រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០០នាក់។ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧នេះ បានសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។
មានប្រសាសន៍ថាក្នុងពិធីនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា៖ ពិធីនេះ ក៏ជាសកម្មភាពមួយនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំបាត់ទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការសំដែងឆន្ទ:ចូលរួមជាមួយសហគមន៍អន្តរជាតិ អនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា៖ ក្រោយប្រទេសកម្ពុជាមានការប៉ះទង្គេចជាមួយប្រទេសថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ក្រសួងមហាផ្ទៃបានសម្រេចផ្អាកការផាកពិន័យការល្មើសច្បាប់ចរាចរណ៍ ហើយជំនួសដោយធ្វើការណែនាំ តែវិធានការសំខាន់ៗមួយចំនួននៅតែបន្តអនុវត្តន៍ ពិសេសការពិនិត្យជាតិអាលកុល និងការពិនិត្យអាវុធជាតិផ្ទុះជាដើម។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា ក្រោយមានការផ្អាកការផាកពិន័យ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ដូច្នេះឯកឧត្តមសូមស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់យានយន្តទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅទាបបំផុត។
ឆ្លៀតឱកាសដ៏វិសេសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាមួយការកចិត្តទុកដាក់ បើកបរប្រកបដោយការទទួលខុសត្រូវ និងតម្កល់ឆន្ទៈគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះត្រូវយកអស់ស្មារតីអនុវត្តវិធានការសំខាន់ៗ ដូចខាងក្រោម៖ ១. ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត, ២. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត, ៣. មិនត្រូវបើកបរស្ថិត មឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត, ៤. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត, ៥. មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត, ៦. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើតតាមទោចក្រយានយន្ត, ៧. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច, ៨. ត្រូវប្រកាន់ស្តាំជានិច្ច, ៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច និង ១០.ត្រូវប្រុងប្រយ័ត្នជានិច្ច។
ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តាំផ្ញើដល់អ្នកដែលបានអញ្ជើញចូលរួមក្នុងទិវាសប្តាហ៍ជាតិលើកទី១៧ទាំងអស់ ពេលត្រឡប់ទៅវិញសូមជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារ ញាត់សណ្តាន មិត្តភក្តិ ឱ្យចូលរួមអនុវត្តវិធានការសុវត្ថិភាពខាងលើឱ្យបានខ្ជាប់ខ្ជួន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កែប្រែឥរិយាបថក្នុងការធ្វើចរាចរណ៍ប្រកបដោយស្មារតីគោរពច្បាប់ សក្តិសមជាពលដ្ឋដែលមានភាពថ្លៃថ្នូរ។
សូមបញ្ជាក់ថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ផ្តួចផ្តើមដោយ អង្គការសហប្រជាជាតិដែលបានកំណត់យកខែឧសភា រៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមប្រទេសនានាទូទំាងសកលលោក ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលរួមទាំងប្រទេសកម្ពុជាឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍។ ឆ្នាំនេះ គឺជាឆ្នាំទី១៧ ដែលប្រទេសកម្ពុជារួមជាមួយប្រទេសនានាបានប្រារព្ធពិធីដ៏មានសារៈសំខាន់នេះ ក្រោមការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាល ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចជាផ្លូវការប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ និងបានបន្តដឹកនាំប្រារព្ធជារៀងរាល់ឆ្នាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអណត្តិទី៧នៃរាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កបាត់បង់ជីវិតមនុស្ស កាយសម្បទា និងបង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនជាច្រើន។ ទិវានេះក៏បានបំផុស ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងអស់បង្កើនការប្រុងប្រយ័ត្នចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





