ឯកឧត្តម ជា វ៉ាន់ដេត៖ ថ្នាលគ្រប់គ្រងមាតិកាព័ត៌មាន CMP កំពុងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈថ្មី សម្រាប់ជំរុញការផ្លាស់ប្តូរឌីជីថលរបស់ស្ថាប័នរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា ថ្នាលគ្រប់គ្រងមាតិកាព័ត៌មាន (Content Management Platform – CMP) ដែលត្រូវបានប្រើប្រាស់សម្រាប់ដាក់ឱ្យដំណើរការប្រព័ន្ធគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ កំពុងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (Digital Public Infrastructure) ថ្មីមួយទៀត ដែលអាចបន្តជំរុញការអភិវឌ្ឍ និងដាក់ឱ្យដំណើរការប្រព័ន្ធគេហទំព័ររបស់ស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗទៀត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតី ភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការប្រើប្រាស់ថ្នាល CMP រួមនេះ មិនត្រឹមតែជួយដល់ការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាមូលដ្ឋានបច្ចេកវិទ្យាដែលអាចយកទៅអនុវត្ត និងពង្រីកសម្រាប់ប្រព័ន្ធគេហទំព័ររបស់ស្ថាប័នរដ្ឋផ្សេងៗទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ **«ថ្នាលគ្រប់គ្រងមាតិកាព័ត៌មាន (Content Management Platform – CMP) ដែលយើងកំពុងប្រើប្រាស់ដើម្បីដាក់ដំណើរការប្រព័ន្ធគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ កំពុងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Public Infrastructure) ថ្មីមួយទៀត និងជាមូលដ្ឋានសម្រាប់ជំរុញការដាក់ដំណើរការប្រព័ន្ធគេហទំព័រនៃស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗទៀត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលធានាបាននូវអធិបតេយ្យភាពឌីជីថល សន្តិសុខប្រព័ន្ធ និងចីរភាព»។
តាមការរៀបចំនេះ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការលើថ្នាល CMP រួម ដែលអនុញ្ញាតឱ្យមន្ទីរព័ត៌មាននីមួយៗមានសមត្ថភាពគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពមាតិកាព័ត៌មានរបស់ខ្លួន ខណៈដែលប្រព័ន្ធទាំងមូលស្ថិតនៅក្រោមស្ថាបត្យកម្មបច្ចេកវិទ្យារួមតែមួយ។
ថ្នាល CMP នេះ ត្រូវបានបំពាក់ដោយមុខងារសំខាន់ៗជាច្រើន ដូចជា ការគ្រប់គ្រងគេហទំព័រច្រើននៅក្នុងបណ្តាញរួម ការតភ្ជាប់ និងផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធផ្សេងៗ ការកំណត់ និងគ្រប់គ្រងសិទ្ធិអ្នកប្រើប្រាស់ ការផ្ទៀងផ្ទាត់ពីរជំហាន (Two-Factor Authentication) ការកត់ត្រាប្រតិបត្តិការ និងមុខងារសុវត្ថិភាពផ្សេងៗទៀត ដើម្បីពង្រឹងការគ្រប់គ្រងប្រព័ន្ធ និងការពារទិន្នន័យ។
ការរៀបចំថ្នាល CMP រួមនេះ មានគោលដៅសំខាន់ក្នុងការធ្វើឱ្យការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មានផ្លូវការនៅរាជធានី-ខេត្ត មានស្តង់ដាររួមតែមួយ កាត់បន្ថយការងារស្ទួនគ្នា ពង្រឹងសុវត្ថិភាពឌីជីថល និងបង្កើនប្រសិទ្ធភាពនៃការផលិត ការគ្រប់គ្រង និងការចែករំលែកព័ត៌មានជូនសាធារណជន។
តាមរយៈការដាក់ឱ្យដំណើរការថ្នាល CMP រួមនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន បានបង្កើតមូលដ្ឋានបច្ចេកវិទ្យារួមមួយ សម្រាប់គាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់រដ្ឋនៅថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ថ្នាលនេះក៏បើកលទ្ធភាពសម្រាប់ការពង្រីកការប្រើប្រាស់ទៅកាន់ស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗទៀតនាពេលអនាគត។
ការអភិវឌ្ឍនេះ ជាជំហានមួយក្នុងការពង្រឹងអធិបតេយ្យភាពឌីជីថល សន្តិសុខប្រព័ន្ធ និងចីរភាពនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់រដ្ឋ ព្រមទាំងរួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថលរបស់ស្ថាប័នសាធារណៈ និងការផ្តល់ព័ត៌មានផ្លូវការដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕



