សិក្ខាសាលាស្តីពី “មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេស នៃតំបន់ភាគខាងត្បូង (Seminar on News Officials and Journalists from the Global South) ត្រូវបានចាប់ផ្តើម

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីសិក្ខាកាមទាំង៧រូបនៃក្រសួងព័ត៌មាន បានអញ្ជើញដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ខណៈពិធីបើកសិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី Zhou Jihong អគ្គនាយិកា នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលវិទ្យុ និងទូរទស្សន៍ជាតិចិន  (NRTA)  រួមជាមួយលោក He Dongbo អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន សហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសផ្សព្វផ្សាយអន្តរជាតិ (CBIC) ។ 

ក្នុងឱកាសនោះ លោកស្រី Zhou Jihong បានគូសបញ្ជាក់ថា ប្រទេសចិន និងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់សកលលោកខាងត្បូង (Global South) មានការយល់ដឹងពីគ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ និងមានជោគវាសនារួមគ្នា។ យើងជាដៃគូដ៏ស្មោះត្រង់ ដែលកំពុងចាប់ដៃគ្នាឆ្ពោះទៅរកការអភិវឌ្ឍ ដោយមានអនាគតផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ ក្រោមការណែនាំរួមគ្នារបស់ថ្នាក់ដឹកនាំយើង កិច្ចសហប្រតិបត្តិការមិត្តភាពគ្រប់ជ្រុងជ្រោយរបស់យើង បានបន្តរីកចម្រើនកាន់តែស៊ីជម្រៅ និងមានខ្លឹមសារជាក់ស្តែង។ យើងសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើនក្នុងការផ្លាស់ប្តូរជាក់ស្តែងលើវិស័យនានា ដែលនេះជាគំរូនៃសមភាព ការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៅក្នុងសហគមន៍អន្តរជាតិ។ 

លោកស្រីបន្ថែមថា ការផ្លាស់ប្តូរកម្រិតខ្ពស់ ទាំងទ្វេភាគី និងពហុភាគី បានបន្តកើនឡើងកាន់តែរឹងមាំ។ នេះឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវបំណងប្រាថ្នារួមរបស់យើង ក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់វិបុលភាពរួម ព្រមទាំងផ្តល់កម្លាំងចលករ ប្រកបដោយនិរន្តរភាព សម្រាប់ការផ្លាស់ប្តូរជាប្រចាំលើគ្រប់វិស័យ។ 

ក្នុងនោះលោកស្រី ចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយអូឌីយ៉ូវីហ្សួលអនឡាញ (Online Audiovisual) ដែលជាផ្នែកមួយដ៏សំខាន់ នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បានរក្សានូវការអភិវឌ្ឍ ប្រកបដោយស្ថិរភាព និងវិជ្ជមានជាច្រើនឆ្នាំកន្លងមកនេះ។ វាបានធ្វើឱ្យប្រជាជនកាន់តែខិតជិតគ្នាជាបន្តបន្ទាប់ ដោយដើរតួនាទីយ៉ាងសកម្ម និងមានឥទ្ធិពលវែងឆ្ងាយ ក្នុងការបង្កើនការយល់ដឹង ពីគ្នាទៅវិញទៅមក និងការបន្តថែរក្សាមិត្តភាពជាប្រពៃណី។ 

ជាងនេះទៅទៀត លោកស្រីអគ្គនាយិកា ក៏កត់សម្គាល់ដែរថា បច្ចុប្បន្ននេះ ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសចិន ក៏ដូចជាប្រទេសដទៃទៀតដែរ គឺកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ នៃការផ្លាស់ប្តូរទម្រង់ (Transformation)។ ជាមួយនឹងការកើនឡើងយ៉ាងរហ័ស នៃអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ព្រមទាំងការវិវត្តមិនឈប់ឈរ នៃបច្ចេកវិទ្យាដែលកំពុងលេចធ្លោ ដូចជាបញ្ញាសិប្បនិម្មិត (AI) គ្រប់ប្រទេសទាំងអស់ សុទ្ធតែប្រឈមមុខនឹងបញ្ហាប្រឈមជាក់ស្តែង ក្នុងការធ្វើឱ្យប្រសើរឡើង នូវបច្ចេកវិទ្យាផលិត និងការផ្សាយ ការលើកកម្ពស់គុណភាពខ្លឹមសារ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការបង្កើនការគ្រប់គ្រង និងបទប្បញ្ញត្តិលើប្រព័ន្ធផ្សព្វផ្សាយ។ វាមានតម្រូវការបន្ទាន់ ក្នុងការផ្តល់អំណាច ដល់វិស័យប្រព័ន្ធផ្សព្វផ្សាយ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីពង្រឹងថាមពល នៃការទំនាក់ទំនង ការណែនាំ ឥទ្ធិពល និងភាពជឿជាក់របស់ខ្លួន។ 

លោកស្រីក៏បានសង្ឃឹមថា តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្លាស់ប្តូរមតិគ្នានេះ អ្នកទាំងអស់គ្នានឹងយល់ដឹងកាន់តែស៊ីជម្រៅ អំពីទស្សនវិជ្ជានៃការអភិវឌ្ឍ ពិសោធន៍បច្ចេកវិទ្យា និងបទពិសោធន៍គ្រប់គ្រងវិទ្យុ ទូរទស្សន៍ និងអូឌីយ៉ូវីហ្សួលរបស់ប្រទេសចិន និងសង្ឃឹមផងដែរថា តាមរយៈការផ្លាស់ប្តូរវិជ្ជាជីវៈនេះ យើងអាចពង្រឹងមិត្តភាព និងកសាងការយល់ឃើញរួមគ្នា តាមរយៈការចូលរួមផ្នែកបញ្ញា ដែលជាការបង្កើតគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងបន្ថែមទៀតនាពេលអនាគត និងបម្រើឱ្យកាន់តែល្អប្រសើរ ដល់ការអភិវឌ្ឍ និងវិបុលភាពរួមគ្នា នៅគ្រប់តំបន់ទាំងអស់ 

សូមបញ្ជាក់ថា ក្រសួងព័ត៌មាន បានចាត់ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន ៧រូប ដើម្បីចូលរួមសិក្ខាសាលា ស្តីពី “មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេស នៃតំបន់ភាគខាងត្បូង” (Seminar on News Officials and Journalists from the Global South) នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ៕