មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងហ្សឺណែវដើម្បីប្រឆាំងនឹងកិច្ចប្រជុំកំពូល G7 នៅថ្ងៃច័ន្ទនេះ ក្នុងនោះក៏មានវត្តមានលោកប្រធានាធិបតី Donald Trump ផងដែរ!

ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ពួកគេប្រឆាំងនឹងក្រុមប្រទេសអ្នកមាន ឬ G7។ ប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីនានា បានអញ្ជើញចូលរួមក្នុងចំកិច្ចប្រជុំកំពូលមួយ ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះនៅប្រទេសបារាំង និង ប្រទេសជិតខាង។ អ្នកបរិស្ថានវិទ្យា និងក្រុមស្ត្រីនិយមបានចូលរួមជាមួយនឹងភាគីចក្រពត្តិនិយម អ្នកការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកគាំទ្រសិទ្ធិពលរដ្ឋប៉ាឡេស្ទីន និងមនុស្សជាច្រើននាក់ទៀត នៅក្នុងឧទ្យានមាត់បឹងមួយក្នុងទីក្រុងហ្សឺណែវ ដើម្បីដើរជាក្បួនឆ្លងកាត់ទីក្រុងនេះ។ ក្នុងចំណោមហ្វូងមនុស្សទាំងអស់ក៏មានក្រុមមនុស្សមួយក្រុមដែលពាក់អាវក្រណាត់ពណ៌ខ្មៅ និងរបាំងមុខ បានដើរជាក្បួននៅពីក្រោយបដាជាសម្ព័ន្ធប្រឆាំងនឹងក្រុមប្រទេសចក្រពត្តិនិយមដែរ។ អ្នករៀបចំការតវ៉ាបានបោះពុម្ពសៀវភៅណែនាំសម្រាប់អ្នកតវ៉ា ដែលរួមមានផែនទីនៃបរិវេណសន្តិសុខ គន្លឹះអំពីរបៀបរៀបចំសម្រាប់ការតវ៉ា និងដំបូន្មានណែនាំអំពីរបៀបប្រព្រឹត្តទៅ ប្រសិនបើពួកគេត្រូវបានប៉ូលីសចាប់ខ្លួនក្តី។ អាជ្ញាធរស្វីស និងបារាំងបានដាក់ពង្រាយប៉ូលីសរាប់ពាន់នាក់ ដើម្បីផ្តល់សន្តិសុខសម្រាប់កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ នៅក្នុងទីក្រុងរមណីយដ្ឋាន Evian-les-Bains ប្រទេសបារាំង។ សកម្មភាពតវ៉ាបែបនេះមិនមែនជារឿងថ្មីនោះទេ នៅជុំវិញជំនួបក្នុងកិច្ចប្រជុំរបស់ឥស្សរជនប្រទេសធំៗបែបនេះ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ