជាកម្មវិធីមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការរួមចំណែកបណ្តុះសីលធម៌ ចរិយាធម៌ និងស្មារតីទទួលខុសត្រូវដល់សិស្សានុសិស្សនៅតាមមូលដ្ឋាន។ ក្នុងបរិបទសង្គមដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ការអប់រំមិនអាចផ្តោតតែលើចំណេះដឹងបច្ចេកទេស ឬចំណេះវិជ្ជាប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការកសាងមនុស្សឱ្យមានគុណធម៌ សីលធម៌ មនសិការ និងការទទួលខុសត្រូវខ្ពស់ផងដែរ។ ចំណេះដឹង និងគុណធម៌ គឺដូចជាកង់ទាំងពីររបស់រទេះ ដែលត្រូវដើរទន្ទឹមគ្នា ទើបអាចនាំមនុស្សម្នាក់ទៅរកភាពជោគជ័យពិតប្រាកដ។ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពខ្លួនឯង បង្កើនវិន័យ និងការទទួលខុសត្រូវ ព្រោះយុវជនគឺជាធនធានមនុស្សដ៏សំខាន់បំផុតសម្រាប់អនាគតប្រទេសជាតិ។ ការវិនិយោគលើការសិក្សារបស់ខ្លួននៅថ្ងៃនេះ គឺជាការវិនិយោគលើអនាគតគ្រួសារ សហគមន៍ និងជាតិទាំងមូលនៅថ្ងៃខាងមុខ។ តម្លៃនៃ «វិន័យ» ដែលជាប្រធានបទស្នូលនៃកម្មវិធី ដោយបញ្ជាក់ថា វិន័យគឺជាគ្រឹះនៃភាពថ្លៃថ្នូរ និងជាមូលដ្ឋាននៃភាពជោគជ័យ។ មនុស្សដែលមានវិន័យក្នុងការសិក្សា ការងារ និងការរស់នៅ តែងតែអាចគ្រប់គ្រងខ្លួនឯងបានល្អ និងអាចសម្រេចគោលដៅជីវិតបានប្រសើរជាងអ្នកដែលខ្វះវិន័យ។ឯកឧត្តមបណ្ឌិតបានអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ ចេះដឹងគុណឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចិញ្ចឹមបីបាច់ និងបណ្តុះបណ្តាលខ្លួនឱ្យក្លាយជាមនុស្សល្អ។ ការដឹងគុណ គឺជាមូលដ្ឋាននៃមនុស្សថ្លៃថ្នូរ និងជាគុណធម៌ដែលសង្គមតែងតែគោរព និងឱ្យតម្លៃ។ សិស្សានុសិស្សជៀសឆ្ងាយពីគ្រឿងញៀន អំពើហិង្សា ក្រុមទំនើង និងអបាយមុខទាំងឡាយ ព្រោះសកម្មភាពទាំងនេះមិនត្រឹមតែបំផ្លាញអនាគតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រួសារ និងសង្គមទាំងមូលផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវពាក្យអប់រំ «សុ ចិ បុ លិ» និង «វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ» ជាគោលការណ៍ប្រចាំជីវិត ដើម្បីក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាធនធានមនុស្សដ៏មានគុណភាពសម្រាប់ប្រទេសជាតិនាពេលអនាគត។ សន្តិភាពដែលប្រទេសជាតិកំពុងមាននាពេលបច្ចុប្បន្ន គឺជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការសិក្សា និងអភិវឌ្ឍខ្លួន។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានឧបត្ថម្ភនំប៉័ងចំនួន ៦៥០ដើម សម្រាប់សិស្សានុសិស្ស ស្មើនឹងថវិកា ៣២៥,០០០រៀល។