ករណីឧទ្ធម្ភាគចក្រ២គ្រឿងបុកគ្នានៅលើអាកាសបណ្តាលឱ្យផ្ទុះឆេះក្នុងទីក្រុង Rio de Janeiro សម្លាប់មនុស្ស៦នាក់ ក្នុងនោះសង្ស័យមានតារាកំប្លែងអាម៉េរិក១រូបផងដែរ

ឧទ្ធម្ភាគចក្រ២គ្រឿងបានបុកគ្នាលើអាកាសនៅទីក្រុង Rio de Janeiro កាលពីថ្ងៃអាទិត្យនេះ ហើយបានធ្លាក់ចុះនៅតំបន់ភាគខាងលិចនៃទីក្រុង ដោយសម្លាប់មនុស្សទាំង ៦នាក់នៅលើយន្តហោះ នេះបើយោងតាមការលើកឡើងរបស់អ្នកពន្លត់អគ្គីភ័យក្នុងគ្រោះថ្នាក់នោះ។ នាយកដ្ឋានពន្លត់អគ្គីភ័យយោធារបស់ទីក្រុង Rio de Janeiro បាននិយាយថា ឧទ្ធម្ភាគចក្រ១គ្រឿងបានធ្លាក់ចុះនៅលើចំណតរថយន្តរបស់ក្រុមហ៊ុនលក់រថយន្តអគ្គិសនីមួយកន្លែង ដែលបានចតទុកជាច្រើនគ្រឿង បណ្តាលឱ្យឆាបឆេះតែម្តង។ មន្ត្រីបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់មូលហេតុនៃហេតុការណ៍បុកគ្នានោះ។ ប៉ូលីសបាននិយាយថា តារាចម្រៀង និងតារាកំប្លែងអាមេរិក Oliver Tree ក៏បានស្ថិតនៅក្នុងបញ្ជីអ្នកដំណើរដែលត្រូវបានប្រគល់ឱ្យអាជ្ញាធរអាកាសចរណ៍នោះដែរ ប៉ុន្តែមិនទាន់អាចកំណត់អត្តសញ្ញាណសពអ្នកស្លាប់បាននៅឡើយទេ នៅក្នុងគ្រោះថ្នាក់នោះ។ លោក Tree បានសម្តែងនៅទីក្រុង Buenos Aires (ប៊ុយណូស៊ែរ) ប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី ៤ ខែមិថុនា ហើយបានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម Instagram របស់លោកកាលពីថ្ងៃសៅរ៍ ជាកន្លែងដែលគាត់បានលេងបាល់ទាត់កំសាន្តនៅក្នុងសង្កាត់ប្រេស៊ីលមួយកន្លែងដែរ។ លោក Fernandes de Freitas ជាជាងជួសជុលសំបកកង់រថយន្ត បាននិយាយថា គាត់បានឃើញឧទ្ធម្ភាគចក្រមួយគ្រឿងធ្លាក់ចុះឆាបឆេះបន្ទាប់ ពីវាបានបុកគ្នានៅលើអាកាស ហើយលោកបានកត់សម្គាល់ឃើញថា មានអ្នកដំណើរម្នាក់បានលោតចេញពីយន្តហោះមួយទៀត មុនពេលវាធ្លាក់ចុះដល់ដី។ សាក្សីម្នាក់ឈ្មោះ De Freitas ក៏បាននិយាយដែរថា “ស្ថានភាពនាពេលនោះ វាពិតជាគួរឱ្យខ្លាចណាស់ និងគួរឱ្យរន្ធត់ថែមទៀតផង”៕

សម្រួលអត្ថបទ៖ សុផារិន្ទ