ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួងចែកជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ
នៅក្នុងទិវាប្រកបដោយសិរីមង្គល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សានាឆ្នាំនេះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួង ជូនដល់ក្រុមគ្រូពេទ្យនិងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល ជាង១០០នាក់ នៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចការងាររបស់ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ប្រធានមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ ជាពិសេសរបាយការណ៍អំពីការព្យាបាលជំងឺជូនប្រជាពលរដ្ឋទទួលបាននូវលទ្ធផលគួរជាទីមោទនៈបំផុតរបស់មន្ទីរពេទ្យរួចមក ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្សថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេសតែងតែរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្របតាមព្រះរាជប្បវេណីពីបុរាណដ៏ថ្កើនថ្កាន និងដើម្បីសម្តែងនូវកតញ្ញូតាធម៌ តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទូតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សុខុមាលភាពទូទៅ និងចូលរួម អបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ព្រះជន្ម ៩០ យាងចូល ៩១ព្រះវស្សា។
ឯកឧត្តម មានប្រសាសន៍បន្តថា ឆ្នាំនេះព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បនគឺជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានដឹកនាំប្រទេសជាតិឲ្យមានការប្រែប្រួលអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់នាយករដ្ឋមន្ត្រីបន្តវេន អាណត្តិទី៧ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម បន្តថា បច្ចុប្បន្នបើទោះបីជាមានបញ្ហានៅតំបន់ព្រំដែនកម្ពុជា-ថៃក៏ពិតមែន ប៉ុន្តែបញ្ហានេះត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោះស្រាយតាមផ្លូវច្បាប់ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញការគាំទ្រយ៉ាងពេញចំពោះយុទ្ធសាស្ត្រការទូតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីដោះស្រាយបញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្រើនូវយន្តការទ្វេភាគីដែលស្រាប់ក្នុងការចរចានិងដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយរួមទាំងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចែកជូននូវអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួង ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល និងស្រ្តីដែលទើបសម្រាលកូនរួចកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ សម្ដេចឪ សម្ដេចម៉ែ សរុបទាំងអស់ជាង១០០ នាក់ ។ សូមបញ្ជាក់ជូនថាអំណោយដែលចែកជូន ក្នុងម្នាក់ទទួលបាន មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ។





